រៀន​​ធ្វើចិត្តឱ្យត្រជាក់ កុំមើលគេក្នុងផ្លូវអាក្រក់ខ្លាំងពេក នោះ​ជីវិត​និង​បាន​ប្រសើរ

ជុំវិញ​ឧកញ៉ា

ការសម្លឹងមើលអ្នកដទៃក្នុងផ្លូវអាក្រក់ ពុំបានធ្វើឱ្យយើងទទួលបានផលចំណេញអ្វីនោះទេ គឺរឹតតែធ្វើឱ្យយើងភាពសៅហ្មងក្នុងចិត្ត ព្រោះចិត្តរបស់យើងពុំមានសេចក្តីសុខ ពុំមានសេចក្តីស្ងប់ ។ អ្នកខ្លះ គ្រាន់តែគេធ្វើអ្វីមិនត្រូវចិត្តក៏ច្រឡោតខឹង អ្នកខ្លះ គ្រាន់តែគេរូបរាងមិនស្អាត ហើយចូលចិត្តនិយាយត្រង់(មាត់ដាច)ក៏ស្អប់គេ អ្នកខ្លះគ្រាន់តែគេរិះគន់ ក៏គុំកួនគេ អ្នកខ្លះគ្រាន់តែគេក្រ ឬមានជាងខ្លួន ក៏ខឹង ស្អប់ និងគិតថាគេជាមនុស្សអាក្រក់ ឬជាមនុស្សមិនល្អជាដើម។




សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការមើលគេដោយក្តីស្អប់ ដោយគំនិតអវិជ្ជមាន នឹងធ្វើឱ្យយើងក្លាយជាមនុស្សទើសទាស់ គ្រប់រឿង ហើយបើចំពោះមិត្តភក្តិ ឬសាច់ញាតិបងប្អូន ជាពិសេសដៃគូជំនួញវិញ នឹងធ្វើឱ្យចំណងមិត្តភាព ឬទំនាក់ទំនងមិត្តភាពបែកបាក់ ពិសេស នឹងធ្វើឱ្យយើងមានបញ្ហាផ្លូវចិត្ត កាន់តែធ្ងន់ធ្ងរផងដែរ។

ការមើលគេក្នុងផ្លូវអាក្រក់ ឬផ្លូវមិនល្អ ក៏នឹងធ្វើឱ្យយើងមើលឃើញតែភាពខ្មៅងងឹតពីអ្នកដទៃតែម្តង គឺមានន័យថា ទោះគេធ្វើអ្វីល្អប៉ុណ្ណាខុស ធ្វើអ្វីក៏មិនល្អ ធ្វើអ្វីក៏មិនត្រូវចិត្ត ហើយនឹងធ្វើឱ្យចិត្តយើង រកាំជានិច្ច មិនអាចរស់នៅបានស្ងប់សុខឡើយ គឺស្គាល់តែភាពមួរហ្មង។ ដូច្នេះ ដើម្បីភាពរីកចម្រើន ឬភាពស្រស់ស្រាយក្នុងជីវិត សូមកុំធ្វើខ្លួនឯងឱ្យឯកោ ហើយព្យាយាមមើលឱ្យឃើញចំណុចល្អរបស់គេ។

ឧទាហរណ៍ថា បើមាននរណាម្នាក់ មកប្រាប់យើងថា មានគេ និយាយមិនល្អពីយើង គេគុំកួនយើង ឬជាមនុស្សមិនល្អ មិនគួររាប់អានទេ យើងគួរគិតថា នោះគ្រាន់តែជាចំណុចខ្វះខាតរបស់គេ ប៉ុណ្ណោះ។ បើគេស្អប់យើង ជារឿងរបស់គេ គេគុំកួនយើងជារឿងរបស់គេ តែយើងមិនត្រូវខឹង ឬស្អប់ គុំកួនគេ តាមតែអ្វីបានឭតែមួយភ្លែត ឬមួយដងនោះទេ ព្រោះមនុស្សខ្លះ រូបរាង និងសម្តីសំដៅ ពិតជាអាក្រក់មែនហើយ តែចិត្តល្អ ហើយមនុស្សខ្លះទៀត រូបរាងស្អាតសង្ហា តែចិត្តមិនស្អាតឡើយ។ យើងគួរធ្វើចិត្តឱ្យត្រជាក់ កុំឆាប់ឆេវឆាវ កុំគិតអវិជ្ជមានពេក តែត្រូវប្រយ័ត្នប្រយែងជានិច្ច និងត្រូវផ្តល់ឱកាស ឬទុកពេលឱ្យខ្លួនឯង បានពិចារណា ឱ្យបានវែងឆ្ងាយ ព្រោះពាក្យរិះគន់ខ្លះ សុទ្ធជាចំណុចល្អ ដែលយើងខ្វះខាត។ បើធ្វើបែបនេះបាន ទើបធ្វើឱ្យចិត្តយើងសប្បាយរីករាយ បានស្ងប់ ចិត្តសន្តិភាព និងមានសេចក្តីសុខ សុភមង្គលបាន៕







ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

21K Shares