Wow សេដ្ឋីនី ទ្រី ដាណា ទិញ​ថែម Lamborghini ស៊េរី​ផុត​លេខ​មួយ​ទៀត​ហើយ

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

នៅ​ថ្ងៃ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ថ្មី​ទៀត អំពី​សេដ្ឋីនី ទ្រី ដាណា ដែល​ទើប​តែ​កុម្ម៉ង់ Rolls Royce ស៊េរី​ចុង​ក្រោយ​មក​ជិះ​មិន​ទាន់​បាន​ក្ដៅ​គូទ​ផង ស្រាប់​តែ​ឥឡូវ​ទិញ​ថែម​រថយន្ត​ប្រណិត Lamborghini ស៊េរី​កប់​មួយ​គ្រឿង​ទៀត​ក្រោម​លក្ខខណ្ឌ​ពិសេស​បំផុត​១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្ត​ស៊េរី​កប់​នេះ ត្រូវ​បាន​គេ​ឃើញ​បញ្ឈរ​ពីរ​គ្រឿង​នៅ​មុខ​ហាង​ពេជ្រ​របស់​សេដ្ឋីនី​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ គឺ​ពណ៌​ក្រហម​មួយ លឿង​មួយ។ យ៉ាង​ណា តាម​ព័ត៌មាន​អ្នក​នាង ទ្រី ដាណា ទិញ​យក​តែ​មួយ​ប៉ុណ្ណោះ គឺ​ពណ៌​លឿង​ដ៏​ស្រស់​ស្អាត​នោះ។ ចំពោះ​ហេតុផល​ដែល​ឃើញ​រថយន្ត​២​បញ្ឈរ​មុខ​ហាង​នោះ បើ​តាម​ការ​បង្ហើប​ពី​អ្នក​ក្បែរ​សាច់​រឿង​នេះ បាន​ប្រាប់​ថា គឺ​ជា​រថយន្ត​ដែល​ហ្គារ៉ាស​ក្នុង​ស្រុក​មួយ យក​មក​សេដ្ឋីនី​មើល និង​ជ្រើស​រើស​ដល់​ហាង​តែ​ម្ដង។

លក្ខខណ្ឌ​នេះ គឺ​ពិសេស​បំផុត​សម្រាប់​ផ្ដល់​ជូន​អតិថិជន​កម្រិត VIP ប៉ុណ្ណោះ។ “បាទ ឡាន​ទាំង​ពីរ​ហ្នឹង ហ្គារ៉ាស់ យក​មក​ឲ្យ​គាត់​មើល អោយ​គាត់​រើស ដោយ​សារ​គាត់​ភ្ញៀវ VIP”។ ប្រភព​អនាមិក​ថ្លែង។

ចុង​ក្រោយ​បំផុត​លោក​ស្រី ទ្រី ដាណា បាន​សម្រេច​រើស​យក​ពណ៌​លឿង។ រថយន្ត​នេះ តាម​ប្រភព គឺ​រថយន្ត​ម៉ាក Lamborghini URUS ស៊េរី​ឆ្នាំ ២០២០។ ដោយ​ឡែក​តម្លៃ​វិញ មាន​តម្រុយ​ថា ខ្ទង់​ប្រមាណ​ជាង ៥០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

នេះ​គឺ​ជា​រថយន្ត ប្រណិត​ទី​២ ដែល​ថៅកែ​ពេជ្រ ទ្រី ដាណា បាន​បញ្ជា​ទិញ​ក្នុង​រយៈ​ពេល​ត្រឹម​ជាង ១ខែ។ កាល​ពី​ខែ​មុន លោក​ស្រី ទ្រី ដាណា បាន​ទិញ Rolls-Royce Cullinan ប្រភេទ SUV លើក​ដំបូង​បំផុត​ក្នុង​អំបូរ​រថយន្ត​ប្រណិត​ម៉ាក​នេះ។ កាល​ណោះ មាន​តំណឹង​ថា ថៅកែពេជ្រ ចូល​ចិត្ត​សិល្បៈ​រូប​នេះ បាន​ទិញ​រថយន្ត​ដ៏​ប្រណិត​ខាង​លើ​នេះ ជាមួយ​តម្លៃ​ជិត​១លាន​ដុល្លារ​អាមេរិក​ឯណោះ។

ឥឡូវ​ដូច​បាន​ឃើញ ទ្រី ដាណា ក៏​ទិញ​បន្ថែម​នូវ​រថយន្ត Lamborghini ដ៏​ប្រណិត​នេះ​ទៀត ដែល​តាម​ប្រភព​បង្ហើប​ថា នេះ​គឺ​ជា​ស៊េរី​កប់​បំផុត​របស់ អំបូរ Lamborghini នេះ​​ហើយ​គិត​ត្រឹម​ពេល​នេះ ហើយ​វា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ Lamborghini URUS 2020៕

ប្រភព៖ Sabay