សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​បរទេសមួយ ​យកឈ្មោះ​សម្ដេច ទៅ ធ្វើ​អា​ជីក​ម្ម​

សង្គម​និង​សេដ្ឋកិច្ច

នៅ​យប់​ថ្ងៃទី​១៦ ឧសភា​នេះ សម្ដេច ហ៊ុន សែន បានចេញ​ប្រតិកម្ម​បដិសេធ​នឹង​ក្រុមហ៊ុន​បរទេសមួយ ឈ្មោះ​GCG Asia Co., LTD ដែល​បាន​យក​រូបថត​សម្ដេច ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន (http://gcgasiacoin.com/) ដែល​សរសេរថា សម្ដេច​គឺជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ គោលបំណង​របស់​ក្រុមហ៊ុន​នេះ គឺ​ចង់​ប្រើ​ឈ្មោះ​សម្ដេច ហ៊ុន សែន បើកផ្លូវ​អា​ជី​កម្ម​របស់ខ្លួន​។​

​ប្រមុខ​រដ្ឋាភិបាល ដែល​ទើប​ទទួលបាន​ព័ត៌មាន​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ខាងលើនេះ​គឺ​មិន​ពិត​ទេ​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​ជាបន្ទាន់​»​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​អម​ជាមួយនឹង​ពាក្យ​ថា​ដំណឹង​សន្តិសុខ​ជាតិ​ជាបន្ទាន់​នោះ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ក្រុមហ៊ុន​ខាងលើនេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា ទៅ​ប្រកាសថា​ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព Crypto Currency ទៀតផង​។ 

 
«​តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា​គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ​ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជីខ្មៅ​( Black List)​។​សូម​ប្រជាពលរដ្ឋ និង​ពាណិជ្ជ​ករទាំង​ក្នុង​និង​ក្រៅប្រទេស​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការ​អនុ​ញ្ញា​ត្តិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​៕



ប្រភព៖ thmeythmey.com