អណ្តូងទឹកអំណោយរបស់អ្នកឧកញ៉ា ប៊ុន ស៊ាងលី ត្រូវបានប្រគល់ជូនពលរដ្ឋ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមលោកវរសេនីយ៍ទោ ឈាង សុវណ្ណរតនា បានដឹកនាំក្រុមការងារ ចុះប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តាមរយៈមហាឧបាសិកា ប៊ុន សាមលេន និងស្វាមី ព្រមទាំង បុត្រ និងចៅៗ ជូនប្រជាពលរដ្ឋរស់នៅឃុំគ្រោល ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកវរសេនីយ៍ទោ ឈាង សុវណ្ណរតនា បានថ្លែងថា «អណ្តូងទឹកស្អាតនេះ នឹងជួយផ្គត់ផ្គង់ទឹកស្អាត និងលើកស្ទួយសុខុមាលភាព ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះ។ ក្រៅពីនេះ ក្រុមការងាររបស់យើង ក៏បានដាំដើមឈើ ជាច្រើនដើម នៅក្បែរសាលារៀន និងអណ្ដូងទឹក ដើម្បីជាម្លប់ និងលើកកម្ពស់សោភណ្ឌភាពបរិស្ថាន ឱ្យមានភាពស្រស់ស្អាតជាមួយធម្មជាតិពណ៌បៃតង ពិសេសរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងបំផុសនូវការស្រលាញ់ធម្មជាតិទៀតផង»។

ក្នុងឱកានោះ លោកវរសេនីយ៍ទោរូបនេះ ក៏បាននាំយកនូវសម្ភារប្រើប្រាស់ និងសិក្សា ជូនសិស្សានុសិស្ស ជាមួយនឹងថវិកាមួយចំនួនទៀតផងដែរ។ ក្រុមការងាររបស់លោក បានប្ដេជ្ញានឹងបន្ដអភិវឌ្ឍភូមិឃុំ នៅក្នុងស្រុកនេះ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ជាពិសេសជួយលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ។

ទន្ទឹមនឹងនោះ លោកក៏បានជំរុញលើកទឹកចិត្ដដល់ពលរដ្ឋនៅទីនោះ ជួយថែរក្សាអណ្ដូងទឹកនេះ ឱ្យបានគង់វង្សយូរអង្វែង ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរដោយ រស់នៅស្អាត ហូបស្អាត និងពិសាទឹកឆ្អិនជានិច្ច ជាពិសេស រួមគ្នាការពារ ទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យកើតមានដល់ខ្លួន ឬចម្លងដល់គ្រួសារ និងសហគមន៍។ មួយវិញទៀត ត្រូវចេះស្រឡាញ់រាប់អានយកអាសាគ្នាទៅវិញទៅមក និងចៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីបង្ការពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

សូមជម្រាបថា អណ្ដូងទឹកស្អាត ដែលជាអំណោយរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវបានប្រគល់ជូនពលរដ្ឋរស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានចំណាយអស់ទឹកប្រមាណ ៤លានរៀល៕

ប្រភព ៖freshnewsasia.com