បង្ហាញ​អាយុកាល​កុលាល ភាជន៍ ជិត ៣០០ ដែលចាប់បានពីជន​ជាតិ​វៀត​ណាម​ នៅខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមការងារនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ចុះពិនិត្យនិងវាយតម្លៃកុលាល​ភា​ជន៍​ចំនួន២៨៤ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីរឹបអូសពីជន​ជាតិ​វៀត​ណាម។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយពីអ្នក​ជំនាញ​បានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់​​​​​​​​ ក្រុមការងារអាចសនិ្នដ្ឋានបានថា​​ ភាជន៍ទាំង២៨៤ ជាភាជន៍បុរាណដែលមានអាយុកាលក្នុងចន្លោះពីស.វទី១៥ ដល់១៧នៃគ.ស.។

សូមរំលឹក​ថា កុលាលភាជន៍ចំនួន ២៨៤ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុរឹបអូសបានពីជនជាតិវៀត​ណាម​ឈ្មោះ ឡេ វាន់ហួន កាលពីថ្ងៃទី២៧ ខែកញ្ញា។ កុលាលភាជន៍ ត្រូវបានជនជាតិវៀតណាមរូបនេះស្រង់ចេញពីបាតសមុទ្រ ក្នុងភូមិសាស្ត្រសមុទ្ររាម ដែល​ចន្លោះ​​រវាងកោះតាគៀវ និងកោះឬស្សី រួចយកមករក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនដែល​មានទីតាំង​ស្ថិតនៅក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

តាមសេចក្តីសម្រេចរបស់ព្រះរាជអជ្ញារង និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានប្រគល់កុលាលភាជន៍ទាំងនោះជូនមន្ទីរវប្បធម៌ខេត្ត យកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិ។ រីឯជន​សង្ស័យ​ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ