ដួលហើយចេះក្រោកឡើងវិញ ទើបជាមនុស្សអស្ចារ្យ

ជុំវិញ​ឧកញ៉ា

ជាទូទៅ នៅក្នុងសង្គមមនុស្សយើង ចាប់ពីថ្ងៃ ដែលយើងកើត រហូតលាចាកលោកទៅវិញ គ្មានបុគ្គលណាម្នាក់ អាចរស់នៅដោយភាពរលូន ស្រស់ស្រាយ សប្បាយចិត្ត មានសុភមង្គល ដោយគ្មានឧបសគ្គ ឬគ្មានបញ្ហា ក្នុងជីវិត នោះទេ។ គឺរមែង ជួបនូវបញ្ហា ឧបសគ្គ ភាពរកាំរកូសក្នុងជីវិត មិនចេះចប់មិនចេះហើយ ហើយជីវិតខ្លះទៀត ចប់ពីរឿងមួយ ចប់ពីបញ្ហាមួយ ចូលរឿងមួយ គឺដោះស្រាយមិនចេះអស់។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ការជួបនូវរឿងរ៉ាវបែបនេះ បុគ្គលខ្លះ ក៏តស៊ូអត់ធ្មត់ ក្រោកឈរឡើង ដើម្បីប្រឈមនឹងការពិត រហូត ទទួលបានជោគជ័យ ហើយជាទូទៅ បុគ្គលជោគជ័យ គឺច្រើនតែកើតចេញពី បុគ្គលដែលធ្លាប់ ឬឆ្លងកាត់បញ្ហាក្នុងជីវិតច្រើន ព្រោះជីវិត ដែលជួបបញ្ហា ជួបឧបសគ្គកាន់តែច្រើន គឺធ្វើឱ្យជីវិតគេ កាន់តែមានឱកាសសិក្សារៀនសូត្រ ពីបទពិសោធ នៃបញ្ហាទាំងនោះបានដោយងាយស្រួល។ បរាជ័យម្តង មិនមែនជាបរាជ័យទេ បរាជ័យពីរដង ក៏មិនមែនជាបរាជ័យដែរ តែជាបទពិសោធ ដែលយើងទទួលបាន ដែលយើងបានឆ្លងកាត់ប៉ុណ្ណោះ។

សូមកុំបាក់ទឹកចិត្ត កុំអស់សង្ឃឹម នៅពេលយើងធ្វើអ្វីមួយ ឬប្រកបអាជីវកម្មអ្វីមួយ មិនទាន់បានជោគជ័យ។  ដូច្នេះ ដើម្បីភាពជោគជ័យ បើដួលហើយគប្បីចេះក្រោកវិញ ក្រោយពេលដែលយើងដួល ដើម្បីបន្តដំណើរជីវិត ឬអាជីវកម្មរបស់យើងទៅមុខទៀត។ ដួលហើយចេះក្រោកវិញ គឺមានន័យថា ប្រសិនបើយើងរកស៊ីខាត អស់ចុងអស់ដើម យើងបរាជ័យ គឺយើងមិនត្រូវចុះញ៉ម នឹងភាពបរាជ័យនេះទេ យើងត្រូវតែតស៊ូ អត់ធ្មត់ ព្យាយាម រិះរកគន្លឹះថ្មីៗ ល្អៗ មកដោះស្រាយ និងសាកល្បងម្តងទៀត។ ដូចអ្នកផលិតយន្តហោះ ផលិតរថយន្ត ឬផលិតអំពូលម៉ែត្រ ទម្រាំផលិតជាយន្តហោះ ជារថយន្ត ជាអំពូលភ្លើង ឱ្យយើងជិះ ឱ្យយើងប្រើបាន គឺត្រូវចំណាយពេលរាប់សិបឆ្នាំ បរាជ័យរាប់រយលើក ទើបទទួលបានជោគជ័យ។

ចូរចាំថា ដួលហើយចេះក្រោកឈរឡើងវិញ គឺជាបុគ្គលឆ្នើម ឬអស្ចារ្យបំផុត ប៉ុន្តែ សម្រាប់ជនជាតិខ្មែរយើង អ្នកជំនួញខ្លះរកស៊ីខាតម្តងស្បថលែងរកស៊ី។ អ្នកស្រាវជ្រាវខ្លះ ស្រាវជ្រាវបរាជ័យម្តង ស្បថលែងស្រាវជ្រាវទៀត។ ការពិត ការបរាជ័យគ្មានអ្វីដែលគួរឱ្យខ្លាច គួរឱ្យរាងចាលទេ ព្រោះវាក៏ជាមេរៀនដ៏ល្អសម្រាប់យើងរៀនសូត្រដែរ។ ប្រៀបដូចយើង រៀន​ជិះកង់​ រៀនជិះម៉ូតូដំបូងដែរ ប្រសិនបើយើង ជិះហើយដួល។ ដួលម្តង ឬពីរដង ហើយយើងបញ្ឈប់ការរៀនជិះ នោះជីវិតយើង គ្មានថ្ងៃ ដែលអាចចេះជិះកង់ ឬម៉ូតូបានទេ។

ដូច្នេះ ដើម្បីទទួលបានជោគជ័យ និងអាចបន្តដំណើរទៅមុខបានដាច់ខាតយើងត្រូវតែហ៊ានប្រឈមមុខនឹងការពិត ហ៊ានប្រយុទ្ធនឹងបញ្ហា ឬឧបសគ្គ ដោយមិនគេចវេះ មិនបោះបង់ មិនចុះចាញ់ ព្រោះ បើយើងគេចវេះចំពោះបញ្ហា បាក់ស្បាតនៅពេលបរាជ័យលើកទី១ នោះបញ្ហា ឬការបរាជ័យ នឹងកាន់តែរត់មករកយើង ហើយយើងប្រាកដជាមិនអាចស្គាល់ នូវពាក្យថា ជោគជ័យឡើយ។

ដូចឃ្លាខាងដើម ដែលយើងលើកមកនិយាយរួចហើយ លើលោកយើងនេះ គ្មានបុគ្គលណាម្នាក់ មិនធ្លាប់ជួបបញ្ហា មិនធ្លាប់ឈឺចាប់ មិនធ្លាប់បរាជ័យទេ។ គឺតែងតែមានគ្រប់រូប គ្រាន់តែតិចនិងច្រើន។  អ្វីដែលសំខាន់បំផុត នៅទីនេះ គឺយើងលើកទឹកចិត្តថា ប្រសិន​បើ​ជួបបញ្ហា ឬបរាជ័យអ្វីមួយ គប្បីកុំបោះបង់ ឬរត់ចោលបញ្ហា ត្រូវតែប្រឈម ហើយដោះស្រាយមួយជំហានម្តងៗ ទៅតាមលទ្ធភាព ដែលយើងអាចធ្វើទៅរួច ព្រោះបើយើងគេចវេះពីបញ្ហា ឬបាក់ស្បាតនៅពេលបរាជ័យនោះ នោះជីវិត យើង នឹងមិនអាចក្លាយជាបុគ្គលជោគជ័យរហូត។ ការដោះស្រាយបញ្ហា គឺអាចទៅជួបអ្នកជំនាញ ដើម្បីសុំគេពិគ្រោះយោបល់ ថាតើយើង គួរធ្វើអ្វី? ឬធ្វើដូចម្តេចបន្តទៀត ទើបល្អ?

បុគ្គលជោគជ័យ បុគ្គលឆ្នើម បុគ្គលអស្ចារ្យលើលោក ជាបុគ្គលដែលមិនព្រមបោះបង់ មិនព្រមចុះចាញ់ ចំពោះឧបសគ្គ និងជាបុគ្គលដែលហ៊ានប្រឈមមុខដោះស្រាយបញ្ហាទាំងឡាយ ដែលកើតឡើងក្នុងជីវិត ប្រកបដោយភាពអត់ធ្មត់ ទំនួលខុសត្រូវ និងម្ចាស់ការ និងថ្លៃថ្នូរបំផុត៕



ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី