ជំនន់ទឹកភ្លៀងបានផ្តាច់ជីវិតពល​រដ្ឋ​១០នាក់ និងបំផ្លាញផ្លូវ ស្ពាន ផ្ទះ រាប់ម៉ឺនខ្នង

សង្គម​និង​សេដ្ឋកិច្ច

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការគ្រោងទុក្ខក្នុងដំណើរចុះពិនិត្យស្ថានភាពរងគ្រោះដោយទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម នឹងចុះទៅកាន់ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។

ឥទ្ធិពលសម្ពាធទាប និងព្យុះ បានធ្វើឱ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិច។ ខេត្តបាត់ដំបង និងពោធិ៍សាត់ រងការជន់លិចធ្ងន់ធ្ងរជាងគេ។ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៧ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។

លោកទេសរដ្ឋមន្ត្រី ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។

ទឹកជំនន់នេះ ធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។ ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា។

ក្រៅពីផលដំណាំទឹកជំនន់នេះ បានបំផ្លាញផ្លូវ និងស្ពានជាច្រើនផងដែរ។

រឿងដែលសោកស្តាយខ្លាំងនោះ ទឹកជំនន់នេះ បានបង្កឱ្យប្រជាពលរដ្ឋ ១០នាក់ស្លាប់បាត់បង់ជីវិត និងពីរនាក់បានរងរបួស។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ។ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីទឹកជំនន់នេះ។

ទន្ទឹមនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោ អគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។

បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំជាទីបំផុត។

ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សម្បុរសជនមានលទ្ធភាពជួយផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះ៕

ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ