ក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋមួយ កំពុងរួមចំណែកកាត់បន្ថយលំហូរមូលធនទៅក្រៅប្រទេស

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុង ពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន និងលក្ខន្តិកៈ” របស់ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងការរីកចម្រើននៃទីផ្សារធានារ៉ាប់រង និងធានារ៉ាប់រងបន្ត ក៏ដូចជាការពង្រឹង និងពង្រីកតួនាទីរបស់ក្រុមហ៊ុន “កម្ពុជា រី” ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ជាគោលនយោបាយ គឺគាំទ្រដល់គំនិតផ្តួចផ្តើមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឱ្យក្រុមហ៊ុនធានារ៉ាប់រងឯកជន ដែលជាដៃគូយុទ្ធសាស្រ្តកំពុងមានប្រតិបត្តិការនៅកម្ពុជា ចូលរួមវិនិយោគបន្ថែមនៅក្នុងក្រុមហ៊ុន “កម្ពុជា រី” នៅពេលនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

  លោកជំទាវ បានសម្តែងនូវមោទនភាព និងសេចក្តីរីករាយ ដែលម្ចាស់ភាគហ៊ុនឯកជន បានផ្តល់ជំនឿទុកចិត្តមកលើក្រុមហ៊ុន “កម្ពុជា រី” ក៏ដូចជាជំនឿទុកចិត្តលើសក្តានុពលនៃទីផ្សារធានារ៉ាប់រង និងធានារ៉ាប់រងបន្តនៅកម្ពុជា ជាក់ស្តែងចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដំបូង រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន “កម្ពុជា រី” បានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយលំហូរមូលធនទៅក្រៅប្រទេស តាមរយៈការផ្តល់សមត្ថភាពរក្សាទុកហានិភ័យធានារ៉ាប់រងជាដើម ។ ជាក់ស្តែងក្នុងការប្រតិបត្តិកន្លងមកនេះ ក្រុមហ៊ុន “កម្ពុជា រី” បានបង្កកនូវចំណេះដឹងយ៉ាងច្រើន អំពីប្រវត្តិនៃហានិភ័យនៅក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដែលជាព័ត៌មានស្ថិតិដ៏មានសារៈសំខាន់ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ក្នុងការប្រើប្រាស់ក្នុងប្រតិបត្តិការរបស់ខ្លួនដូចជា៖ ការកំណត់ថ្លៃបានត្រឹមត្រូវជាងមុន ការវិភាគ និងទទួលហានិភ័យបានត្រឹមត្រូវជាងមុន និងមានប្រយោជន៍សម្រាប់អភិវឌ្ឍន៍ផលិតផលថ្មីផងដែរ។

សូមបញ្ជាក់ថា៖ តាមរយៈនៃកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំរបស់កម្ពុជា បានធ្វើឱ្យឧស្សាហកម្មធានារ៉ាប់រង មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងនោះនៅឆ្នាំ២០១៨ កន្លងមក បុព្វលាភធានារ៉ាប់រងដុល នៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា បានឡើងដល់ប្រមាណ ១៩៦លានដុល្លារអាមេរិក កើនឡើង ៣០% ធៀបនឹងឆ្នាំកន្លងទៅ ក្នុងនោះកំណើននេះ បានរុញច្រានដោយការកើនឡើងនៃបុព្វលាភធានារ៉ាប់រងទូទៅ ក្នុងចំនួន ១៥% និងធានារ៉ាប់រងអាយុជីវិត ៥០,៦% ។ ដោយឡែកការចុះហត្ថលេខា ទិញ-លក់ភាគហ៊ុននៅពេលនេះ បានធ្វើឡើងរវាងម្ចាស់ភាគហ៊ុនសាធារណៈ តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងម្ចាស់ភាគហ៊ុនឯកជន ៣ផ្សេងទៀត តំណាងដោយក្រុមហ៊ុន Asian Insurance International (Holding), ក្រុមហ៊ុន Forte Investment Holding Co., Ltd និងក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរិនស៍ ៕