លោកជំទាវ ជា សិរី ឧបការីទេសាភិបាល ទទួលបានពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត”

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ទទួលបានពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត” ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ជា សិរី បានដឹកនាំផ្ទាល់ ដោយបានអភិវឌ្ឍប្រព័ន្ធបាគង ដែលប្រព័ន្ធនេះដើរតួនាទីជាប្រព័ន្ធទូទាត់កន្លោង (Backbone payment system) សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់តភ្ជាប់ទៅនឹងបំណ្តុំរួមតែមួយ។ ប្រព័ន្ធបាគងជាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ស្នូលសម្រាប់ផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាសមាជិក អាចធ្វើប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងប្រព័ន្ធគ្នាទៅវិញទៅមក (Interoperability) ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព មិនគិតកម្រៃសេវាផ្ទេរប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។

ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន (Blockchain) ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

ការដាក់ឱ្យដំណើរការប្រព័ន្ធបាគង គឺជាជោគជ័យថ្មីមួយទៀតដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។