កម្ពុជា​មាន​សង្ឃឹម ADB ផ្តួចផ្តើម​ថវិកា ៩ពាន់លាន ដុល្លារជួយ​លើ​វ៉ាក់សាំង​កូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា​រួម​ទាំង​ប្រទេស​សមាជិក​ដទៃ​ទៀត នឹង​ទទួល​បាន​ការ​គាំទ្រពីធនាគារ​អភិវឌ្ឍ​អាស៊ី ដើម្បី​ទទួល​បាន​វ៉ាក់សាំង​កូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខណៈករណីវិជ្ជមានជាង១៤.៣លាន ត្រូវបានរកឃើញនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលបណ្តាលឲ្យមានមនុស្សស្លាប់ជាង ២០០,០០០នាក់។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ប្រតិបត្តិគំនិតផ្តួចផ្តើម គាំទ្រវ៉ាក់សាំងចំនួន ៩ពាន់លានដុល្លារ ដែលជាអន្តរាគមន៍ គាំទ្រការទទួលបានវ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬ ហៅកាត់ថា APVAX) ដោយ ផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងប្រកបដោយសមធម៌ ដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ របស់ខ្លួន (ដែលរួមមានប្រទេសកម្ពុជាផងដែរ) ខណៈដែលពួកគេ កំពុងចាប់ផ្តើមទិញ និង ដឹកជញ្ជូនវ៉ាក់សាំង កូវីដ១៩ ដែលមានប្រសិទ្ធភាពនិសុវត្ថិភាព។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa មានប្រសាសន៍ ថា៖ “នៅពេល សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍របស់ ADB ត្រៀមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ឱ្យបានឆាប់ បំផុតតាមដែលអាចធ្វើបាន ប្រទេសទាំងនោះត្រូវការហិរញ្ញប្បទាន ដើម្បីទទួលបានវ៉ាក់សាំង ក៏ដូចជា ផែនការ និងចំណេះដឹងសមស្រប ដើម្បីអាចគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំង ដោយសុវត្ថិភាព ។ APVAX នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់យើងដើម្បីដោះស្រាយ បញ្ហាទាំងនេះ  ជំនះការរាតត្បាត  និងផ្តោតលើការងើបឡើងវិញនៃសេដ្ឋកិច្ច។”

ការផ្តល់ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់វ៉ាក់សាំងនេះ នឹងត្រូវបានផ្តល់ជូន ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត រួមមាន ក្រុមធនាគារ ពិភពលោក អង្គការសុខភាពពិភពលោក (WHO) កម្មវិធីសម្របសម្រួលការទទួលបានជាសកលនូវ វ៉ាក់សាំងកូវីដ១៩ (COVID-19 Vaccines Global Access Facility ឬហៅកាត់ថា COVAX) GAVI ក៏ដូចជា ដៃគូទ្វេភាគី និងពហុភាគីដទៃទៀត។

នៅពេលដែលជំងឺរាតត្បាត នៅតែបន្តកំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ត្រូវបានព្យាករថា នឹងធ្លាក់ចុះ០.៤% នៅឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះ ផលិតផលក្នុងស្រុកសរុបលើកដំបូង នៅក្នុងតំបន់ ចាប់តាំងពីដើមទសវត្ស ១៩៦០ មក៕