ជួបព្យុះខ្យល់ខែរងា លោក សោម សុធា បង្ហើមយុទ្ធសាស្រ្ត ដើម្បីស្តារជាបន្ទាន់វិបត្តិធ្លាក់ថ្លៃពងទា

អាជីវកម្ម

លោក សោម សុធា ម្ចាស់កសិដ្ឋានភូមិពងទា បានថ្លែងតាមបណ្តាញសង្គមនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះថា ក្នុងនាមជាគណ:គ្រប់គ្រង និងជាអ្នកប្រឡូកខ្លួនផ្ទាល់ក្នុងការរៀបចំយុទ្ធសាស្រ្តអាជីវកម្មធ្វើទីផ្សារពងទាក្នុងស្រុកកន្លងមក ខ្ញុំសូមគោរពចូលរួមផ្តល់ជាយោបល់ជូនថ្នាក់ដឹកនាំដែលជាលោកឪពុកអ្នកម្តាយ ឬអាណាព្យាបាលវិស័យកសិកម្ម ឬរៀមច្បងអ្នកមានលទ្ធភាពអាចជួយធ្វើទីផ្សារជូនកសិករបានដើម្បីស្តារជាបន្ទាន់នូវវិបត្តិធ្លាក់ថ្លៃពងទាក្នុងស្រុក ឬផលិតផលនានាក្នុងស្រុក និងអាចជាយុទ្ធសាស្រ្តគាំពារទីផ្សារផលិតផលក្នុងស្រុកតទៅអនាគតកុំអោយជួបបញ្ហាទីផ្សារ បង្ករជាវិបត្តិហិរញ្ញវត្ថុកសិករ កើតជាជំងឺផ្លូវចិត្តផ្នែកកសិកម្ម បាត់បង់ទឹកចិត្តផលិតផលិតផលក្នុងស្រុក បង្ខំចិត្តចំណាកស្រុក លក់ដីធ្លីផ្ទះសំបែងដើម្បីដោះស្រាយជីវភាពឬអាជីវកម្មកសិកម្មបរាជ័យជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សោម សុធា បានចូលរួមផ្តល់យោបល់ដូចខាងក្រោម៖
1. ផ្នែកហិរញ្ញវត្ថុ៖ ពិនិត្យឡើងវិញជាពិសេសនូវកញ្ចប់កម្ចីប្រាក់របស់ធនាគារអភិវឌ្ឍជនបទ ឬកញ្ចប់ជំនួយរបស់រដ្ឋ ដើម្បីទំលាក់កម្ចីឥតការប្រាក់ក្នុងគ្រាអាសន្ន ឬអាត្រាការប្រាក់ទាបបំផុតមួយជូនប្រជាកសិករដែលប្រឈមនឹងបញ្ហាទីផ្សារជាក់ស្តែង ព្រោះបរាជ័យរបស់កសិករនឹងរុញជាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនៅក្នុងសហគមន៍ និងអាចរាលដាលទៅសង្គមទាំងមូលប៉ះពាល់ដល់គោលដៅអភិវឌ្ឍជីវភាពប្រជាជនពីភាពក្រីក្ររបស់ប្រមុខរាជរដ្ឋាភិបាលយើង។

2. ផ្នែកគ្រប់គ្រងការទិញ-លក់ក្នុងស្រុក៖ ចេញសេចក្តីអំពាវនាវ ឬសេចក្តីប្រកាស ឬចេញលិខិតសរសើរបញ្ជាក់ជូនម្ចាស់អាជីវកម្ម ឬម្ចាស់សហគ្រាស ឬអ្នកប្រកបរបរកែរច្នៃរបស់ហូបចុកទាំងនៅរាជធានីខេត្តនានាតាមរយ:ក្រសួង ឬមន្ទីកសិកម្មខេត្តដើម្បីជំរុញការប្រមូលទិញផលិតផលក្នុងស្រុក ក៏ជាឱកាសសម្រាប់ក្រសួង ឬមន្ទីកសិកម្មខេត្តប្រមូលស្ថិតិថ្មីៗបន្ថែមអំពីតម្រូវការផលិតផលក្នុងស្រុកនៅតាមអាជីវកម្មខ្នាតតូច មធ្យម ឬធំនៅលើទីផ្សារ។ ហើយក្រសួង ឬមន្ទីកសិកម្មខេត្ត ក៏រក្សាចំណងមេត្រីភាពបានរវាងអ្នកផលិត និងអ្នកប្រើប្រាស់ក្នុងស្រុកដែលជាគន្លឹះដ៏សំខាន់ក្នុងការរៀបចំលំនឹងទីផ្សារតទៅអនាគត។

3. ផ្នែកគ្រប់គ្រងតម្លៃ និងតម្រូវការទីផ្សារក្នុងស្រុក៖ បង្កើតអោយមានជាសមាគមន៍ធំថ្នាក់ជាតិទៅលើការគ្រប់គ្រងទីផ្សារជាពិសេសតម្លៃទិញលក់ស៊ុត ឬសាច់ ឬបន្លែជាដើម ដែលជាសមាគមន៍ធំផង និងជាសេនាធិការផ្ទាល់របស់ក្រសួងដើម្បីរួមចំណែកគ្រប់គ្រងការទិញ-លក់ផលិតផលកសិកម្មប្រកបដោយនិរន្តភាព និងការរីកចម្រើនជីវភាពជូនកសិករ។ ហើយសមាគមន៍ធំៗជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងការជួយគ្រប់គ្រងចរន្តទីផ្សារ ឬដោះស្រាយវិបត្តិទីផ្សារ។

4. ផ្នែកគ្រប់គ្រងផលិតផលចែកចាយជំនួយដល់ការចិញ្ចឹមដាំដុះ៖ ការដេញថ្លៃ ឬការបង្ហាញជាពិសេសប្រចាំឆ្នាំជាសាធារណ:មួយជូនជាជម្រើសល្អបំផុតសម្រាប់ប្រជាកសិករនូវក្រុមហ៊ុនចំណីសត្វណាខ្លះ ឬក្រុមហ៊ុនជីណាខ្លះ ឬក្រុមហ៊ុនវេចខ្ចប់ណាខ្លះ ឬក្រុមហ៊ុនកែរច្នៃណាខ្លះជាដើម ដែលធានាគុណភាពដោយការទទួលខុសត្រូវខ្ពស់ជាងគេ ផ្តល់តម្លៃសមរម្យជាងគេ ផ្តល់សេវាកម្មជាពិសេសដល់ប្រជាកសិករជាងគេ ធ្វើដូចនេះលុបបំបាត់ការកាប់ស៊ីឆៅៗរបស់ឈ្មួញអគុណធម៌ដែលរឹតករប្រជាកសិករតាមរយ:តម្លៃថ្លៃ ឬការឆ្ពិនភ្នែក ឬបោកប្រាស់ក្នុងរូបភាពផ្សេង។ ធ្វើដូចនេះ ក្រសួង ឬមន្ទីកសិកម្មខេត្តអាចគ្រប់គ្រងឈ្មួញដែលចែកចាយ ឬផ្គត់ផ្គង់ផលិតផលនានាដែលជ្រោមជ្រែងការចិញ្ចឹមដាំដុះរបស់ប្រជាកសិករយ៉ាងពិតប្រាកដ ឬប្រកបដោយការទទួលខុសត្រូវខ្ពស់។

5. ផ្នែកគ្រប់គ្រងស្លាក ឬសញ្ញាផលិតផល៖ រៀបចំការធ្វើលិខិតបញ្ជាក់ឥតគិតថ្លៃ ឬធ្វើស្លាកឈ្មោះបញ្ជាក់ផលិតផលរបស់កសិករឥតគិតថ្លៃ ឬធ្វើជាសញ្ញាបញ្ជាក់ដោយក្រសួង ឬមន្ទីចំពោះផលិតផលក្នុងស្រុកឬចំពោះអាជីវករ ឬភ្នាក់ងារចែកចាយផលិតផលក្នុងស្រុក ដើម្បីអោយអតិថិជនងាយស្រួលស្គាល់ ឬចំណាំ ឬជួយគាំទ្រ ប្រកបដោយទំនុកចិត្តតាមរយ:ការបញ្ជាក់ពីក្រសួង ឬមន្ទីពាក់ព័ន្ធរបស់រដ្ឋ ហើយបើមានបញ្ហាក្លែងបន្លំណាមួយកើតឡើងដើម្បីឆ្ពិនភ្នែកក្នុងទីផ្សារដែលរកឃើញដោយប្រការណាមួយនោះ គឺងាយស្រួលដោះស្រាយ ឬចាត់ការទៅតាមនីតិវិធី។ ធ្វើដូចនេះ នឹងកាត់បន្ថយការបន្លំនាំចូលដោយគ្មានការអនុញ្ញាត ឬអាចផ្តល់ជាជម្រើសច្បាស់លាស់ជូនអតិថិជនជាពិសេសអតិថិជនដែលគាំទ្រផលិតផលជាតិ។

6. ផ្នែកគ្រប់គ្រងការកែច្នៃជាផលិតផលសម្រេច និងបង្កើតទីផ្សារអន្តរជាតិ៖ តាមរយ:សមាគមន៍ធំថ្នាក់ជាតិដែលតំណាងអោយស៊ុត ឬសាច់ ឬបន្លែជាដើម ហើយក៏ជាសេនាធិការផ្ទាល់របស់ក្រសួង ចូលរួមគៀងគរកិច្ចសហការធុរកិច្ចអន្តរជាតិផ្តោតលើការសហការណ៍បច្ចេកទេសកែរច្នៃផលិតផលសម្រេចក្នុងស្រុក ការវេចខ្ចប់ប្រកបដោយស្តង់ដារអន្តរជាតិ ការគ្រប់គ្រងគុណភាព ឬការសហការណ៍នាំចេញជាផលិតផលសម្រេចកាន់តែច្រើនមុខ។ ធ្វើដូចនេះ នឹងផ្តល់គុណតម្លៃសម្រាប់កសិករផលិត បង្កើតការងារក្នុងស្រុក ជំរុញភាពច្នៃប្រឌិត ជាពិសេសលើកកំពស់ការនាំចេញជាផលិតផលសម្រេចដែលបានតម្លៃកាន់តែល្អប្រសើរជាជាងការនាំចេញវត្ថុធាតុដើមដែលប្រឈមនឹងទីផ្សារតម្លៃទាប។

7. ផ្នែកគ្រប់គ្រងជំនួយបច្ចេកវិទ្យា៖ បញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំនួយចិញ្ចឹមដាំដុះ ឬការទិញ-លក់ ឬការតាមដានព័ត៌មាន ប៉ុន្តែកុំទាន់ចាត់ចូលជាអតិភាពក្នុងការអនុវត្តព្រោះកសិករជាច្រើននៅខ្វះជំនាញ ខ្វះចំណេះដឹងសម័យថ្មី ឬតាមមិនទាន់ដោយសារប្រវត្តិកំរិតវប្បធម៌របស់គាត់តាំងពីក្មេងៗ។

8. ផ្នែកផែនការទីផ្សារ៖ រៀបចំផែនការទីផ្សារជូនកសិករប្រចាំឆ្នាំជាពិសេសបង្ហាញពីព័ត៌មាននានា ឬយុទ្ធសាស្រ្តនានាដើម្បីឆ្លើយតបនឹងរលកតម្រូវការទីផ្សារឡើងចុះទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ ធ្វើដូចនេះ ប្រជាកសិករអាចដឹងទុកជាមុននូវការត្រៀមខ្លួនចូលរួមផលិតផ្គត់ផ្គង់ប្រចាំឆ្នាំរបស់ខ្លួន។

លោកបានបញ្ជាក់ថា យោបល់ទាំងអស់ខាងលើ គ្រាន់តែជាការឆ្លុះបញ្ចាំងគំនិតចូលរួមរបស់យុវជនជំនាន់ក្រោយម្នាក់ដែលប្រឡូកខ្លួនផ្ទាល់ប៉ុន្មានឆ្នាំកន្លងមកនេះក្នុងការចូលរួមជំរុញទីផ្សារផលិតផលក្នុងស្រុកតាមរយ:ការបង្កើតអាជីវកម្មនានា។

ហើយលោកក៏សូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រសួងមន្ទីដែលបន្តកិច្ចខិតប្រឹងប្រែងជួយដល់ប្រជាកសិករ ឬយកចិត្តទុកដាក់ជានិច្ចជាកាលចំពោះវិស័យកសិកម្មតួយ៉ាងដូចមានសកម្មភាពជាច្រើន ហើយថ្មីៗនេះបានផ្តល់ជំនួយជាពូជស្រូវជូនប្រជាកសិករដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាដើម៕