សាកលវិទ្យាល័យលំដាប់ទី២ លើពិភពលោក និងក្រសួងប្រៃសណីយ៍ រៀបចំបណ្តុះបណ្តាលភាព​ជាអ្នកដឹកនាំ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) សហគ្រិនខ្មែរ (Khmer Enterprise) និងមជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ (Stanford Center for Professional Development) នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលស្ដីពី “ភាពជាអ្នកដឹកនាំសម័យឌីជីថលនិងការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា” ដើម្បីអភិវឌ្ឍជំនាញសំខាន់ៗស្របតាមការប្រែប្រួលនៃ​បច្ចេកវិទ្យាឌីជីថល សម្រាប់មន្ត្រីរាជការនិងថ្នាក់ដឹកនាំមកពី​វិស័យឯកជនចំនួន ១០០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីបណ្តុះបណ្តាលនេះ នឹងសិក្សាតាមប្រព័ន្ធអនឡាញ ដោយប្រើកម្មវិធីសិក្សារបស់ “មជ្ឈមណ្ឌល Stanford សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ” នៃសាកលវិទ្យាល័យស្ទែនហ្វដ (Stanford University) ដែលជាសាកលវិទ្យាល័យឈានមុខលំដាប់ទី២ លើសកលលោក។ អ្នកចូលរួមនឹងសិក្សាពីកត្តាគន្លឹះជំរុញការផ្លាស់ប្តូរឌីជីថល ជំនាញចាំបាច់ និងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពសម្រាប់អនុវត្តការងារ និងគ្រប់គ្រងនៅក្នុងអង្គភាពប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្មវិធីនេះមានគោលដៅអភិវឌ្ឍបន្ថែមជំនាញភាពជាអ្នកថ្នាក់ដឹកនាំដើម្បីជំរុញនិងគាំទ្រដល់ការអនុវត្តគោលនយោបាយឌីជីថល និងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ដើម្បីសម្រួលដល់ការរៀបចំដំណើរការកម្មវិធីប្រកបដោយប្រសិទ្ធភាព សហគ្រិនខ្មែរ នឹងជួយសម្រប​សម្រួលកំណត់សមាសភាពអ្នកចូលរួមសក្ដានុពលមកពីវិស័យសាធារណៈ និងវិស័យឯកជន ហើយសាកល​វិទ្យាល័យអាមេរិកកាំង​ភ្នំពេញ នឹងសម្របសម្រួលការសិក្សា។ កម្មវិធីនេះនឹងត្រូវបានរៀបចំនៅរាជធានីភ្នំពេញដោយមានការគាំទ្រពីមជ្ឈមណ្ឌល AUPP សម្រាប់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD) ដែលដឹកនាំដោយលោកបណ្ឌិត Guido Gianasso និង សហគ្រិនខ្មែរ ដែលដឹកនាំដោយបណ្ឌិត ឈៀង វណ្ណមុនិណ្ណ៕