ក្រុមហ៊ុន​អ្នកឧកញ៉ា​គិត ម៉េង ចាប់ដៃ​ក្រុមហ៊ុន​ PTT ជំរុញ​អាជីវកម្មនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានអ្នកឧកញ៉ា​គិត ម៉េង ជា​អគ្គនាយក និង​តំណាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ PTT ដែលមាន​​លោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុនប្រចាំ​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខាយោគយល់ លើ​ការ​សហការ​ដើម្បី​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុងប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា​គិត​ ម៉េង ថ្លែង​ថា នៅក្នុងផ្នែកមួយនៃអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ភីធីធី ខេមបូឌានឹងស្វែងរកឱកាសដើម្បីសហការគ្នាអភិវឌ្ឍដំណោះស្រាយទូទាត់ សេវាកម្មហិរញ្ញវត្ថុ ការលក់ និងការធ្វើទីផ្សារទូទាំងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនភីធីធី។

លោក Songpon Thepnumsommanus នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី​ប្រចាំ​ប្រទេស​កម្ពុជា​បានឲ្យដឹងថា ក្រុមហ៊ុន PTT Cambodia បានទន្ទឹងរង់ចាំការសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

លោកបានថ្លែងថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនពោរពេញទៅដោយជំនាញដែលនឹងជួយពង្រីកវត្តមានរបស់ PTT នៅក្នុងប្រទេសកម្ពុជា​បន្ថែម​ទៀត។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែល​មាន​អ្នក​ឧកញ៉ា​គិត ម៉េង ជា​អគ្គនាយកជា​ក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍចម្រុះដែលមានក្រុមហ៊ុនជាង៣០ ស្ថិតក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពលអគ្គិសនី និងការអភិវឌ្ឍអចលនទ្រព្យ។

ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីតធីត (ភីធីធីស៊ីអិល) គឺជាក្រុមហ៊ុនប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃ ដែលផ្គត់ផ្គង់ ចែកចាយ និងលក់ប្រេងនៅលើទីផ្សារនិងផលិតផលពាក់ព័ន្ធនានា។ បន្ថែមពីលើអាជីវកម្មប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី ក៏មានអាជីវកម្មផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto៕