​ក្រសួងកសិកម្ម បញ្ជាក់អំពីមូលហេតុ តម្លៃ​ផ្លែស្វាយ​ធ្លាក់​ថ្លៃ​

សង្គម​និង​សេដ្ឋកិច្ច

​មូល​ហេតុដែល​បណ្តាល​ឲ្យ​តម្លៃ​ផ្លែស្វាយ​ធ្លាក់​ថ្លៃ​៤០០​ទៅ​៥០០​រៀល​ក្នុង​១​គីឡូ​ ដោយសារ​ជា​រដូវ កាល​ប្រមូល​ផល​ផ្លែស្វាយ​ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេស​ផ្សេងៗ ដែល​បណ្តាល​ឲ្យ​មាន​បរិមាណ​ផ្លែ​ស្វាយ​ជន់​ច្រើន​លើស​លប់​ នៅ​លើ​ទីផ្សារ​។ នេះបើតាមការអះអាងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។​

​​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា​តម្លៃ​ផលិតផល កសិកម្ម រួមទាំង ផ្លែស្វាយ​មានការ​ប្រែប្រួល​ឡើង ចុះ​មិន​ទៀងទាត់ តាម​រដូវ​កាល និង​អាស្រ័យ​លើ​ទំហំ នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នា​ដើម​ឆ្នាំនេះ ផ្លែស្វាយ​មានតម្លៃ​ល្អប្រសើរ ប៉ុន្តែ​ចាប់ពី​ដើមខែ​កុម្ភៈ មកទល់​បច្ចុប្បន្ននេះ តម្លៃ​ផ្លែស្វាយ​កំពុងមាន​ការធ្លាក់ចុះ ដោយសារ​ជា​រដូវ កាល​ប្រមូល​ផល ផ្លែស្វាយ​នៅ​កម្ពុជា និង​នៅ​ប្រទេស​ផ្សេងៗ ដែល​បណ្តាល​ឲ្យ​មាន​បរិមាណ ផ្លែស្វាយ​ជន់​ច្រើន​លើស លប់​នៅលើ​ទីផ្សារ ស្របពេល​សកម្មភាព​សេដ្ឋកិច្ច​ទូទៅ កំពុងស្ថិត​នៅក្រោម​ឥទ្ធិពល​អវិជ្ជមាន នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ដើម្បី​រក្សា​បាន​ស្ថិរភាព តម្លៃ​សមស្រប និង​មាន​ទីផ្សារ ក្រសួង​អំពាវនាវ​ដល់​អ្នក​ដាំ​ដុះ​ដំណាំ​ស្វាយ​ទាំងអស់ ត្រូវធ្វើ​ការចុះបញ្ជី​កសិដ្ឋាន ដាំ​ស្វាយ សម្រាប់​នាំចេញ នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ងាយស្រួល​ទទួលបាន​ព័ត៌មាន និង​សេវា​បណ្តុះបណ្តល​ប​ច្ចេកទេស ក្នុងការ​បង្កើន​ផលិតភាព និង​គុណភាព​ផ្លែស្វាយ ស្របតាម​ស្តង់ដារ ព្រមទាំង​រៀបចំ​ចងក្រង ជា​បណ្តុំ​អាជីវកម្ម​ស្វាយ សម្រាប់​ទំនាក់​ទំនងជា​មួយ ក្រុមហ៊ុន​ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​ចុះកិច្ចសន្យា​ប្រមូល​ទិញ ធ្វើការ​កែច្នៃ​និង​នាំចេញ​។

«​ក្នុង​គោលដៅ​ចូលរួមចំណែក​លើកកម្ពស់​តម្លៃ ផលិតផល​ផ្លែស្វាយ​នៅលើ​ទីផ្សារ និង​បង្កើន​ប្រាក់ចំណេញ ជូន​អ្នក​ផលិត ក្រសួងកសិកម្ម បាន​ខិតខំ​ស្វះ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ផ្លែស្វាយ​សំខាន់ៗ តាមរយៈ​ការចរចា​លើ​វិធាន​បច្ចេកទេស​អនាម័យ និង​ភូតគាម​អនាម័យ​ជាមួយ​បណ្តា​ប្រទេស មាន​សក្ដានុពល​មួយចំនួន ដូចជា ប្រទេស​កូរ៉េ ប្រទេស​ចិន និង​ប្រទេស​ជប៉ុន ជាដើម​។ ការសម្រេចបាន​នូវ​ការព្រមព្រៀង​គ្នា​ជា មួយ​ប្រទេស​កូរ៉េ​ស្ដីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ចាប់ផ្តើម​ការ នាំចេញ​ផ្លែស្វាយ​ស្រស់ ទៅកាន់​ប្រទេស​កូរ៉េ​តាំងពី ខែមករា ឆ្នាំ​២០២០»​។ ក្រសួង​បាន​បន្ថែមថា​ ដោយឡែក ការចរចា​ជាមួយ​ភាគី​ចិន សម្រេច​បាន​ការព្រមព្រៀង​គ្នា លើ​ពិធីសារ​ស្តីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ នៅ​ខែមិថុនា ឆ្នាំ​២០២០​កន្លងមក ក៏ប៉ុន្តែ​ដំណើរ​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត រោងចក្រ​ប្រព្រឹត្តិកម្ម សម្លាប់​ពង​រុយ​ចោះ ផ្លែ​ស្វាយ ដែល​វិនិយោគ​ដោយ​ផ្នែក​ឯកជន មានការ​យឺតយ៉ាវ​ដោយសារ​ឥទ្ធិពល នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩៕​