អ្នកឧកញ៉ា គិត ម៉េង៖នៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សុខភាពនិងសុខុមាលភាពរបស់បុគ្គលិកគឺពិតជាសំខាន់ណាស់

ជុំវិញ​ឧកញ៉ា

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩នៃក្រសួងសុខាភិបាល ក្នុងក្របខណ្ឌទូទាំងប្រទេស សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសពីការបង្កើតមណ្ឌលចាក់វ៉ាក់សាំងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងគោលបំណងផ្ដល់វ៉ាក់សាំងការពារដល់បុគ្គលិកប្រមាណ ១២០០នាក់ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា នៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សុខភាពនិងសុខុមាលភាពរបស់បុគ្គលិកគឺពិតជាសំខាន់ណាស់សម្រាប់យើង។ កម្មវិធីចាក់វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ការការពារដល់បុគ្គលិកជួរមុខ ក៏ដូចជាបុគ្គលិកទាំងអស់ដែលបានស្ម័គ្រចិត្តទទួលវ៉ាក់សាំងនេះផងដែរ ក្រោមការជំរុញទឹកចិត្តនិងការគាំទ្រដ៏ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកថា វ៉ាក់សាំងបង្ការ​ ជាស្រទាប់ការពារបន្ថែមសម្រាប់បុគ្គលិករបស់យើង ជាពិសេសសម្រាប់ក្រុមការងារដែលប្រឈមនឹងហានិភ័យក្នុងពេលបំពេញកិច្ចការរបស់ខ្លួន ព្រមទាំងអាចជួយឲ្យក្រុមហ៊ុនរបស់យើងបន្តបម្រើអតិថិជនឲ្យកាន់តែល្អប្រសើរ នៅក្នុងវិស័យទូរគមនាគមន៍ ធនាគារនិងហិរញ្ញវត្ថុ ផ្លូវដែកនិងដឹកជញ្ជូន សេវាកម្មម្ហូបអាហារ ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យសំខាន់ៗផ្សេងទៀតដែលពួកយើងកំពុងធ្វើប្រតិបត្តិការ។

អ្នកឧកញ៉ាបានបញ្ជាក់ថា មណ្ឌលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងអនុវត្តស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងសុខាភិបាល ដើម្បីធានាថា វ៉ាក់សាំងនឹងត្រូវបានចាក់ជូន ដើម្បីការពារបុគ្គលិករបស់យើងដោយពុំមើលរំលងនរណាម្នាក់ឡើយ៕

ទស្សនាវីដេអូ៖