អ្នក​គាំទ្រ​ប្រលោមលោក រំភើប​ចិត្ត​ចំពោះ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​វេបសាយ​នៃ​អ្នក​និពន្ធ​ផ្ទាល់

កម្សាន្ត

កំណើន​អ្នក​អាន​សៀវភៅ បាន​ធ្វើ​ឲ្យ​វិស័យ​តែង​និពន្ធ​កាន់​តែ​រីក​ដុះដាល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ស្រប​ពេល​នេះ​ដែរ​ អ្នក​និពន្ធ​ ម៉ីសន សុធារី​ បាន​ដាក់​សម្ពោធ​​​ឲ្យ​ប្រើប្រាស់​វេបសាយ​បែប​ឌីជីថល​របស់​អ្នក​និពន្ធ​ផ្ទាល់​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​វេបសាយ​បែប​ឌីជីថល ​​ជា​ការ​​ជួយ​សម្រួល​ដល់​មិត្ត​អ្នក​អាន ​ក៏​ដូចជា​ហ្វេន​ដែល​កំពុង​សម្រាក​ធ្វើការ​ពី​ផ្ទះ​ឬ​មិន​អាច​ចេញ​ទៅ​ណា​បាន​ក្នុង​អំឡុង​ពេល​នេះ។

កញ្ញា​​ នាង មុនីច័ន្ទ ជា​សិស្ស​ថ្នាក់​ទី​១២ និង​ជា​សមាជិក MST ហ្វេន​ក្លឹប ​បាន​ប្រាប់​កម្ពុជា​ថ្មី​​ ក្នុង​បទសម្ភាសន៍​ថា ​ប្អូន​​មាន​អារម្មណ៍​​សប្បាយចិត្ត ព្រោះ​ថា​នៅ​ក្នុង​សម័យ​កូវីដ​នេះ នរណា​ក៏​ខ្លាច​រអា​ការ​ឆ្លង​ជំងឺ​ ហើយ​នៅ​ពេល​ដែល​អ្នក​និពន្ធ​​សម្ពោធ​វេបសាយ​ផ្ទាល់ ​​គឺ​ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​អាន​ក្នុង​ការ​ចូល​ទៅ​អាន​រឿង​ថ្មីៗ​របស់​អ្នក​និពន្ធ​​បាន​គ្រប់​ពេល​វេលា​និង​ទី​កន្លែង។

កញ្ញា​ក៏​បាន​បន្ថែម​ជា​ការ​សំណូមពរ​ទៅ​កាន់​អ្នក​និពន្ធ​ថា ​សូម​ឲ្យ​អ្នក​និពន្ធ​ចេញ​រឿង​ស្នេហា​បែប​សិស្ស​វិទ្យាល័យ​ម្ដង​ ព្រោះ​នាង​ចូលចិត្ត​អាន​រឿង​ប្រភេទ​នេះ​ជា​ពិសេស។

កញ្ញា ​អ៊ិន បូបូ

ដោយឡែក​ កញ្ញា ​អ៊ិន បូបូ ជា​ជា​សមាជិក​ទសប៉ាកកា​មួយ​រូបក៏​បាន​ផ្ដល់​ចំណាប់អារម្មណ៏​រំភើបរីករាយដែរ​ថា ​កញ្ញា​មាន​អារម្មណ៍​ថា​ថ្មី ប្លែក ហើយ​ងាយស្រួល​ក្នុង​ការ​អាន គ្រប់​ចំណងជើង​របស់​អ្នក​និពន្ធ​មាន​បង្ហាញ​នៅ​លើ​វេបសាយ​ទាំងអស់ ចឹង​អ្នក​អាន​អាច​ជ្រើសរើស​ចំណងជើង​ដែល​ចង់​អាន​បាន​តាម​ចិត្ត​ និង​កាត់បន្ថយ​ចំណាយ​បាន​ខ្លះ​ បើ​ធៀប​ទៅ​នឹង​ការ​ទិញ​សៀវភៅ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា​ អាន​លើ​ឌីជីថល​ក៏​​មាន​ផល​រំខាន​តិច​តួច​ដល់​អ្នក​ដែល​មិន​ទម្លាប់ បើ​អ្នក​ខ្លះ​គាត់​ស្រឡាញ់​ការ​អាន​លើ​សៀវភៅ​ជាង។ តែ​យ៉ាង​ណា​ការ​បង្កើត​វេបសាយ​អាន​ ​ ជា​ការ​ឈាន​មួយ​ជំហាន​ទៀត​ សមស្រប​នឹង​កាលៈទេសៈ​បច្ចុប្បន្ន ជួយ​សម្រាល​អារម្មណ៍​ស្មុគស្មាញ​ក្នុង​រយៈ​ពេល​តឹងតែង​នេះ​បាន។

សូម​បញ្ជាក់​ដែរ​ថា ​អ្នក​និពន្ធ​ ម៉ីសន សុធារី​ ក៏​បាន​បញ្ចេញ​នូវ​ចំណងជើង​រឿង​ប្រលោម​ទាំង​ស្នេហា​និង​អបិយ​ជំនឿ​​​ខ្លះៗនៅ​លើ​វេបសាយបែប​ឌីជីថល​ថ្មី​ដែល​ទើប​តែ​សម្ពោធ​​ដូចជា ៖ បេះដូង​មេគង្គ , ស្រលាញ់​បង​ជ្រៅ​ជាង​សមុទ្រ , ថ្ងៃ​ណា​មួយ ​និង​ រូប​ខ្មៅ​ស្រអាប់៕