ADB៖សេដ្ឋកិច្ចកម្ពុជា នឹងកើនខ្ពស់ក្នុងឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

សេដ្ឋកិច្ចប្រទេសកម្ពុជា​ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ​ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការ​ងើបឡើង​វិញ​នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។ បើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃ២៨ ខែមេសា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB​ បានមានថ្លែងថា​៖ “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ​ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម​ ឱ្យបានដិត  ដល់។”

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្មត្រូវ បានគេរំពឹងថានឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ ២០២២ ដោយសារការសងើប ឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់​ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃ ឧស្សហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់។ វិស័យកសិកម្មត្រូវបានរំពឹង ថានឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃ វារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ​ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបាន ចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១ កំពុងធ្វើអោយសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹត បន្តឹងការធ្វើ ដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែលមានន័យថា​ វិស័យទេសចរណ៍ មិនត្រូវ បានរំពឹងថាអាចជួយជំរុញកំណើនផ្នែកសេវាកម្មនៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យ​ត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹង ឧស្សាហកម្មសំណង់។

“ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានា​ នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុន មួយចំនួន នៅឆ្នាំនេះ​ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជារួម​ មានការយឺតយ៉ាវ។ ហានិភ័យ ចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាម សហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក​ និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។” លោកស្រី Sunniya Durrani​​ បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ ។

បច្ចុប្បន្ន​ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង ២,១ ពាន់ លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧ លានដុល្លារ​ ហើយបានកៀគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ រួមមានកម្ចីសម្បទានចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បី  គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ១៩ ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕