ក្រសួងការពារជាតិ​រៀបចំ​គ្រូពេទ្យ​ចំនួន​៩០​ក្រុមដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហមជាង​៨០​ម៉ឺន​នាក់

សង្គម​និង​សេដ្ឋកិច្ច

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ​នេះ ក្រសួងការពារជាតិ​បានរៀបចំ​គ្រូពេទ្យ​ចំនួន​៩០​ក្រុម ហើយ​តាម​គម្រោងនឹង​​ធ្វើឡើង​រយៈពេល​១​ខែ ឲ្យ​ហើយ​ទាំងពីរ​ដូ​ស​តែម្ដង​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព កម្ពុជាថ្មី

ការលើកឡើងនេះក្នុងពេល​ស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​ដល់​ប្រជា​ពល​ដ្ឋ​នៅ​តំបន់​ក្រហម ដែល​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន​កង​ព​លលេ​ខ​៧០ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ​។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ លើកឡើងបន្ត​ថា ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ទាំង​៤ ក្រសួងការពារជាតិ​បានរៀបចំ​ក្រុម​ចាក់​ចំនួន​៩០​ក្រុម ហើយ​ក្នុង​មួយក្រុមៗ​មាន​គ្នា​យ៉ាងតិច​ចំនួន​៥​នាក់។ ក្រៅពី​ក្រុម​អ្នក​ចាក់ ក៏មាន​ក្រុម​ផ្សេងៗ​ទៀត​ដូចជា ក្រុម​រៀបចំ​សណ្ដាប់ធ្នាប់ និង​ក្រុម​ថតរូប​ជាដើម ដើម្បី​រៀបចំ​ឯកសារ​សម្រាប់​ការចាក់​លើក​ទី​២​។​

រូបភាព កម្ពុជាថ្មី

បើតាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម មាន​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​ក៏បាន​ចាក់​វ៉ាក់សាំង​រួចហើយ​។ តាម​ការ​សន្និដ្ឋាន​មាន​ប្រហែល​៤៥ ម៉ឺន​នាក់ ដែល​ត្រូវ​ចាក់ ហើយ​ក្នុង​ចំនួន​នេះ ក៏បាន​ត្រៀម​វ៉ាក់សាំង​រួចរាល់​ហើយ​ដែរ ហើយ​​ល្បឿននៃ​ការចាក់​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ តែ​នៅពេល​ចាប់ផ្ដើម​ដំណើរការបាន​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​អាច​ដឹង​ហើយ​។ 

សម្តេច​ពិជ័យ​សេនា​បញ្ជាក់ដែរថា តាម​គម្រោង​យុទ្ធនាការ​នេះ នឹង​ធ្វើឡើង​រយៈពេល​១​ខែ ឲ្យ​ហើយ​ទាំងពីរ​ដូ​ស​តែម្ដង គឺ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែឧសភា នឹង​បញ្ច​ប់ដូ​ស​ទី​០១ ហើយ​ថ្ងៃ​បន្ទាប់​ទៀត គឺ​ត្រូវ​ចាក់​ដូ​ស​ទី​២ តែ​គម្រោង​នេះ អាច​ខុសគ្នា​បន្តិចបន្តួច​៕