ចង់​អភិវឌ្ឍន៍ខ្លួនឯងឱ្យរីកចម្រើន កុំមានទម្លាប់​កើតជំងឺគ្រប់គ្រាន់និយម

ជុំវិញ​ឧកញ៉ា

ជាទូទៅនៅលើលោកយើងនេះ ជំងឺគ្រប់គ្រាន់និយម តែងតែកើតមានលើមនុស្សមួយចំនួន។ ការគ្រប់គ្រាន់និយម មិនមែនសុទ្ធតែជារឿងមិនល្អនោះទេ។ គ្រប់គ្រាន់និយមមានន័យថា មនុស្សចេះស្កប់ស្កល់ មនុស្សអាចស្កប់ស្កល់នូវអ្វីដែលគេមាន។ ប៉ុន្តែ ប្រសិនបើយើងត្រូវការភាពរីកចម្រើន ឬក៏អភិវឌ្ឍន៍ខ្លួនឯងឱ្យរីកចម្រើនទៅមុខ គេមិនគប្បីមានជំងឺគ្រប់គ្រាន់និយមទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព




ជំងឺគ្រប់គ្រាន់និយម មានន័យថា អ្នកខ្លះ ឬយុវជនខ្លះ ក្រោយពេលរៀនចប់បរិញ្ញាបត្រមួយ ឬពីរហើយ ក៏គិតថា ខ្លួនឯងចេះគ្រប់អ្វីៗ ឬចេះចាំចប់សព្វគ្រប់ហើយ មិនចាំបាច់ ឬមិនព្រមរៀនបន្ថែមទៀតឡើយ។ អ្នកខ្លះ ធ្វើការ ឬរកស៊ី បានប្រាក់កាសបន្តិចបន្តួច ឬសមល្មមអាចរស់នៅបាន ក៏មិនព្យាយាមបន្តឱ្យរីកចម្រើនទៅមុខ ព្រោះគេគិតថា អ្វីដែលពួកគេមាន គឺល្មមនឹងអាចរស់បាន។ ប៉ុន្តែ គេមិនបានគិតទៅដល់ពេលវេលាណាមួយ នៅពេលពួកគេត្រូវការជាចាំបាច់នូវថវិកា ដើម្បីធ្វើអ្វីមួយទៀតនោះ តើនឹងត្រូវធ្វើដូចម្តេចឡើយ?

កុំគ្រប់គ្រាន់និយម នៅទីនេះ មានន័យថា ប្រសិនបើយើងមានអ្វីៗ ឬចេះអ្វីៗគ្រប់យ៉ាងហើយ គប្បីធ្វើអ្វីផ្សេង ឬស្វែងរកអ្វីៗបន្តទៀត ដោយកុំគិតថា អ្វីដែលយើងមាននោះ អ្វីដែលយើងចេះនោះ ល្មមគ្រប់គ្រាន់ហើយ។

បើយើងរៀនចប់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬអនុបណ្ឌិត ឬរៀនចេះផ្នែកណាមួយ គប្បីរៀនបន្តនូវមុខវិជ្ជាដដែល ឬមុខវិជ្ជាផ្សេងទៀត។ គួរកុំអាលគិតថា អ្វីដែលមាន អ្វីដែលយើងរៀន គឺយើងចេះអស់ហើយ គ្រប់គ្រាន់ហើយ ឬមានអ្វីៗគ្រប់យ៉ាងអស់ហើយ ព្រោះអ្វីៗដែលយើងមាន ដែលយើងចេះនេះ អាចនឹងប្រែប្រួល អាចគ្រាន់តែជាផ្នែកឬជ្រុងតូចមួយ នៃពិភពលោកប៉ុណ្ណោះ។

ដូច្នេះ ធ្វើអ្វីក៏ដោយ សូមកុំកើតជំងឺគ្រប់គ្រាន់និយម។ មានន័យថា ប្រសិនបើយើងជោគជ័យលើមុខជំនួញហើយ គប្បីបន្តស្វែងរកគន្លឹះនៃភាពរីកចម្រើន ដើម្បីខ្លួនឯង និងក្រុមហ៊ុនបន្ថែមទៀត។

ការពង្រីកចំណេះដឹង ពង្រីកភាពមានបាន មិនមែនជាគោលការណ៍ដែលត្រូវកំណត់ព្រំដែននៃចំណេះដឹងរបស់ខ្លួនឯងឱ្យនៅក្រេះក្រិនឡើយ ត្រូវខំហើយខំទៀត ព្យាយាមហើយព្យាយាមទៀត ទើបយើងរីកចម្រើនទៅមុខបាន៕


ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

828 Shares