ហេតុផលសំខាន់ៗចំនួន ៣ ដែលជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សហការជាមួយវេទកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានដាក់ឲ្យដំណើរការនូវប្រព័ន្ធទិន្នន័យស្តីពីសន្ធានកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក សុខ ចិន្តសោភា រដ្ឋមន្រ្តីប្រតិភូអមឧបនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំឲ្យតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់ប្រព័ន្ធទិន្នន័យនេះឲ្យបានទូលំទូលាយ ដោយសង្ឃឹមថា អ្នកវិនិយោគនិងក្រុមហ៊ុនបរទេសនឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគដែលស្វាគមន៍វត្តមានរបស់ពួកគេ និងខិតខំជម្រុញការវិនិយោគដែលមានទង្វើធុរកិច្ចប្របកដោយការទទួលខុសត្រូវ និងចីរភាព។

លោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន នាយកគោលនយោបាយ និងសហគមន៍នៃនាយកដ្ឋានវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងដែលថា ក្រុមហ៊ុនបរទេសដែលស្វែងរកការវិនិយោគអនុលោមតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) អាចបោះទុនវិនិយោគនៅកម្ពុជា ជាមួយក្រុមហ៊ុនក្នុងស្រុកដែលកំពុងប្រតិបត្តិការប្រកបដោយចីរភាព ហើយក្រុមហ៊ុនកម្ពុជាដទៃទៀតអាចបង្វែរការតម្រង់ទិសប្រតិបត្តិការធុរកិច្ចរបស់ខ្លួនទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពកាន់តែច្រើនឡើងថែមទៀត ដើម្បីទាក់ទាញការធ្វើធុរៈកិច្ចគ្នាជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ធានកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោកលើការផ្តល់កិច្ចសម្របសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំរបស់កម្ពុជា ដែលមានគោលនយោបាយបើកចំហរដ៏ប្រសើរចំពោះការវិនិយោគ។ ដោយមានហេតុផលចំនួន ៣ ដែលវេទកាសេដ្ឋកិច្ចពិភពលោកសម្រេចជ្រើសរើសកម្ពុជា ជាដៃគូរក្នុងដំណើរការ រួមមាន៖

ទី១ កម្ពុជាសម្រេចបាននូវភាពជោគជ័យដ៏ធំធេងក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងកំណើនគួរឲ្យមោទនៈជាមធ្យមប្រមាណជាង ៥០% ចាប់ពីឆ្នាំ២០០៥ មកដល់ពេលបច្ចុប្បន្ន ហើយវិធានការផ្តល់កិច្ចសម្រួលវិនិយោគបានដើរតួនាទីសំខាន់ក្នុងការសម្រេចបាននូវជោគជ័យ។

ទី ២ នៅពេលដែលកម្ពុជាត្រូវការការអភិវឌ្ឍន៍ស្របតាមកំណើនសេដ្ឋកិច្ចប្រមាណជា ៧% តាំងពីឆ្នាំ២០១១មក បទពិសោធន៍របស់កម្ពុជា ក្នុងការធ្វើអានុភាវូបនីយកម្មការវិនិយោគសម្រាប់ការអភិវឌ្ឍន៍អាចជួយប្រទេសផ្សេងទៀតក្នុងការៀនសូត្រពីជ្រុងសំខាន់ៗ នៃការអភិវឌ្ឍន៍ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។

ទី៣ កម្ពុជា បានក្រសោបយកនូវកិច្ចសហការធ្វើការរួមគ្នារវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជនតាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ឈរលើមូលដ្ឋានខាងលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោក និងកម្ពុជា បានធ្វើការរួមគ្នាដើម្បីចែករំលែកនូវរបកគំហើញនិងឧត្តម្មានុវត្តស្តីពីការផ្តល់កិច្ចសម្រួលវិនិយោគ ជាពិសេសដំណើរការនៃការរៀបចំប្រព័ន្ធទិន្នន័យស្តីពីសន្ធានកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាពជាមួយប្រទេសដទៃទៀត ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌតំបន់ដទៃទៀត៕