តំបន់ប៉ូលទាំង៤ ជាក្បាលនាគ ទ្រូង​នាគ ពោះនាគ​ កន្ទុយនាគ​ រុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​

សង្គម​និង​សេដ្ឋកិច្ច

ពាក្យ«ប៉ូលកំណើនសេដ្ឋកិច្ច» ឬភាសាអង់គ្លេសហៅថា “Economic growth pole” មានន័យថា ជាទីកន្លែងប្រមូលផ្តុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់គោលដៅអភិវឌ្ឍ​​ប៉ូលសេដ្ឋកិច្ច៤កន្លែង ដើម្បីរៀបចំផែនការ និងចក្ខុវិស័យសមស្របតាម​ស្ថានភាពភូមិសាស្រ្ត ក៏ដូចជាសក្តានុពល​ដើម្បី​រុញកំណើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។​ តំបន់ប៉ូលសេដ្ឋកិច្ច​ទាំង ៤​ កន្លែង​នោះ​គឺរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឦសាន។

រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ​ប៉ូលសេដ្ឋកិច្ច​ទីមួយ​ ជាបេះដូងនៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​មណ្ឌលពាណិជ្ជកម្ម ជា​ច្រកផ្លូវ​ទំនាក់ទំនង​ជាមួយ​សេដ្ឋកិច្ច​សកលលោក​។ ទីក្រុងដែលមានប្រជាជន​ជាង ៣ លាននាក់​រស់នៅ​នេះ មានការ​រីក​លូត​លាស់​ដ៏​លឿន​រហ័ស​ ជាមួយ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​​ការ​សាងសង់សំណង់​អគារ​ខ្ពស់ៗដែល​ធ្វើ​ឱ្យ​ទីក្រុង​ចំណាស់​មួយ​នេះ​បាន​ដើរ​តួនាទី​កាន់​តែ​សំខាន់​ឡើង​ក្នុង​សេដ្ឋកិច្ច​តំបន់។

កំណើន​នៃ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ទីក្រុង​បាន​និង​កំពុង​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​តម្រូវការ​ឲ្យ​ការ​ពង្រីក​អភិវឌ្ឍ​ទីក្រុងមួយ​នេះ។ រាជធានី​ភ្នំពេញ​អាច​នឹងត្រូវ​ពង្រីក​បន្ថែមទៀត​នាពេល​អនាគត ខណៈ​ទីក្រុង​នេះ​មាន​ទំហំ​ធំ​ជិត៧០០គីឡូម៉ែត្រ​ក្រឡា​រួចហើយ។

សេដ្ឋកិច្ចប្រទេសកម្ពុជាប្រមូលផ្តុំនៅរាជធានីភ្នំពេញក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ អត្រាកំណើនសេដ្ឋកិច្ចពីរខ្ទង់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើតនូវការរីកដុះដាល់សេដ្ឋកិច្ចយ៉ាងរហ័សនៅរាជធានីភ្នំពេញ ជាពិសេសការវិនិយោគនៅក្នុងវិស័យសំណង់ អគារស្នាក់នៅ និងអាគារពាណិជ្ជកម្ម ខ្ពស់ៗ។

ព្រះសីហនុ

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហនុ​ទាំង​មូល​ក្លាយ​ជា​តំបន់​ឧស្សាហ​កម្ម​គំរូ​របស់​ប្រទេស​កម្ពុជា ដែល​នឹង​យក​លំនាំ​តាម​ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស «សេនចេន» របស់​ចិន។ ខេត្ត​​ដែល​​ជាប់​សមុទ្រ​មួយ​នេះ មាន​អំណោយ​ផល​ទីតាំង​ភូមិ​សាស្រ្ត​ដ៏​ធំ​ធេង​សម្រាប់​កម្ពុជា ក្នុង​ការ​ផ្សារ​ភ្ជាប់​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ទៅ​ក្នុង​តំបន់។ ខេត្តជា​ប៉ូលសេដ្ឋកិច្ចទីពីរ​​បន្ទាប់​ពី​ភ្នំពេញនេះ​ មាន​សក្តានុពល​ទៅ​លើ​ពាណិជ្ជកម្ម ឧស្សាហកម្ម មាន​កំពង់ផែ​ទឹក​ជ្រៅ ងាយ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក និង​ជា​ប៉ូល​ដ៏​ទាក់ទាញ​បំផុត​សម្រាប់ទេសចរណ៍ ដែល​មាន​ឆ្នេរ​ខ្សាច់​ស្អាត និង​កោះ​តូច​ធំ​ជា​ច្រើន​ផង​ដែរ។ 

សៀមរាប

ខេត្ត​ទេសចរណ៍​ដ៏​សំខាន់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។

រដ្ឋាភិបាលបាន​បញ្ចេញថ​វិកា​ពិសេស​លើគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅទីក្រុង​សៀមរាប ដែលនឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០២១ នឹងធ្វើឱ្យទីក្រុង​អតីតរាជធានី​អាយុ​កាល​ជាង ១០០០ ឆ្នាំនេះ ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹង​ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ភូមិភាគ​ឦសាន

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា តំបន់ភូមិភាគឥសាន្ត (ខេត្តមណ្ឌលគីរី និងរតនគីរី) នេះ នឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់ប្រទេស ដែល​នឹងមានការអភិវឌ្ឍន៍ទៅទាំងសំណុំ មានកសិឧស្សាហកម្ម កសិទេសចរណ៍ និងវិស័យផ្សេងទៀត ដើម្បីសម្រេចចក្ខុវិស័យធ្វើឱ្យខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឦសាន្តទាំងមូល ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងនិរន្តរភាព ពិសេសគឺជាគោលដៅអេកូទេសចរណ៍ចម្បងរបស់ប្រទេសជាតិ។

រាជរដ្ឋាភិបាលគ្រោងបង្កើត ព្រលានយន្តហោះអន្តរជាតិថ្មីបន្ថែមទៀត នៅភូមិភាគឥសាន្ត(មណ្ឌលគិរី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងបំពេញការអភិវឌ្ឍន៍ឲ្យគ្រប់ជ្រុងជ្រោយ។ ទៅថ្ងៃអនាគតព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗផ្សេងទៀតរបស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិនផងដែរ។

ការរីកចម្រើននៃតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដែល​ក្បាលសេដ្ឋកិច្ចទី​១-​​នៅភ្នំពេញ ទី២­-​នៅខេត្តព្រះសីហនុ និង​ប៉ូល​សេដ្ឋ​កិច្ចទី៣នៅខេត្តសៀមរាប និងប៉ូលសេដ្ឋកិច្ច​​ទី​​៤ នៅភាគ​ឦ​សាន មានន័យ​​​ថា ក្បាលនាគ​កំរើក​នៅ​​ខេត្តព្រះសីហនុ ​ទ្រូងនាគ​​​ ឬ​ជើង​​មុខ​កំរើក​​នៅរាជធានីភ្នំពេញ ពោះ​នាគ​ ឬជើង​​​ក្រោយ​កំរើក​នៅខេត្តសៀម​រាប និង​​​​កន្ទុយ​នាគ​​កំរើក​​នៅ​ខេត្ត​ភាគ​ឦ​សាន (រតនគិរី មណ្ឌលគិរី ​ស្ទឹង​ត្រែង ក្រចេះ និង​​ព្រះវិហារ​)​៕