ជនជាតិ​ចិន​មាន​ឱសថ​ទិព្វ​ ៧ មុខនេះ​ ទើប​កូនចៅ​ចិន​​រកស៊ី​ចេះ​តែ​មានទៅៗ​តជំនាន់

សង្គម​និង​សេដ្ឋកិច្ច

ប្រទេស​ចិន​គឺ​ជា​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​សេដ្ឋកិច្ច​ធំ​បំផុត​មួយ​ក្នុង​លោក ហើយ​បើ​ក្រឡេក​មើល​ឲ្យ​មែនទែន​ទៅ​ ប្រទេស​មួយ​នេះ​គឺ​សំបូរ​ទៅ​ដោយ​មហាសេដ្ឋី​ជាច្រើន​រូប​ បើ​ធៀប​នឹង​ប្រទេស​ដទៃទៀត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ សម្រាប់​អត្ថបទ​មួយ​នេះ​ ឧកញ៉ាញូត៍​សូម​ធ្វើ​ការ​ចែករំលែក​នូវ​រឿង​សំខាន់ៗ ៧ យ៉ាង​ជនជាតិ​ចិន​តែ​តែ​​ជឿ​ថា ជា​ដើម​ចម​នៃ​ភាព​ជោគជ័យ​នៃ​ការ​ធ្វើ​អាជីវកម្ម​ ឬ​ទម្លាប់​ការងារ​របស់​ជនជាតិ​ចិន​ដូចតទៅ៖

១/ ការ​គោរព​ពេលវេលា

ចំណុច​មួយ​នេះ​គឺ​ពិត​ជា​សំខាន់​បំផុត​សម្រាប់ជនជាតិ​​ចិន ហើយ​គេ​ថែម​ទាំង​អាច​វិនិច្ឆ័យ​មនុស្ស​ម្នាក់​បាន​ដោយ​ផ្អែក​លើ​ចំណុច​នេះ​ទៀត​ផង។ នៅ​ពេល​មាន​ការ​ណាត់ជួប​ម្ដងៗ​ ជនជាតិ​ចិន​កម្រ​មក​យឺត​ណាស់ ពោល​បើ​មិន​មក​មុន​កាលកំណត់​ ក៏​ពួកគេ​មក​ដល់​ចំ​ពេល​ដែរ ហើយ​​ជនជាតិ​​ជប៉ុន​ក៏​ដូចគ្នា​។

២/ ផ្ដោត​សំខាន់​លើ​លទ្ធផល

ប្រជាជន​ចិន​មាន​ពាក្យស្លោក​ច្រើន​ណាស់​ដែល​និយាយ​អំពី​ផ្លែផ្កា​ដែល​បាន​មក​ពី​ការ​ខិតខំ​ព្យាយាម​ ដូចគ្នា​ទៅ​នឹង​សុភាសិត​ខ្មែរ​យើង​ដែល​លើកឡើង​ថា​ “ព្យាយាម​គង់​បាន​សម្រេច”។ ពួកគេ​ជឿ​យ៉ាង​មុតមាំ​ថា ការ​តស៊ូ​ព្យាយាម គឺ​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ទៅកាន់​ជីវិត​រីករាយ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​ ប្រសិន​បើ​ពួកគេ​តាំងចិត្ត​ និង​កំណត់​គោលដៅ​ច្បាស់លាស់​ហើយ នោះ​ពួកគេ​នឹង​ព្យាយាម​ធ្វើ​វា​ទាល់​តែ​បាន​លទ្ធផល​ជោគជ័យ ដូច​សុភាសិត​មួយ​មាន​អត្ថន័យ​ថា​ “គ្មាន​អ្វី​ដែល​មិន​អាច​ទៅរួច​ឡើយ​ ប្រសិន​បើ​អ្នក​មាន​ការ​តាំងចិត្ត​ច្បាស់លាស់”។

៣/ទស្សនៈ Chi Ku

Chi Ku គឺជា​ទស្សនៈ​មួយ​ដែល​អ្នកប្រាជ្ញ​ល្បី​ខុងជឺ​ធ្លាប់​និយាយ​ ដោយ​វា​មាន​អត្ថន័យ​ថា ការ​តស៊ូ​អត់ធ្មត់ ដោយ​ឆ្លងកាត់​សកម្មភាព​លំបាក។ ប្រជាជន​ចិន​ជាច្រើន​នាក់​តែង​យក​ទស្សនៈ​មួយ​នេះ​មក​ដាក់​ពីមុខ​ ដោយ​កាល​ពី​ឆ្នាំ​ ២០១៤ គេហទំព័រ Wall Street Journal បាន​រាយការណ៍​ថា ជា​មធ្យម​ជនជាតិ​ចិន​ម្នាក់​ធ្វើការ​ចន្លោះ​ពី ២ ០០០ ទៅ ២ ២០០ ម៉ោង​ក្នុង​មួយឆ្នាំ។

៤/​ភាព​ជោគជ័យ​គឺ​មិនមែន​ពឹង​លើ​សំណាង

មាន​សុភាសិត​មួយ​លើក​ឡើង​ថា “ការ​តស៊ូ​ប្រឹងប្រែង​ គឺ​អាច​យក​ឈ្នះ​ទេពកោសល្យ​បាន” ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ជនជាតិ​ចិន​ជឿ​ដោយ​ឥត​ប្រកែក​បាន។ ពួកគេ​ត្រូវ​បាន​ណែនាំ​តាំងពី​នៅក្មេងៗ​ថា គ្រប់យ៉ាង​គឺ​អាច​សម្រេច​ទៅ​បាន ដោយ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​តាំងចិត្ត​ មិនមែន​ពឹង​តែ​លើ​ទេពកោសល្យ​តែ​មួយ​មុខ​ឡើយ​។ ជាក់ស្ដែង​បច្ចុប្បន្ន​ពិភពលោក​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ស្ទើរ​គ្រប់​ប្រទេស​ តែ​បើ​ក្រឡេក​មើល​សេដ្ឋកិច្ច​ប្រទេស​ចិន​វិញ គឺ​នៅ​តែ​បង្ហាញ​សក្ដានុពល​បាន​កាន់​តែ​រីកចម្រើន​។

៥/​អភិវឌ្ឍន៍​ទៅ​កាន់​ភាព​ល្អ​ឥតខ្ចោះ

មិនមែន​នៅពេល​អាជីវកម្ម​មួយ​ទទួល​បាន​ភាព​ជោគជ័យ​ហើយ ជនជាតិ​ចិន​ឈប់​ខ្វាយខ្វល់​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ ពោល​ពួកគេ​នៅ​បន្ត​ស្រាវជ្រាវ រក​មើល​ចំណុច​ខ្សោយ​ និង​គន្លឹះ​បន្ថែម​ ដើម្បី​កែខៃ​ឲ្យ​ផលិតផល​របស់​ពួកគេ​កាន់តែ​មាន​ភាព​ល្អ​មួយ​កម្រិត​បន្ថែម​ទៀត។

៦/​ភាព​ខ្ជិលច្រអូស​គឺ​ជា​ទោសឧក្រិដ្ឋ​

អ្នកនិពន្ធ​ជនជាតិ​អាមេរិកកាំង​ Mark Twain  ធ្លាប់​បាន​និយាយ​ថា “គ្មាន​ជនជាតិ​ចិន​ណា​ម្នាក់​ដែល​ខ្ជិល​ឡើយ គឺ​ពួកគេ​តែង​រក​អី​ធ្វើ​រហូត​មិន​ដែល​ទំនេរ​ទេ”។ ច្បាស់​ណាស់​ គេ​កម្រ​ឃើញ​ជនជាតិ​ចិន​​ណា​ម្នាក់​ ដែល​អង្គុយ​ទំនេរ​ដកដង្ហើម​ចោល​ណាស់​ ពោល​គឺ​តែង​ធ្វើ​នេះ​ធ្វើ​នោះ​មិន​ឲ្យ​ទំនេរ​ឡើយ ហើយ​បើ​មើល​ឲ្យ​មែនទែន​ទៅ​ ក្រុមហ៊ុន​នៅ​ចិន​ភាគច្រើន​តែង​ឧស្សាហ៍​ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត​ដល់​បុគ្គលិក​ណា​ដែល​បញ្ចប់​ការងារ​មុន​កាលកំណត់​ណាស់ ដោយ​សារ​ពួកគេ​ទម្លាប់​ក្នុង​ការ​យក​ពេលទំនេរ​មក​ព្យាយាម​បញ្ចប់​ការងារ​ដែល​ក្រុមហ៊ុន​ដាក់​ឲ្យ។

៧/​កុំ​ប្រើ​តែ​កម្លាំងបាយ​តែ​មួយ​មុខ គួរ​ប្រើ​កម្លាំង​ប្រាជ្ញា​មក​ធ្វើ​ការ​ផង

ប្រជាជន​គ្រប់​រូប​នៅ​ប្រទេស​ចិន​ តែង​ព្យាយាម​ធ្វើ​អ្វី​ឲ្យ​បាន​ល្អ​បំផុត ជាពិសេស​គឺ​កាន់​តែ​ពិបាក ពួកគេ​កាន់តែ​ជំនះ​ធ្វើ។ មិនថា​ឧបសគ្គ ឬ​ភាព​លំបាក​ខ្លាំង​ប៉ុណ្ណា ក៏​វា​មិនមែន​ជា​រនាំង​ដែល​ធ្វើ​ឲ្យ​ពួកគេ​ភ័យ​ព្រួយ​ឡើយ ព្រោះ​ពួកគេ​តែង​រិះរក​ដំណោះស្រាយ​បាន​ដោយ​ងាយៗ។ មាន​ឃ្លា​មួយ​ដែល​ជនជាតិ​ចិន​ចំណាំ​និយាយ “ល្អ​គួរសម​ហើយ” ដែល​នេះ​គឺ​ចង់​សំដៅ​លើ​លទ្ធផល​សម្រេច​បាន​ ជាជាង​ដំណើរការ​៕

ប្រភព: aiesec