ប្រទេស​ធំៗចំនួន ៣ ឈ្មុសឈ្មុល​ឲ្យ​មាន​ការយកពន្ធ​អប្បបរមាលើ​ក្រុមហ៊ុន​អន្តរជាតិ ខណៈ ១៣០ ប្រទេស​ទៀតយល់ព្រមព្រៀង

សង្គម​និង​សេដ្ឋកិច្ច

ក្រោម​ការចាត់ចែង​របស់​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ សេដ្ឋកិច្ច ដែល​ហៅកាត់​ជាភាសា​បារាំងថា OCDE ប្រទេស​ចំនួន ១៣០ បាន​យល់ព្រមព្រៀង​គ្នា កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ១ កក្កដា ដើម្បី កំណត់​យកពន្ធ​អប្បបរមា លើ​ក្រុមហ៊ុន​អន្តរជាតិ។ បារាំង អាល្លឺម៉ង់ និង​អាមេរិក​ដែល​ជាអ្នកឈ្មុសឈ្មុល​ឲ្យ​មាន​ការយកពន្ធ​អប្បបរមា​លើ​ក្រុមហ៊ុន​សហគ្រាស ពហុជាតិ បានសំដែងការស្វាគម អបអរ កិច្ចព្រមព្រៀង ជាប្រវត្តិសាស្រ្ត​មួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាកិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ ព្រោះថា នេះ​ជាលើកទី​១ ដែល​ប្រទេស​ជាង ១០០​នៅក្នុងពិភពលោក​បាន​យល់ព្រមព្រៀងគ្នា ឲ្យ​មាន​ការកំណត់​អត្រាពន្ធ​រួម លើ​ក្រុមហ៊ុន​អន្តរជាតិ។

តាម​សេចក្តីថ្លែងការណ៍ របស់​អង្គការ សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច OCDE នៅក្រោយ​ការចរចា​ស្តីពី​កំណែទម្រង់ ប្រព័ន្ធ​ពន្ធដារ​ពិភពលោក ក្រុមប្រទេស​ចំនួន​១៣០​បាន​សម្រេច​លើ​ចំណុច​សំខាន់ពីរ។ ទី១ គឺ​ក្រុមហ៊ុន​អន្តរជាតិ ត្រូវ​បង់ពន្ធ​អប្បបរមា ១៥% នៃ​ប្រាក់ចំណូល​របស់ខ្លួន មិនថា ពួកគេ​ធ្វើ​ជំនួញ នៅ​ប្រទេស​ណា  និង​ទី២ គឺ​ការបែងចែក ស្មើភាគគ្នា នៃ​សិទ្ធិ​យកពន្ធ​លើ​ក្រុមហ៊ុន​អន្តរជាតិ សម្រាប់​ប្រទេស​ដែល​មាន​ជាប់​ពាក់ព័ន្ធ។

រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​អាមេរិក លោកស្រី Janet Yellen ប្រកាស​ចាត់ទុក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញថា ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​សម្រាប់​ការទូត​សេដ្ឋកិច្ច។ ប្រធានាធិបតី​អាមេរិក លោកចូបៃដិន ដែល​ធ្លាប់​សង្ឃឹម យក​ប្រាក់ចំណូលពន្ធសម្រាប់ ជំរុញ សេដ្ឋកិច្ចក្នុងស្រុក បាន​ថ្លែង​ស្វាគម កិច្ចព្រមព្រៀង​កាលពីថ្ងៃ ព្រហស្បតិ៍។ ចំណែក បារាំង និងអាល្លឺម៉ង់ ចាត់ទុក​កំណែទម្រង់​ប្រព័ន្ធពន្ធដារ​លើកនេះ ថា ជា​ការបោះជំហាន​សំខាន់​មួយ សម្រាប់​យុត្តិធម៌​ពន្ធដា ក្នុង​ពិភពលោក។

សម្រាប់ អង្គការ​ OECD​ ការកំណត់​អត្រាពន្ធរួម នឹង​ទៅ​ជួយ​កាត់បន្ថយ​ការប្រកួតប្រជែង​រវាង​ប្រទេស ដែល​ធ្លាប់​កំណត់អត្រាពន្ធ​ផ្សេងៗគ្នា ដើម្បី​ទាក់ទាញ ក្រុមហ៊ុន​អន្តរជាតិ។

ជាក់ស្តែង ប្រទេស​អៀរឡង់ និង​ហុងគ្រី ដែល​កំណត់​អត្រា​ពន្ធ ប្រមាណ ១២%​សម្រាប់​ក្រុមហ៊ុន​បរទេស មិន​បាន​ចុះ​ហត្ថលេខា​គាំទ្រ​ឲ្យ​គេ​កំណត់ពន្ធ​អប្បបរមា ១៥%​នោះទេ។ សម្រាប់​រដ្ឋមន្រ្តីសេដ្ឋកិច្ច​​អៀរឡង់ ការបង្កើន​អត្រាពន្ធ ដល់ ១៥%លើ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ពហុជាតិ​នឹង​ធ្វើ​ឲ្យ​អៀរឡង់​លែង​ក្លាយ​ជា​គោលដៅ ទាក់ទាញ សម្រាប់ អ្នកវិនិយោគ ហើយ​និងអាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ប្រាក់​ចំណូល ដែលបាន​មកពីការប្រមូលពន្ធ។

យ៉ាងណាក៏ដោយ តាម OCDE នៅពេល​ចូល​ជា​ធរមាន ជាផ្លូវការ ការកំណត់ អត្រាពន្ធ​អប្បបរមា ១៥% ក្រុមហ៊ុន សហគ្រាស​បច្ចេកវិទ្យា ធំៗ ដូចជា​Facebook Google Apple Amazon ជាដើម​នឹង​បង្កើន​ប្រាក់ចំណូល ប្រមាណ ១៥០ពាន់​លាន​ដុល្លារ សម្រាប់​កញ្ចប់ថវិកា​រដ្ឋាភិបាល។

គួរបញ្ជាក់ថា បន្ទាប់ពី​យល់ព្រមព្រៀង ជា​គោលការណ៍ នៅថ្ងៃ​ព្រហស្បតិ៍ ទី​១​កក្កដា អ្នកតំណាង​របស់​ក្រុមប្រទេស ទាំង​១៣០​ត្រូវ​បន្ត​ពិភាក្សា នៅ​ខែ តុលា ខាងមុខ ដើម្បី សរសេរ​បិទបញ្ចប់ ផ្នែកបច្ចេកទេស មុន​នឹង​សម្រេច​ដាក់​ឲ្យ​អនុវត្តជាផ្លូវការ ​វិធាន​យកពន្ធដា​រួម នៅ​អំឡុង​ឆ្នាំ ២០២៣៕

ប្រភព៖ វិទ្យុបារាំង