សេដ្ឋី​សញ្ជាតិ​រុស្សី​ម្ចាស់ក្លិប Chelsea អាយុ១ ឆ្នាំ​ កំព្រា​ម្តាយ​ អាយុ ២ឆ្នាំ​ បាត់បង់​ឪពុក មិន​ចុះចាញ់​វាសនា ខំរកស៊ីសល់លុយ​ពាន់​លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

​លោក Roman Abramovich ជា​សេដ្ឋី​សញ្ជាតិ​រុស្សី និង​​ជា​ម្ចាស់​ក្លឹបតោ​ខៀវ Chelsea។ ​ត្រូវ​បាន​គេ​ស្គាល់​ជា​មហាសេដ្ឋី​មួយ​រូប ហើយ​ជានិច្ចកាល​ក្រោមការ​កាន់កាប់​របស់​សេដ្ឋីរុស្សីរូបនេះ មាន​គ្រូបង្វឹក​​មិន​តិច​ទេ​ដែល​តែង​របូត​តំណែង​ប្រសិនបើមហាសេដ្ឋី​រុស្ស៊ី​យល់ឃើញ​ថា​ ពួកគេ​មិនបាន​បំពេញ​តួនាទី​បានល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យ៉ាងណាមិញ ការ​បណ្ដេញ​គ្រូបង្វឹក គឺ​ជា​រឿង​មួយ​ដែល​គ្រប់គ្នា​បាន​ដឹង​អំពី​មហាសេដ្ឋី​ខាងលើ តែ​ត​ទៅ​នេះ គឺ​ជា​ការពិត​ទាំង ៥ យ៉ាង​ដែល​ប្រហែល​មិន​មាន​មនុស្ស​ច្រើន​នាក់​ទេ​ ដែល​បាន​ដឹង​អំពី​ឯកជន​ភាព​របស់​អ្នកជំនួញ​វ័យ ៥៤ ឆ្នាំ​រូប​នេះ​។

1/ ធ្លាប់​កំព្រា​ឳ​ពុក​ម្ដាយ​តាំងពី​វ័យ ២ ឆ្នាំ​

Abramovich កើត​ក្នុង​ឆ្នាំ ១៩៦៦ នៃ​ត្រកូល​គ្រួសារ​ក្រ​ខ្សត់​ជនជាតិ​ជ្វីស តែ​ជា​អកុសល​ លោក​បាន​បាត់បង់​ម្ដាយ​ត្រឹម​វ័យ ១​ ឆ្នាំ អំឡុង​ពេល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ក្រោយមក​បាត់បង់​ឳ​ពុក​នៅ​វ័យ​ត្រឹម ២ ឆ្នាំ ដោយសារ​មាន​គ្រោះថ្នាក់​នៅ​ការដ្ឋាន​សំណង់​ដែល​ជា​ទីកន្លែង​ធ្វើការ​របស់​ឪ​ពុក។

ដោយសារ​គ្មាន​បងប្អូន​បង្កើត ដូច្នេះ​លោក​បាន​ក្លាយជា​ក្មេងកំព្រា​នៅ​វ័យ​ត្រឹម ២ ឆ្នាំ។ ក្រោយមក​លោក Leib ដែល​ជា​ពូ​បង្កើត​របស់ Abramovich បាន​យក​លោក​ចិញ្ចឹម​នៅ​ទីក្រុង Ukhta ដែល​សីតុណ្ហភាព​នៅ​ទីនោះ​ជា​មធ្យម​គឺ ក្រោម​ 0​ អង្សារសេ។ រហូត​ដល់​អាយុ ៧ ឆ្នាំ​លោក​បាន​ទៅ​រស់នៅ​ទីក្រុង Moscow ជាមួយ​លោកយាយ​ និង​ពូ​ម្នាក់ទៀត​។

2/ អាជីវកម្ម​តំបូង​ គឺ​លក់​ប្រេង​ដែល​ត្រូវ​គេ​លួច

នៅ​វ័យ ១៨ ឆ្នាំ​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ Gubkin Institute of Oil and Gas និង​វិទ្យាស្ថាន​ផ្នែក​ឧស្សាហកម្ម​មួយ​ទៀត​នៅ​ទីក្រុង​ Ukhta លោក​ត្រូវ​បាន​គេ​កោះហៅ​ចូល​បម្រើ​កងទ័ព​ ដែល​គ្រា​នោះ សូវៀត​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​អាហ្វហ្គានីស្ថាន​។

អំឡុង​ពេល​ស្ថិត​ក្នុង​ជួរ​កងទ័ព​ Abramovich មាន​គំនិត​មួយ​ពី​ការ​ធ្វើជំនួញ​ដែល​អាច​អោយ​លោក​ទទួល​បាន​ប្រាក់​ជាច្រើន។

លោក Nikolai Panteleimonov ដែល​ជា​មិត្ត​ម្នាក់​អំឡុង​ពេល​បម្រើ​កងទ័ព បាន​ទម្លាយ​ថា​ Abramovich បាន​រៀប​គម្រោងការ​មួយ ដោយ​ឃុបឃិត​ជាមួយ​អ្នក​ដឹក​ប្រេង ដោយ​សុំ​បូម​ប្រេង​ពី​ឡាន​ណា​ដែល​មាន​ប្រេង​ពេញ ហើយ​គេ​នឹង​យក​ប្រេង​ទាំងនោះ​ទៅ​លក់​ឲ្យ​អ្នកបើកបរ​ដទៃ​ទៀត​ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ​។

3/ នាវា​ផ្ទាល់ខ្លួន​របស់​លោក​មាន​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​

បើ​ទោះបីជា​ Abramovich រស់នៅ​ទីក្រុង​ឡុងដ៍​ក្ដី តែ​ជាទូទៅ​លោក​ច្រើន​ចាយ​ពេលវេលា​លើ​យន្តហោះ​ផ្ទាល់ខ្លួន​ម៉ាក 767 Boeing ដែល​រចនា​ដោយ​ខ្លួនឯង និង​នាវា​ផ្ទាល់ខ្លួន​ច្រើន​ជាង​ការ​នៅផ្ទះ​។

នាវា​ដែល​មាន​ប្រវែង​ខ្លួន​ ១៦២.៥ ម៉ែត្រ​ គឺ​ជា​នាវា​ធំ​បំផុត​ទី ២ លើ​លោក ដោយ​គេ​សន្មត​ថា​មាន​តម្លៃ​ប្រមាណ ៤០៣ លាន​ដុល្លារ​ ដែល​មាន​ចំណត​ឧទ្ធម្ភាគចក្រ​ ២ អាងហែលទឹក​២ កន្លែង​រាំ​កម្សាន្ត​១ និង​បន្ទប់​សរុប​ ២៤។ នៅ​មិនទាន់​អស់​ទេ​ វា​ថែមទាំង​បំពាក់​ជាមួយ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល និង​នាវា​មុជទឹក​ខ្នាត​តូច​មួយទៀត​។

4/គ្រាន់​តែ​អង្គរក្ស​ការពារ​ខ្លួន Abramovich ចាយ​ជិត​ ២ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ

​ក្នុងនាម​ជា​មហាសេដ្ឋី​មួយ​រូប​ Roman Abramovich ច្បាស់​ជា​មាន​គូប្រជែង​ ដូច្នេះហើយ​ទើប​សុវត្ថិភាព​របស់​លោក​គឺ​តែង​ចាត់ទុក​ជា​រឿង​សំខាន់​បំផុត។

ដោយសារ​បែបនេះ​ហើយ​ ទើប​ Abramovich គឺ​ចាយ​លុយ​យ៉ាង​ទូលាយ​ដៃ​ចំពោះ​ការ​ការពារ​ខ្លួន ពោល​គឺ ​ក្នុង​មួយឆ្នាំៗ​លោក​ចាយ​អស់​ប្រមាណ ១,៦៦ លាន​ដុល្លារ ទៅ​លើ​ការ​ជួល​អង្គរក្ស​ប្រមាណ​ ២០ នាក់​ ដែល​ពួកគេ​សុទ្ធ​សឹងតែ​ជា​អតីត​កងកម្លាំង​ទាហាន។

5/ មុន​ទិញ​ក្លឹប Chelsea លោក​ចង់​ទិញ​ Tottenham Hotspur

Tottenham Hotspur គឺជា​ក្លឹប​ដែល​សេដ្ឋី​រុស្ស៊ី​ចង់​ទិញ តែ​ដោយ​សារ​ការចរចា​មិន​ត្រូវរ៉ូវ​គ្នា​ ទើប​លោក​សម្រេច​ទិញ​ Chelsea វិញ​ ​ក្នុង​តម្លៃ​ជាង ៨០ លាន​ដុល្លារ​វិញ ដែល​វា​ត្រូវ​បាន​ដឹង​ថា​មាន​តម្លៃ​ថ្លៃ​ជាង Spurs តែ​ទោះ​ជា​យ៉ាងណា​ Abramovich នៅ​តែ​ចំណេញ ដ្បិត​ពេលនោះ​កីឡដ្ឋាន​ក៏​ធ្វើ​ហើយ​រួចរាល់​ និង​ថែមទាំង​មាន​សណ្ឋាគារ​ ២ ស្រាប់​ថែមទៀត​នៅ​ទីនោះ៕

ប្រភព: Sportskeeda