រដ្ឋាភិបាលបានបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជី និងលើក​លែង​ពន្ធគយ ដើម្បីទាក់ទាញវិនិយោគិន

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីបង្កើនភាពប្រកួតប្រជែងនិងភាពទាក់ទាញរបស់កម្ពុជាពីសំណាក់វិនិយោគិន រដ្ឋាភិបាលបានបំព្រួញពេលវេលាក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីពី៣១ថ្ងៃ មកត្រឹម ២០ថ្ងៃវិញ ហើយការបំពេញពាក្យសុំចុះបញ្ជីអាចធ្វើទៅតាមរយៈការដាក់ឲ្យប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្ដីប្រកាសព័ត៌មាន ជុំវិញលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ទៅលើ​សេច​ក្តីព្រាង​ច្បាប់ស្តីពីការវិនិយោគ ដែលធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដាម្សិលមិញ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមរយៈទំព័រ​ហ្វេសប៊ុកនៅថ្ងៃទី៩ពីម្សិលមិញ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់ថា គោលបំណងនៃសេចក្តីព្រាងច្បាប់នេះ បង្កើត​នូវក្របខណ្ឌគ​តិយុត្តិដែល​បើក​ចំហ មាន​តម្លាភាព អាច​ប៉ាន់​ប្រមាណ​ទុកជាមុន​បាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញនិងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ផៃ ស៊ីផាន បន្តទៀតថា​ ក្រៅពីនោះ រដ្ឋាភិបាលក៏​មា​នការលើកទឹកចិត្ត​បន្ថែមដទៃទៀត ដូចជា ការលើក​លែង​ពន្ធគយ អាករពិសេស និងអាករ​លើតម្លៃបន្ថែម ទៅលើសម្ភារសាងសង់បរិក្ខារសំណង់ សម្ភារបរិក្ខារផលិត​កម្ម និងធាតុចូលផលិតកម្មរបស់ខ្លួនទៅតាមប្រភេទគម្រោង​វិ​និយោគនីមួយៗ។ 

សេចក្តីព្រៀងច្បាប់នេះក៏បានដាក់ចេញនូវការពង្រឹងយន្តការតាមដាននិងត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមរយៈការចុះត្រួតពិនិត្យក្នុងពេលតែមួយនឹងរួមគ្នា ហើយកំណត់នូវរបបលើកទឹកចិត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ទាំងផ្នែកពន្ធនិងមិនមែនពន្ធ ដើម្បីទាក់ទាញរំហូវិនិយោគមកកាន់វិស័យដែលកម្ពុជាត្រូវការជាចាំបាច់ក្នុងបរិបទនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង។

ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រៀងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួន ក្នុងការបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគផងដែរ៕