ស្រុកខ្មែរ​អាហារ​មួយ​ពេល​ចាយ​ច្រើន​បំផុត ៥ ដុល្លារ តែ​​សេដ្ឋី​​ស្រុក​គេ​ អាហារ​មួយ​ពេល​អស់ខ្ទង់​ម៉ឺន​ដុល្លារក៏​មាន​

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

ចំណីអាហារ​ពិត​ណាស់​ប្រាកដ​ជា​មាន​សារៈសំខាន់​ ហើយ​ជាពិសេស​សម្រាប់​បុគ្គល​ល្បីៗ​តែម្ដង ​ដែល​ពួកគេ​មាន​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត​សម្រាប់​ការ​ហូបចុក​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ត​ទៅ​នេះ​ គឺជា​បញ្ជី​ឈ្មោះ​បុគ្គល​ល្បីៗ​ ៥​ រូប​ដែល​ចាយ​លុយ​ពេញដៃ​សម្រាប់​ការ​ចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ៖

1/ Justin Bieber

កាលពី​ឆ្នាំ ២០១៤ E! News បាន​រាយការណ៍​ថា គ្រាន់តែ​ទៅ​មើលកុន​ Bieber ចាយ​លុយ ២៤១ ដុល្លារ​សម្រាប់​អាហារសម្រន់​ ហើយ​ក្នុង​ឆ្នាំ​ដដែល​នោះ គេ​ចាយ​អស់​ ២៤០ ដុល្លារ​បន្ថែម​ទៀត​គ្រាន់តែ​ញាំ​អាហារ​សម្រន់​បែប​ម៉ិកស៊ីកូ​។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ មាន​ម្ដង​ Justin Bieber ចាយ​លុយ ១ ម៉ឺន​ដុល្លារ​ សម្រាប់​ការ​ខ្ចប់​អាហារ​បែប​ចិន​។

2/ Mike Tyson

អតីត​កីឡាប្រដាល់​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ​ក្នុង​មួយ​ឆ្នាំ លោក​ចាយ​អស់​មិន​ក្រោម ២០ ម៉ឺន​ដុល្លារ​ឡើយ​សម្រាប់​ថ្លៃ​ហូបចុក​ តែ​មិន​មែន​សម្រាប់​ខ្លួនឯង​ឡើយ តែ​ដើម្បី​សម្រាប់​សត្វ​ចិញ្ចឹម​គឺ ខ្លា​ Bengal ៣ ក្បាល។ យ៉ាងណាមិញ E! News រាយការណ៍​មក​ថា Mike Tyson ឈប់​ចិញ្ចឹម​ខ្លា​ទាំងនោះ​ទៀតហើយ​ ព្រោះ​តែ​ការ​ចំណាយ​លើ​ពួកវា​អស់​ច្រើនពេក និង​ដោយសារ​មាឌ​របស់​ពួក​វា​កាន់តែ​ធំឡើងៗ​។

3/ Mark Cuban

លោក​គឺ​ជា​មហាសេដ្ឋី​តែ​មួយ​រូប​គត់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មួយ​នេះ ដោយ​មាន​ម្ដង កាលពី​ឆ្នាំ ២០១១ លោក​បាន​ធ្វើ​ពិធី​ជប់លៀង​មួយ ហើយ Fox Sports រាយការណ៍​ថា គ្រាន់តែ​ថ្លៃ​ចំណាយ​លើ​ម្ហូបអាហារ​នា​ល្ងាច​នោះ មហាសេដ្ឋី​រូប​នេះ ចាយ​អស់ ១១ ម៉ឺន​ដុល្លារ ខណៈ​ ៩ ម៉ឺន​ដុល្លារ គឺ​សម្រាប់​តម្លៃ​ស្រា​សំ​ប៉ា​ញ​មួយ​ដប​ដែល​មាន​ឈ្មោះ​ថា Ace of Spades Champagne ហើយ​គាត់​ថែម​ទាំង​បាន​ឲ្យ​ប្រាក់​ធីប ២ ម៉ឺន​ដុល្លារ​សម្រាប់​បុគ្គលិក​ទីនោះ​ផង​ដែរ។

4/ Beyonce

តារាចម្រៀង Beyonce គឺ​ជា​បុគ្គល​ម្នាក់​មិន​ញញើត​ក្នុង​ការ​ចំណាយ​ប្រាក់​ឡើយ ពោល​បើ​ឃើញ​ស្រឡាញ់​ពេញចិត្ត​គឺ​ទិញ​យក​តែ​ម្ដង ជាក់ស្ដែង​អ្នកនាង​ក៏​ជា​អ្នក​ស្រឡាញ់​សុខភាព​ខ្លាំង​ផង​ដែរ​ដោយ​មាន​ដល់ទៅ​ចុងភៅ​ផ្ទាល់ខ្លួន​ដើម្បី​តាមដាន​របប​អាហារ​របស់​អ្នកនាង​ឲ្យ​មាន​តុល្យភាព​។

ដោយឡែក​ គេ​ដឹង​ថា​ ក្នុង​មួយ​ខែៗ គ្រាន់​តែ​ចាយ​ទៅ​លើ​ចុងភៅ​ម្នាក់​នោះ Beyonce ដក​លុយ​ពី​កាបូប​ប្រមាណ ៧ ៥០០ ដុល្លារ​ ហើយ​នៅ​មាន​អ្នក​ចាំ​តាមដាន​របប​អាហារ​ដែល​ទទួល​បាន​ខ្ពស់​បំផុត ៤ ០០០​ ដុល្លារ​ទៀត​ផង។

5/ Shaquille O’Neal

Shaquille O’Neal ឬ​ត្រូវ​គេ​ហៅ​ថា Shaq គឺជា​បុគ្គល​ម្នាក់​ដែល​មាន​ការ​ចាយវាយ​ធំ​សម្បើម ដោយ​មាន​ម្ដងនោះ គ្រាន់តែ​ទៅ​ទិញ​ឥវ៉ាន់​នៅ Walmart លោក​ចាយ​អស់ ៧ ម៉ឺន​ដុល្លារ​រហូត​ធ្វើ​ឲ្យ​ក្រុម​សន្តិសុខ​ផ្ទាល់ខ្លួន​មាន​ការ​ភាន់ច្រឡំ​ស្មាន​តែ​គេ​លួច​កាត​ធនាគារ​របស់​លោក​ថែម​ទៀត។

សម្រាប់​ការ​ហូបចុក​វិញ Shaq ក៏​ដៃ​ទូលាយ​ដូចគ្នា​ដោយ​ក្នុង​មួយ​ខែ លោក​ចាយ​អស់ ១២ ៧៧៥ ដុល្លារ​សម្រាប់​ចំណីអាហារ​។ ហើយ​បើ​មើលទៅ​លើ​ការ​ចំណាយ​ផ្សេងៗទៀត គឺ​អាច​ឲ្យ​ប្រិយមិត្ត​ចំហ​មាត់​បាន ដោយ​អតីត​កីឡាករ​បាល់បោះ ចាយ​អស់​ជាង ៧០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ ដោយ ជាង ១០ ម៉ឺន​ដុល្លារ​សម្រាប់​ដំណើរ​កម្សាន្ត​ ៤៦ ៥០០ ដុល្លារ​សម្រាប់​ថ្លៃ​មើលថែ​កូន ២៣ ៩៥០ ដុល្លារ​សម្រាប់​សំលៀកបំពាក់ ៦០ ៤១៧ សម្រាប់​ការទិញ​កាដូ​ ២៤ ៣០០ ដុល្លារ​សម្រាប់​ថ្លៃ​ប្រេងឥន្ធនៈ និង​ជាង ៤០ ម៉ឺន​ដុល្លារ​សម្រាប់​ការ​ទូទាត់​ប្រាក់កម្ចី​ទិញ​ផ្ទះ​ ៣ កន្លែង​៕

ប្រភព: Cheatsheet