ខ្លាំងមែន ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ថៃ PTT ទិញ​យក​ក្រុមហ៊ុន​ថាមពល​ឥណ្ឌា​ធំ​មួយ​ក្នុង​តម្លៃ​ជាង ៤៥០​លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

ក្រុមហ៊ុន Global Power Synergy Public Company ហៅ​កាត់ GPSC ដែល​ជា​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​ និង​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ PTT បាន​ទិញ​ចំណែក​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ឥណ្ឌា​ Avaada Energy ដែល​ជា​ក្រុមហ៊ុន​ផលិត​ថាមពល​កកើត​ឡើង​វិញ​ដល់ទៅ ៤១,៦% ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៤៥៣ លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Auttapol Rerkpiboon ដែល​ជា​ប្រធាន និង​នាយក​​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន PTT បាន​លើក​ឡើង​ថា ការទិញ​យក​​ចំណែក​ភាគ​ហ៊ុន​ក៏​ច្រើន​ខាងលើ​ នឹង​ផ្ដល់​ឲ្យ PTT នូវ​ថាមពល​កកើត​ឡើង​វិញ​បាន ៣ ៧៤៤ មេហ្គាវ៉ាត់។ លោក​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា៖​ “កិច្ច​ព្រមព្រៀង​នៃ​ការទិញ​នោះ​ គឺ​ដើម្បី​សម្រាប់​ពង្រីក​បន្ថែម​នូវ​ថាមពល​កកើត​ឡើង​វិញ​ឲ្យ​បាន​ដល់ ៨ ០០០ មេហ្គាវ៉ាត់​នៅក្នុង​ឆ្នាំ ២០៣០”។

លោក​បន្ថែម​ថា៖ “​ការ​វិនិយោគ​នៅ​ប្រទេស​ឥណ្ឌា​នេះ នឹង​គាំទ្រ​ដល់​គោលនយោបាយ​នៃ​ប្រទេស ក៏​ដូចជា​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​ជាច្រើន​ទម្រង់​ផង​ដែរ”។

ការពង្រីក​អាជីវកម្ម​ផ្នែក​ថាមពល​កកើត​ឡើងវិញ​នេះ គឺជា​ការងារ​បន្ទាន់​ដែល PTT ត្រូវធ្វើ​ ហើយ​ដោយសារ​មាន​ការ​ដាក់​សំពាធ​ខ្លាំង​ពី​វិនិយោគិន​ផង PTT ចាំបាច់​ត្រូវ​ចាត់​វិធានការ​សំខាន់ៗ ដើម្បី​ឲ្យ​កិច្ច​ព្រមព្រៀង​ជាមួយ Avaada ត្រូវ​បញ្ចប់​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់តែ​ប្រសើរ​។

បញ្ជាក់​ដែរ​ថា ​សម្រាប់​ថាមពល​បន្ថែម ៣ ៧៤៤ មេហ្គាវ៉ាត់​របស់ PTT នោះ ថាមពល​ ១ ៣៩២ មេហ្គាវ៉ាត់ បាន​មក​ពី​រុក្ខជាតិ​នុយក្លេអ៊ែរ​ដែល​កំពុង​ដំណើរការ និង​ថាមពល ២ ៣៥២ មេហ្គាវ៉ាត់​ទៀត បាន​មក​ពី​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​កំពុង​សាងសង់ និង​គ្រោង​បើក​ដំណើរការ​នៅ​ឆ្នាំ ២០២២។

លើស​ពី​នេះ​ទៀត ការ​វិនិយោគ​មួយ​នេះ​បាន​ជួយ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ក្រុមហ៊ុន PTT ដែល​ស្មើ​នឹង​ប្រមាណ ៤,៣ លាន​តោន​នៃ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ក្នុង​មួយឆ្នាំ​ទៀត​ផង៕

ប្រភព: Nikkei