ប្រកាស​លក់​ផ្ទះ​បងប្រុស​​មេ​ភេរវកម្ម​ Osama Bin Laden នៅអាមេរិក ទុក​ចោល​ជាង ២០ ឆ្នាំ តម្លៃ​ ២៨ លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

លឺ​ឈ្មោះ Osama Bin Laden ប្រិយមិត្ត​ប្រាកដ​ជា​ចាំ​មិនខាន​អំពី​ព្រឹត្តិការណ៍​​បំផ្ទុះ​អគារ​ពាណិជ្ជកម្ម នៅ​ឯ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី ០៩ ​កញ្ញា ឆ្នាំ ២០០១ ដែល​កាលនោះ​ធ្វើ​ឲ្យ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ និង​ទទួលរង​ការខូចខាត​យ៉ាងដំណំ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹក​ពី​ប្រវត្តិ​មេ​ភេរវកម្ម​ខាងលើ​បន្តិច លោក​កើត​នៅ​ក្នុង​ត្រកូល​អភិជន ដែល​មាន​បងប្អូន​ដល់​ទៅ ៥២ នាក់ ហើយ​បន្ទាប់ពី​ឪពុក​បាន​ចែកឋាន​នៅ​ឆ្នាំ ១៩៦៧ កូនៗ​របស់​លោក​ទាំងអស់​ទទួល​បាន​ពី ២០-៣០ លាន​ដុល្លារ​ក្នុង​ម្នាក់ ឬ​ប្រមាណ ១៦០ លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។ ដូច្នេះ​បើ​គិត​ពី​ទ្រព្យ​សម្បត្តិ​រួម​នៃ​ត្រកូល Bin Laden គឺ​មាន​ប្រមាណ ១០ ពាន់​លាន​ដុល្លារ។

ក្នុង​ចំណោម​បងប្អូន​ទាំង ៥២ នាក់ លោក Ibrahim Bin Laden គឺ​ជា​កូន​ទី ១៥ ខណៈ Osama ជា​កូន​ទី ១៧។ លោក Ibrahim បាន​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​​នៅ​ដើម​ទសវត្ស ១៩៨០ ក្នុង​វ័យ​ខ្ទង់ ២០ ឆ្នាំ នៅ​ឯ​សាកលវិទ្យាល័យ University of Southern California។

នៅ​ឆ្នាំ ១៩៨៣ បុរស​មាន​រហស្សនាម Play Boy បាន​ទិញ​ភូមិគ្រឹះ​មួយ​នៅ​តំបន់ Bel Air តម្លៃ ១,៦៥ លាន​ដុល្លារ ឬ ៤,៥ លាន​ដុល្លារ​គិត​ហាងឆេង​បច្ចុប្បន្ន។ រយៈពេល ២ ទសវត្ស​ដែល Ibrahim ចំណាយ​ពេលវេលា​ដ៏​មាន​ន័យ​ជាមួយ​គ្រួសារ​នៅ​ភូមិគ្រឹះ​ទំហំ ៦៥០ ម៉ែត្រការ៉េ​ ដោយ​មាន​កង​សន្តិសុខ​ចាំ​ការពារ ២៤​ ម៉ោង អ្នកបម្រើ​ឆ្វេង​ស្ដាំ ឡាន​ទំនើប​រាប់​សិប​គ្រឿង។

តែ​អ្វីៗ​បាន​ប្រែ​ជា​អសារបង់​បន្ទាប់ពី​ព្រឹត្តិការណ៍ 9/11 បាន​កើត​មាន ដោយ​នៅ​ថ្ងៃ​នោះ Ibrahim បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ហើយ​ចាប់​តាំងពី​ថ្ងៃ​នោះ​មក លោក​ក៏​ឈប់​ឈាន​ជើង​ជាន់​ដី​សហរដ្ឋ​អាមេរិក​ត​ទៀត។

ដោយឡែក​ភូមិគ្រឹះ​នោះ គឺ​ត្រូវ​បាន​ទុក​ចោល​អស់​រយៈ​កាល ២០ ឆ្នាំ​មក​ហើយ ទើបតែ​កាលពី​សប្ដាហ៍​មុន​នេះ វា​ត្រូវ​បាន​ប្រកាស​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជាមួយ​តម្លៃ ២៨ លាន​ដុល្លារ ដោយ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ Coldwell Banker ជា​អ្នក​ផ្សព្វផ្សាយ។

តោះ! ចង់​ដឹង​ភូមិគ្រឹះ​មួយ​នោះ​មាន​រូបរាង​បែប​ណា សូម​ទៅ​មើល​រូបភាព​នៅ​ខាងក្រោម​ដូច​តទៅ៖

រូបភាពពី MLS

យ៉ាងណាមិញ រូបភាព​នៃ​រចនាបថ​ផ្នែក​ខាងក្នុង​គឺ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ឃើញ​ឡើយ៕

ប្រភព: celebritynetworth