មកដឹង ៤ចំណុចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រើក្នុងការប្រែក្លាយតំបន់គ្មានមនុស្សហ៊ានដើរចូល អភិវឌ្ឍន៍ទៅជាគ្រាប់ពេជ្រដ៏ភ្លឺផ្លេក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាពាណិជ្ជករអចលនទ្រព្យវ័យក្មេងម្នាក់ ទទួលបានភាពជោគជ័យយ៉ាងសំបើងនៅទស្សវត្សរ៍ទី ២១នេះ។ លោកទើបតែហក់ប្រឡូកក្នុងវិស័យដីធ្លីប្រមាណជាង ១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមុខជំនួញរបស់លោកមានការកាក់កប់ និងរីកចំរើនឡើងឥតឈប់ឈរ។ លោកក៏ក្លាយជាមហាសេដ្ឋីវ័យក្មេងជាប់ក្នុងបញ្ជីឈ្មោះ ធុរកិច្ចជន ដែលបានជួយជ្រុមជ្រែងយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាលកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ជាអគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប ដែលក្រោបដណ្តប់ដោយបណ្តុំអាជីវកម្មជាច្រើនវិស័យ រួមមាន៖ ផលិតកម្ម Galaxy Navatra, ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា, ក្រុមហ៊ុន ជីអេសអឹម ឡេងណាវ៉ាត្រា ខូសមេទិក, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឡេង​វ៉ាត្រា Capital PLC និងគម្រោងទីក្រុងរណបជាច្រើនកន្លែងផ្សេងទៀត។

ប្រិយមិត្តឧកញ៉ាញូស៍ជាច្រើនបានដឹងមកហើយ នូវគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ប៉ោយប៉ែត Poipet Satellite City ខេត្តបន្ទាយមានជ័យ, គម្រោងរមណីយដ្ឋានសិប្បនិមិត្តលើផ្ទៃដី ៥០០ហិចតា នៅខេត្តបាត់ដំបង និងគម្រោងអភិវឌ្ឍន៍លើផ្ទៃដីជាង ២០០ហិចតា នៅខេត្តសៀមរាប មានការចាប់អារម្មណ៍គាំទ្រទៅទិញ ផ្លុកទឹកផ្លូកដី ជាមួយនឹងតម្លៃសមរម្យ ទីតាំងសក្តានុពលខ្លាំងដែលស្ថិតក្នុងបណ្តាលខេត្តកំពុងមានការអភិវឌ្ឍន៍។

តាមរយៈការគាំទ្រសំរុកទៅទិញយ៉ាងច្រើនកុះករនាពេលកន្លងមកនេះ សរបញ្ជាក់ពីភាពជោគជ័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារឆក់យកបេះដូងប្រជាជន ជាមួយនឹងភាពស្មោះត្រង់ ទទួលខុសត្រូវខ្ពស់របស់លោកក្នុងការនាំពួកគាត់ឆ្ពោះទៅរកការអភិវឌ្ឍន៍ពិតប្រាកដ។

ជាក់ស្តែងគម្រោងអភិវឌ្ឍទីក្រុងរណប ប៉ោយប៉ែត Poipet Satellite City លើផ្ទៃដីទំហំរហូតជិត ៤000 (បួនពាន់) ហិចតា ជាប់នឹងព្រំដែនថៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានពុះពារជំនះរាល់ការលំបាក ជាមួយនឹងគ្រាប់មិនទាន់ផ្ទុះ គ្រាប់មីនជាច្រើនប្រភេទ។ បើទោះបីដឹងថាលំបាកយ៉ាងណាក៏លោកមិនបោះបង់ក្តីស្រមៃ មិនបោះបង់ការព្យាយាមនោះទេ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ឲ្យដឹងថា៖ “ព្រំដែនថៃ ប៉ោយប៉ែតម៉ាឡៃ ជាកន្លែងពោរពេញទៅដោយ គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់មីនជាច្រើនប្រភេទ ពេលដែលក្រុមហ៊ុនចូលទៅដល់ដំបូង បានចាប់ផ្ដើមប្រមូលនិងរាវ ហើយប្រឹងប្រែងអភិវឌ្ឍន៍យ៉ាងលំបាក ហើយអតីតកាលជាកន្លែងដែលគ្មានមនុស្សហ៊ានដើរចូល ពេលនេះបានប្រែក្លាយទៅជាគ្រាប់ពេជ្រដ៏ភ្លឺផ្លេកនៃតំបន់ព្រំដែន”

 ”ធ្វើជាមេទ័ព ត្រូវ​តែ​ចូល​សមរភូមិ​ជួរ​មុខ​ទើប​ធ្វើ​កិច្ចការ​ធំ​បាន”។ អ្នកឧកញ៉ាបន្ថែម។

អ្នកឧកញ៉ាម្ចាស់បុរី ឡេង ណាវ៉ាត្រា គ្រុប បង្ហាញគោលការណ៍គ្រឹះជាគ្រាប់ពជ្រចំនួន ៤គ្រាប់ក្នុងការជំរុញការអភិវឌ្ឍន៍របស់លោកបានយ៉ាងឆាប់រហ័ស និងទទួលបានជោគជ័យធំនៃគម្រោងនីមួយៗ ដូចជា៖

១-ការអភិវឌ្ឍន៍ដោយការទទួលខុសត្រូវ

២-ការអភិវឌ្ឍន៍ដោយមានចក្ខុវិស័យវែងឆ្ងាយ

៣-ការអភិវឌ្ឍន៍ដោយយល់ពីសេដ្ឋកិច្ចអតិថិជន

៤-ការអភិវឌ្ឍន៍ដោយការចែករំលែក

អ្នកឧកញ៉ាបានបញ្ជាក់ថា ៤ចំណុចខាងលើនេះហើយដែលធ្វើឲ្យគម្រោងរាប់ពាន់ហិចតារបស់លោក ប្រែក្លាយជាតំបន់ដែលមានសក្ដានុពលលើសពីការរំពឹងទុក៕