កោះ​​​មួយ​តូច​​ជាង​ខេត្ត​បាត់ដំបងជិត ១០ដង សំបូរ​សេដ្ឋី​មាន​ៗ​បំផុត​លើលោក

អន្តរជាតិ
1.9K Shares

ហុងកុង​គឺ​ជា​កោះ​តូច​មួយ​ ដែល​មាន​ទំហំ​ដី​ត្រឹម ១ ១០៦ គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ​តូចជាង​ខេត្តបាត់ដំបង​រហូត​ដល់​ជាង ១០ ដង​ឯណោះ តែ​បើ​ទោះជា​តូច​មែន តែ​ខ្លឹម​ណាស់ ព្រោះ​ហុងកុង​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ខ្លា​សេដ្ឋកិច្ច​ទាំង ៤ នៅ​អាស៊ាន​​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​ជា​ប្រទេស​សេដ្ឋកិច្ច​យក្ស​មួយ​ហើយ ហុងកុង​ច្បាស់ជា​មាន​មហាសេដ្ឋី​ច្រើន​រាប់​មិន​អស់​ជា​មិនខាន តែ​សម្រាប់​អត្ថបទ​មួយ​នេះ ឧកញ៉ាញូវសន៍​សូម​លើក​បង្ហាញ​ពី​មហាសេដ្ឋី​មាន​បំផុត ១០ រូប​ប្រចាំ​ប្រទេស​ជា​មុន​សិន៖

1/ Li Ka-shing

បុរស​មាន​រហស្សនាម Superman លោក Li Ka-shing គឺជា​អ្នកជំនួញ​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នៅ​តំបន់​អាស៊ី។ ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង លោក​ Li បើក​រោងចក្រ​ផលិត​ប្លាស្ទិក​ Cheung Kong ដាក់​ឈ្មោះ​បាន​តាម​ទន្លេ Yangtze River ក្នុង​ឆ្នាំ ១៩៥០​ដែល​កាល​នោះ​លោក​មាន​វ័យ ២១ ឆ្នាំ​ជាមួយ​ប្រាក់​ត្រឹម ៦ ៥០០ ដុល្លារ និង​គួបផ្សំ​ពី​ការ​ខ្ចីប្រាក់​បងប្អូន​បន្ថែម​។

បច្ចុប្បន្ន បុរស​វ័យ ៩៣ ឆ្នាំ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣៥,៤ ពាន់​លាន​ដុល្លារ ហើយ​ស្ថាប័ន​ Li Ka Shing Foundation ក៏​ធ្លាប់​បរិច្ចាគ​ប្រាក់​ច្រើនជាង ៣,៣ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​ច្រើនជាង ៨០%​ ទៅកាន់​ប្រទេស​ចិន។

2/ Lee Shau Kee

មហាសេដ្ឋី​មាន​បំផុត​ទី​ ២​ នៅ​ហុងកុង​ លោក Lee Shau Keeធំធាត់​នៅ​ក្នុង​គ្រួសារ​ជីវភាព​ក្រខ្សត់​ ដែល​អាច​ញាំ​ត្រី ឬ​សាច់​បាន​តែ ២ ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ លោក​បាន​ចាប់​ផ្ដើម​ក្រុមហ៊ុន​អភិវឌ្ឍន៍ Henderson Land Development ក្នុង​ឆ្នាំ ១៩៧៦ ដែល​ជា​ប្រភព​ចំណូល​ធំ​បំផុត​របស់​បុរស​រូប​នេះ។

មិន​តែ​ប៉ុណ្ណោះ លោក Lee ក៏​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Sun Hung Kai និង Kwok Tak-Seng ដែល​ជា​ឪពុក​របស់​បងប្អូន​ត្រកូល​ Kwok ផង​ដែរ​។ បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​លោក Lee មាន​ប្រមាណ ៣០,៥ ពាន់​លាន​ដុល្លារ។

3/ Henry Cheng និង​គ្រួសារ

ទ្រព្យសម្បត្តិ​សរុប​របស់​បុគ្គល​ទី ៣ គឺ​ប្រមាណ ២២,១ ពាន់​លាន​ដុល្លារ ខណៈ Henry Cheng គឺ​ជា​អ្នក​ឡើង​កាន់កាប់​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន Chow Tai Fook Jewellery និង New World Development។ ក្រុម​គ្រួសារ​ទាំង ៩ រូប គឺ​ធ្វើការ​ជា​ប្រព័ន្ធ​ដែល​មាន​កូនៗ​ទាំង ២ របស់​ Henry ដើរតួ​នាទី​ធំ គឺ Adrian ជា​អនុប្រធាន​នៅ New World Development ខណៈ Sonia ជា​ CEO នៃ​ក្រុមហ៊ុន Rosewood Hotel Group ដែល​ New World ទិញ​បាន​កាលពី​ឆ្នាំ ២០១១។

4/ Yeung Kin-Man និង​ភរិយា Lam Wai-ying

ប្ដីប្រពន្ធ​មួយ​គូ​នេះ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៨,៦ ពាន់​លាន​ដុល្លារ ​ខណៈ Kin-Man គឺជា​ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុមហ៊ុន Biel Crystal Manufactory ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កញ្ចក់​ទូរស័ព្ទ​ Smartphone ទៅ​កាន់ Apple និង​មាន​បុគ្គលិក​ជាង ១២ ម៉ឺន​នាក់​នៅ​ប្រទេស​ចិន។

5/ Lui Che Woo និង​គ្រួសារ

លោក Lui Che Woo គឺជា​ម្ចាស់​សាខា​កាស៊ីណូ Galaxy Entertainment Group និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ K.Wah International Holdings ដែល​មាន​ទីតាំង​នៅ​ហុងកុង។ បច្ចុប្បន្ន​ លោក Lui មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៧,៨ ពាន់​លាន​ដុល្លារ ហើយ​លោក​ក៏​ឲ្យ​កូនៗ​របស់​លោក​មើល​ការខុសត្រូវ​ទៅលើ​ជំនួញ​ផង​ដែរ ដោយ​កូនច្បង Francis ជា​អ្នក​មើល​រ៉ាប់រង​កាស៊ីណូ Galaxy ស្របពេល​កូនស្រី Paddy និង​កូនប្រុស Alexander ធានា​ការខុសត្រូវ K.Wah ។

6/ Lee Man Tat

លោក Lee Man Tat គឺជា​អតីត​ប្រធាន​ក្រុមហ៊ុន LKK Group និង​ជា​ឪពុក​របស់​ Lee Kum Kee ដែល​ជា​អ្នក​ផលិត​ប្រេងខ្យង​ធំ​បំផុត​ក្នុង​ពិភពលោក។ ក្រោយ​​ចែកឋាន​នៅ​ក្នុង​ជន្មាយុ ៩១ ឆ្នាំ កាលពី​ខែ​កក្កដា ២០២១ ក្រុមហ៊ុន​របស់​លោក​គឺ​គ្រប់គ្រង​បន្ត​ដោយ​កូន​ប្រុស Charlie ជាមួយ​បងប្អូន​ដទៃ​ទៀត ហើយ​មកទល់​ពេលនេះ ផលិតផល​របស់ LKK មាន​ការ​ចែកចាយ​ជាង ១០០ ប្រទេស។ បើ​តាម​ Forbes បាន​ឲ្យដឹង​ថា ទំហំ​ទ្រព្យសម្បត្តិ​របស់ Lee Man Tat គឺ​មាន​ប្រមាណ ១៧,៤ ពាន់​លាន​ដុល្លារ។

7/ Peter Woo

លោក Peter Woo ជា​អតីត​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Wheelock & Co. ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ធំ​បំផុត Wharf Holdings មុន​ប្រកាស​ចុះចេញ​ពី​តំណែង​កាលពី​ឆ្នាំ ២០១៥។
៥ ឆ្នាំ​ក្រោយ Douglas ដែល​ជា​កូន​របស់​លោក​ បាន​កាន់​តំណែង​ជា​ប្រធាន​​Wheelock មកទល់​សព្វថ្ងៃ។

លោក Peter ចាប់​ផ្ដើម​អាជីព​តំបូង​នៅ​ឆ្នាំ ១៩៧២ នៅ Chase Manhattan Bank ទីក្រុង New York ដែល​ជា​កន្លែង​ផ្ដើម​ស្នេហ៍​ជាមួយ​ប្រពន្ធ Bessie ជា​កូនស្រី​អ្នក​ជំនួញ​យក្ស Y.K. Pao។ រហូត​ដល់​ឆ្នាំ ១៩៧៥ លោក​ក៏​បាន​ចូលរួម​គ្រប់គ្រង​ជំនួញ​គ្រួសារ​ខាង​ប្រពន្ធ​នៅ​ហុងកុង ហើយ​បច្ចុប្បន្ន​លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៧ ពាន់​លាន​ដុល្លារ។

8/ Joseph Lau

Joseph Lau គឺជា​អតីត​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​ ដែល​វា​ក៏​ជា​ប្រភព​ចំណូល​ធំ​បំផុត​របស់​មហាសេដ្ឋី​រូប​នេះ​ផង​ដែរ។ បុរស​រូប​នេះ​ជាប់​ឈ្មោះ​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៦ ហើយ​កាលពី​ឆ្នាំ ២០១៧ លោក​បាន​ផ្ទេរ​ប្រាក់​ជាច្រើន​ទៅ​កាន់​ប្រពន្ធ និង​កូនប្រុស​ ក្រោម​ហេតុផល​បញ្ហា​សុខភាព​មាន​អាការៈ​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន មហាសេដ្ឋី​ខាងលើ​មាន​ទ្រព្យ​ប្រមាណ ១៣.៥ ពាន់​លាន​ដុល្លារ។

9/ Kwong Siu-hing

Kwong Siu-hing គឺជា​ស្ត្រី​មេម៉ាយ​ក្រោយ​លោក Kwong Tak-seng ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ Sun Hung Kai បាន​ចែកឋាន​កាលពី​ឆ្នាំ ១៩៩០។ អ្នកស្រី​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្រុមហ៊ុន​តាំងពី​ឆ្នាំ ២០០៨ ដល់ ២០១១ បន្ទាប់​ពី​កូនច្បង់ Walter មាន​ជម្លោះ​ជាមួយ​ប្អូនប្រុស ២ រូប​ផ្សេងទៀត គឺ​ Thomas និង​ Raymond។

គិត​មក​ទល់​ពេលនេះ អ្នក​ស្រី​ Kwong គឺ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៣,៤ ពាន់​លាន​ដុល្លារ។

10/ Joseph Tsai

បិទ​បញ្ជី​នៃ​មហាសេដ្ឋី​ប្រចាំ​ហុងកុង គឺជា​អនុប្រធាន និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group និង​ជា​បុគ្គល​មាន​ចំណែក​ភាគហ៊ុន​ធំ​បំផុត បន្ទាប់​ពី Jack Ma។

លោក Tsai បាន​ទិញ​ភាគហ៊ុន ៤៩%​នៃ​ក្រុម​បាល់បោះ Brooklyn Nets National Basketball ហើយ​នៅ​ឆ្នាំ​បន្ទាប់​លោក​បាន​ទិញ​ផ្ដាច់​ចំណែក​សេសសល់ ៥១% ទៀត​។ បច្ចុប្បន្ន បុរស​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១២,៥ ពាន់​លាន​ដុល្លារ កាន់​លិខិត​ឆ្លងដែន​ជនជាតិ​កាណាដា បើ​ទោះជា​ចាប់​កំណើត​នៅ​លើ​ទឹកដី​កោះ​តៃវ៉ាន់​ក្ដី៕

ប្រភព: Forbes

1.9K Shares