រដ្ឋមន្រ្តី៖ កន្លងមករាជរដ្ឋាភិបាលសម្រេចឯកភាពរួចមកហើយឲ្យវិស័យឯកជនសាកល្បងនាំចូលសត្វជ្រូកសាច់រស់ចំនួន ១លានក្បាលពីប្រទេសថៃ

សង្គម​និង​សេដ្ឋកិច្ច

លោករដ្ឋមន្រ្តី វេង សាខុន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមកបានដើម្បីពិនិត្យ និងសម្រេចឯកភាពរួចមកហើយឲ្យវិស័យឯកជនសាកល្បងនាំចូលសត្វជ្រូកសាច់រស់ចំនួន ១.០០០.០០០ (មួយលាន) ក្បាលក្នុងមួយឆ្នាំពីប្រទេសថៃ។ នេះបើយោងតាមលិខិតកម្រាស់ពីរទំព័រដែលចុះហត្ថលេខារួមគ្នារវាងរដ្ឋមន្រ្តីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអនុញ្ញាតឲ្យវិស័យឯកជននាំចូលសត្វជ្រូកសាច់រស់ចំនួន ១លានក្បាលនេះ ដោយក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម  អះអាងថា ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ក្នុងដំណាក់កាលដែលមានផលប៉ះពាល់ដោយវីរុសជាសកលកូវីដ-១៩អូសបន្លាយរយៈពេលយូ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កន្លងមកបានធ្វើការកាត់បន្ថយចំនួនជ្រូកនាំចូលពីបរទេសពី ២០.៤០០ក្បាល/១ថ្ងៃ នៅខែមករា ឆ្នាំ២០២០ មកត្រឹមចំនួន ៦.៧០០ក្បាល/១ថ្ងៃ ត្រឹមថ្ងៃខែកុម្ភៈ ឆ្នាំ២០២០។ បច្ចុប្បន្នក្រសួងឲ្យនាំចូលនៅត្រឹមតែតែចំនួន ៦.៣០០ក្បាល/១ថ្ងៃ គឺក្នុងន័យបង្កើនផលិតកម្មសត្វជ្រូកក្នុងស្រុក និងរកទីផ្សារជូនកសិករ ក្រុមហ៊ុនចិញ្ចឹមជ្រូក និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីបំពេញនូវកង្វះខាត ១៨%តែប៉ុណ្ណោះ។

ក្រសួងកសិកម្មបញ្ជាក់ថា ការកាត់បន្ថយការនាំចូលមួយរយៈពេលមកនេះ តម្លៃជ្រូករស់មានការកើនឡើង និងការផ្គត់ផ្គង់ក្នុងស្រុកមានស្ថេរភាព ក្នុងរង្វង់ចន្លោះពី ១១.០០០រៀល ទៅ១២.៨០០រៀលក្នុងមួយគីឡូក្រោម ដែលតម្លៃនេះប្រជាកសិករ អ្នកចិញ្ចឹមសត្វ និងប្រជាពលរដ្ឋអាចទទួលយកបាន។

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នឹងបន្តកិច្ចសហការចាត់វិធានការលើការនាំចូលជ្រូក និងស្បៀងអាហារផ្សេងទៀត ក៏ដូចជាការជំរុញផលិតកម្មក្នុងស្រុកតាមរយៈជួយដល់សហគ្រាសតូចៗ និងកសិករ ដើម្បីទទួលបានឥណទាននានា និងបន្តរៀបចំគោលនយោបាយគាំទ្រជាអន្តរវិស័យដើម្បីលើកទឹកចិត្តដល់ការចិញ្ចឹម លក់សាច់ជ្រូក និងផលិតកម្មចំណីអាហារផ្សេងទៀតនៅប្រទេសកម្ពុជា៕