ឱកាស​ល្អ បើក​កម្មវិធី​ប្រកួត​ពន្លឿន​អាជីវកម្ម​សហគ្រាស​ធុនតូច​ និងមធ្យម

សង្គម​និង​សេដ្ឋកិច្ច

កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល បាន​បើកដំណើរការ​ដើម្បីជំរុញការចាប់​យក​បច្ចេកវិទ្យា​ឌីជីថល តាមរយៈការបំផុសឱ្យធុរកិច្ចដែលមានគំនិតច្នៃប្រឌិតថ្មីៗ ធ្វើការអភិវឌ្ឍផលិតផល ឬសេវាកម្ម​ជួយដល់សហគ្រាសធុនតូច និងមធ្យម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីប្រាក់រង្វាន់ សរុប៤០លានរៀល សម្រាប់ម្ចាស់ជ័យលាភីនៃកម្មវិធី បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ដូចជា ការណែនាំ និងការផ្តល់យោបល់ពីអ្នកជំនាញផ្សេងៗ ការទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ការិយាល័យសម្រាប់ធ្វើការ និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផង។

វិស័យឌីជីថល នឹង​ជួយ​ស្តារសេដ្ឋកិច្ច​ឡើង​វិញ​ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាអាចជួយជំរុញបង្កើនផលិតភាព នៃវិស័យផ្សេងៗជាច្រើនទៀត។ សហគ្រាសធុនតូច និងមធ្យម អាចចាប់យកឌីជីថល ក្នុងការរួមចំណែកបង្កើនផលិតភាព ប្រសិទ្ធិភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៃសង្គមឌីជីថលកម្ពុជា។

«កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល» រៀបចំ​ឡើងដោយ​​មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) ដែល​បើក​សម្ពោធផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក ក្រោម​វត្តមាន​ឯកឧត្ដមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង​លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រួមទាំង​ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា។

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://dsa.techostartup.center/។ ការដាក់ពាក្យចាប់ផ្តើមទទួលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង១១៖៥៩នាទីយប់។