កំពង់ផែឡាវ មានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដើម្បីសម្រួលការដឹកទំនិញទៅប្រទេសចិន 

សង្គម​និង​សេដ្ឋកិច្ច

កំពង់ផែស្ងួត Vientiane Logistice Park មានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ន និងនីតិវិធីងាយស្រួល។ នេះបើតាមអគ្គនាយកក្រុមហ៊ុន កំពង់ផែស្ងួត Vientiane Logistice Park ប្រាប់គណៈប្រតិភូរដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃទី១៥ ខែកញ្ញា ដឹកនាំដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែស្ងួត Vientiane Logistice Park ជាគម្រោង វិនិយោគដោយទុននៅក្នុងស្រុកក្នុងទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។  គម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោក គឺLand locked to land linked។

ថ្លែងនៅក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៏ធំនេះ។ លោកស្រីចាត់ទុកថា គម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំប្រទេសឡាវ ហើយនេះជាគម្រោងមួយ គួរជាទីមោទនៈណាស់ ពីព្រោះបានប្រើប្រាស់ទុននៅក្នុងស្រុក។

ចំពោះគម្រោងចង់តភ្ជាប់ផ្លូវគមនាគមន៍ចូលមកកម្ពុជានោះ លោកស្រី ម៉ែន សំអន និងពាំនាំគម្រោងនេះជូនថ្នាក់ដឹកនាំហើយបញ្ជាក់ថា កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុនចុះទៅសិក្សានៅកម្ពុជានោះ។

រូបភាពឯកសារ

គួររំលឹកថា ថ្មីៗកន្លងទៅ កម្ពុជា​កំពុងសិក្សា​លើ​​លទ្ធភាព​ផ្សេងៗ ​​ក្នុង​ការ​ត​ភ្ជាប់​ផ្លូវ​រថយន្ត​ភ្លើង​ល្បឿន​លឿន​ពី​ប្រទេស​ឡាវ ​​ដើម្បី​លើក​កម្ពស់​វិស័យ​ដឹក​ជញ្ជូន​ ព្រោះ​ការ​ដឹក​ជញ្ជូន​​តាម​រថភ្លើង​ មាន​ភាព​ប្រសើរ​​ និង​ចំណេញ​ពេលវេលា​ជាង​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ផង​ដែរ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ​​ថ្លែងប្រាប់ឧកញ៉ាញូស៍ថា ក្រុមហ៊ុនប្រមាណជាង ៣០​ របស់កម្ពុជា បានទៅ​ធ្វើ​ទស្សនៈកិច្ច​សិក្សា​នៅ​ប្រទេស​ឡាវ ដោយ​មាន​បំណង​ស្វែង​យល់​ និង​សិក្សា​ពី​ផ្លូវ​រថភ្លើង ក្នុង​ការ​តភ្ជាប់​ពី​ប្រទេស​ចិន (ទីក្រុងគុនមីង) មក​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ឆ្លងកាត់​ប្រទេស​ថៃ និង​​មក​​ដល់​កម្ពុជា ​​តាម​​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។

សម្រាប់​ការ​សិក្សា​ជា​ជំហាន​ដំបូង​នេះ ឧកញ៉ា ស៊ិន ចន្ធី ​បាន​បញ្ជាក់​បន្ថែម​ថា៖ «សម្រាប់ប្រតិបត្តិការ​​ផ្លូវ​រថភ្លើង​ពី​ចិន​មក​ឡាវ ​​បាន​ដំណើរ​ការ​ហើយ គិត​រយៈពេល​យ៉ាង​យូរ​បំផុត​ត្រឹម​៣​ថ្ងៃ​ក្នុង​ការ​ដឹក​ជញ្ជូន។ បើ​ឆ្លង​កាត់​ថៃ គឺ​ត្រូវ​ការ​ពេល​ប្រហែល​២​ថ្ងៃ​ទៀត ទើប​ដល់​កម្ពុជា។ និយាយ​ជា​រួម យើង​វាយ​តម្លៃ​ថា ការ​ដឹក​ជញ្ជូន​ភ្ជាប់​ពី​ទីក្រុង​គុនមីង ប្រទេស​ចិន មក​ដល់​កម្ពុជា អាច​នឹង​ប្រើ​ពេល​សរុប​ប្រហែល​១​សប្តាហ៍។ ទោះ​យ៉ាងណា នេះ​ជា​ការ​សិក្សា​ជា​បឋម ​​​​ហើយ​ភាគី​កម្ពុជា នឹង​​បន្ត​សិក្សា​ជាមួយ​ឡាវ​ទៀត ​​ដែល​ត្រូវ​សម្រួល​បែប​បទ​ជា​ច្រើន​ដូច​ជា បែប​បទ​គយ និង​បែបបទ​​នៃ​ការ​ឆ្លង​កាត់​ព្រំដែន ជា​ដើម»។

សូមបញ្ជាក់​ថា កាល​ពី​ពេល​​ថ្មីៗ​នេះ​ ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យក្រសួងការងារ និងដឹកជញ្ជូន ក៏​បានប្រាប់​ឱ្យ​សារព័ត៌មានដឹងផងដែរថា ក្រសួងនឹងសហការជាមួយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន ដើម្បីខិតខំស្វែងរកផ្លូវ ដែល​មាន​សក្តានុពល សម្រាប់សាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវ នាពេលខាងមុខ៕