បញ្ចប់ថ្នាក់បណ្ឌិតជីវសាស្ដ្រពីប្រទេសអូស្ដ្រាលី ប្រែក្លាយមកជារដ្ឋមន្រ្តីក្រសួងបរិស្ថានវ័យក្មេងជាងគេ

សង្គម​និង​សេដ្ឋកិច្ច

លោក​ សាយ សំអាល់ បាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​ឆ្នាំ​ ២០១៣ រហូត​មក​ដល់​បច្ចុប្បន្ន ខណៈដែលលោកត្រូវបានគេមើលឃើញថា ជារដ្ឋមន្រ្តីវ័យក្មេងជាងគេ មាន​អាយុ ៣៣ឆ្នាំ​ នៅពេល​​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេល​លោក​ចូលកាន់​តំណែង​នេះ​ដំបូង ក្រុម​អ្នក​ការពារ​បរិស្ថាន​ និង​មជ្ឈដ្ឋាន​ទូទៅ​មានក្ដី​សង្ឃឹម​ច្រើន​ថា ​រដ្ឋមន្ត្រី​វ័យ​ក្មេង​រូប​នេះ​ ប្រហែលជា​អាច​ទប់ស្កាត់​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​បាន ​ព្រោះ​លោក​នៅ​វ័យ​ក្មេង​ ឈាម​ថ្មី​ និង​បាន​សិក្សា​ខ្ពស់​នៅ​ប្រទេស​ជឿន​លឿន​ផង​នោះ ​អាច​មាន​គំនិត​ និង​របៀប​ដឹកនាំ​ថ្មី​ជាង​មន្ត្រី​ចាស់​គំរឹល​ជាច្រើន​រូប​ផ្សេងទៀត ​ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​តាំង​ពី​ចុង​ទសវត្សរ៍​៨០​មក​។

ក្រសួង​បរិស្ថាន​ដែល​គ្រប់គ្រង​ដោយ​លោក សាយ សំអាល់ ​ក្នុង​រយៈ​ពេល ​៩ ​ឆ្នាំ​កន្លង​ទៅ​នេះ​ លោក​ក៏​បាន​កសាង​ស្នាដៃ​មួយ​ចំនួន ដូចជា ​កសាង​អគារ​ទីស្តី​ការ​ក្រសួង​បរិស្ថាន​ទំនើប​មួយ​ ​បាន​ពង្រីក​វិសាល​ភាព​តំបន់​ការពារ​ធម្ម​ជាតិ​ តំបន់​ការពារ​ទេស​ភាព​ តំបន់​រ៉ាំសា​ តំបន់​របៀង​អភិ​រក្ស​ជីវ​ចម្រុះ​ និង​តំបន់​អេកូទេស​ធម្ម​ជាតិ​ ២៣​ ខេត្ត​ក្រុង​ ឬ​ស្មើ​នឹង​ជាង​ ៧០​ កន្លែង។​

លើស​ពី​នេះ​ លោក​បាន​ផ្ដួចផ្ដើម​ឱ្យ​ចុះ​បញ្ជី​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​ និង​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង​ខាង​លិច​ជា​ដើម។ 

តើលោករដ្ឋមន្រ្តី សាយ សំអាល់ មានប្រវត្តិដូចម្តេចខ្លះ?

កើត​នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​១៩៨០​ លោក​ សាយ​ សំអាល់​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ជីវ​វិទ្យា​វិទ្យា​សាស្ត្រ (Biological Sciences) នៅ​មហា​វិទ្យា​ល័យ​ម៉ូណាស (Monash University) ប្រទេស​អូស្ត្រាលី។​ លោក​ជា​កូន​ប្រុស​បង្កើត​របស់​សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា​​ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា។​

នៅ​ឆ្នាំ ១៩៩៣ ទើបមានអាយុ​ ១៣ ឆ្នាំ ​លោកត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​​សិង្ហបុរី​ ចូល​រៀន​ពី​ថ្នាក់​ទី ៦ ដល់​​ថ្នាក់​ទី ៩ ដោយ​​រៀន​ទាំង​ភាសា​អង់គ្លេស ភាសា​ចិន និង​ភាសា​ម៉ាឡេ​។ ក្រោយមកលោកក៏បាន​​បន្ដ​ការ​សិក្សា​ថ្នាក់​ទី ១០ ដល់​ទី ១២ នៅ​ប្រទេស​អូស្ដ្រាលី​ដោយ​តម្រង់​ទិស​ខាង​ផ្នែក​ជីវសាស្ដ្រ។ នៅឆ្នាំបន្ទាប់លោកបានបញ្ចប់ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​ជាប់​ជា​បេក្ខភាព​​បណ្ឌិត​ជំនាញ​ជីវសាស្ដ្រ​នៅ​ប្រទេស​អូស្ដ្រាលី។

នៅ​ឆ្នាំ ២០០៨ លោក សាយ សំអាល់ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ក្រោយពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ជីវសាស្ដ្រ​ហើយ​បាន​ចូល​បម្រើ​ការងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​មាន​ឋានៈ​ជា​ប្រធាន​អាជ្ញាធរ​​បឹង​ទន្លេសាប​​។ ជា​បន្ដបន្ទាប់​លោកបាន​កាន់​តំណែង​ជា​អគ្គលេខារង និង​ជា​អគ្គលេខា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ក្នុង​អាណត្តិ​ទី ៤ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

ក្រសួងបរិស្ថានក្រោមការដឹកនាំដោយផ្ទាល់ពីលោករដ្ឋមន្រ្តី សាយ សំអាល់ ត្រូវបានមើលឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាល់​គម្រោង​អភិវឌ្ឍ​ទាំង​អស់​ ត្រូវបានក្រសួង​ធ្វើការ​វាយ​តម្លៃ​ ថា​តើ​គម្រោង​វិនិយោគ​ទាំង​នោះ​មាន​ផល​ប៉ះពាល់​ដល់​សង្គម​ បរិស្ថាន​ វប្បធម៌​ និង​សេដ្ឋកិច្ច​យ៉ាង​ណា​។ ដូច្នេះ​រាល់​ការ​អភិវឌ្ឍ​រ​ ក៏ក្រសួង​បាន​ធ្វើការ​គិតគូរ​ពិចារណា​ផង​ដែរ​។

ទន្ទឹមនឹងនេះ លោក​ សាយ សំអាល់ ក៏បាន​បង្កើត​យន្ត​ការ​ថ្មី​ៗ​មួយ​ចំនួន​ ដើម្បី​កៀរគរ​ការ​ចូល​រួម​ទ្រទ្រង់​វិស័យ​បរិស្ថាន​ រួម​មាន​ បង្កើត​ឱ្យ​មាន​ចលនា​សាលា​ប្រកួត​ប្រជែង​ប្រជា​ប្រិយភាព​បរិស្ថាន​ អារាម​មេត្រី​ភាព​បរិស្ថាន​ បង្កើត​ឱ្យ​មាន​ប័ណ្ណ​សរសើរ​ និង​ការ​គ្រប់​គ្រង​​កាក​សំណល់​សំរាម​បាន​ល្អ​ប្រសើរ​ជាង​មុន និង​ យន្ត​ការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្រាស្ទីកជា​ដើម។​

លើសពីនេះ លោកជារដ្ឋមន្រ្តីដែលមាន​សមត្ថ​ភាព​ខ្ពស់​ ចិត្ត​ទូលាយ​ រុះរាយ​រាក់​ទាក់​ជា​មួយ​មន្ត្រី​តូច​តាច​ថ្នាក់​ក្រោម​ និង​អនុ​វត្ត​សកម្ម​ភាព​ការងារ​បាន​ច្រើន។​ រដ្ឋមន្ត្រី​រូប​នេះ​ បាន​កសាង​ស្នាដៃ​ជា​ច្រើន​ ក្នុង​​អាណត្តិ​ការងារ​របស់​លោក​រួម​មាន ជំរុញ​ឱ្យ​មន្ត្រី​ឧទ្យានុរក្ស​ជាង​ ១​ពាន់​ នាក់​ ដែល​ធ្លាប់​ជា​មន្ត្រី​កិច្ច​សន្យា​ ឱ្យ​ចូល​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​រាជ​ការ​ ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ សម្ភារៈ​ចុះ​ល្បាត​ កាំ​ភ្លើង​ និង​ថវិកា​ចុះ​ល្បាតពេកន្លងមក។

លោករដ្ឋមន្រ្តីវ័យក្មេង សាយ សំអាល់ បានផ្តល់បង្ហាញទស្សនៈថា៖ “ខ្ញុំ​ជឿជាក់​ថា​ កម្ពុជា​នឹង​មាន​អនាគត​ដ៏​ល្អ​មួយ​ ពីព្រោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ គឺ​យើង​បាន​ចាក់​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ដើម្បី​បន្ត​។ ហើយ​អនាគត​កម្ពុជា​ គឺ​ពឹង​ទាំង​ស្រុង​ទៅ​លើ​យុវជន​ជំនាន់​ក្រោយ​របស់​យើង”។

លោកបន្ថែមថា ខ្ញុំ​គិត​ថា​ នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត​ យើង​នឹង​ឈាន​ដល់​យុគសម័យ​មាស​មួយ​ ដោយ​សារ​ប្រជាជន​ទទួល​បាន​ការ​អប់រំ​ខ្ពស់​ជាង​មុន​។ ពួកគេ​ទទួល​បាន​ចំណេះដឹង​ទូលំទូលាយ​ជាង​មុន​ ហើយ​ពួកគេ​អាច​បំលែង​ចំណេះ​ទាំង​នោះ​ទៅ​ជា​ធុរកិច្ច។ ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ថា​ កម្ពុជា​នឹង​អាច​ដើរ​លឿន​ជាង​មុន៕