សហគ្រិនខ្មែរ និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ប្តេជ្ញាគាំទ្រដល់ការចាប់ផ្តើមធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម

សង្គម​និង​សេដ្ឋកិច្ច

សហគ្រិនខ្មែរ ដែលជាស្ថាប័នប្រតិបត្តិករមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា AmCham Cambodia នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាពនិងប្រសិទ្ធភាពការងារសម្រាប់សហគ្រិននិងធុនតូច និងមធ្យមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះបានធ្វើឡើង នៅសណ្ឋាគារ ROSEWOOD PHNOM PENH ក្រោមវត្តមាន លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និង លោក អាន់តូនី ហ្គាលីយ៉ាណូ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ មានប្រសាសន៍ថា “ភាពជាដៃគូទីផ្សារវាងសហគ្រិនខ្មែរ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិក (AmCham) នឹងផ្ដល់ការបង្កើនល្បឿននៃបេសកកម្មរបស់យើងក្នុងការគាំទ្រដល់ប្រព័ន្ធអេកូសហគ្រិនភាព។ ជាមួយនឹងអនុស្សរណៈយោគយល់គ្នានេះសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) ដែលជាដៃគូថ្មីនឹងរួមចំណែកយ៉ាងសំខាន់ចំពោះចក្ខុវិស័យរបស់យើងក្នុងការក្លាយជាវេទិកាជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព”។

ជាមួយគ្នានេះ លោក អាន់តូនី ហ្គាលីយ៉ាណូ បានឲ្យដឹងថា “យើងទទួលយកឱកាសនេះដើម្បីរួបរួមជាមួយសហគ្រិនខ្មែរក្នុងការផ្តល់នូវធនធានជំនាញ និងបណ្តាញដើម្បីអភិវឌ្ឍ ដើម្បីជំរុញទីផ្សារអាជីវកម្ម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការគាំទ្រដល់ការចាប់ផ្តើមធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម។ យើងប្តេជ្ញាចិត្តក្នុងការចូលរួមចំណែក ក្នុងការគាំទ្រដល់ សមាជិក សហគមន៍ពាណិជ្ជកម្ម ទីផ្សាពាណិជ្ជកម្ម និងប្រទេសរបស់យើង”។

សូមបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះបានភ្ជាប់មកជាមួយ កិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នា ការរៀបចំបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលា ការផ្គូផ្គងអាជីវកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រឹត្តិការណ៍ប្រកួតប្រជែង និងការផ្សព្វផ្សាយវប្បធម៌សហគ្រិនរួមគ្នា។ 

ទន្ទឹមនឹងនោះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នឹងផ្តល់នូវការពង្រឹងសមត្ថភាព ផ្តល់ការណែនាំ និងការចែករំលែកព័ត៌មានអំពីអាជីវកម្មអាមេរិកនៅក្នុងប្រទេសកម្ពុជា ទាំងនេះគឺជា ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមគ្នា៕