បញ្ហា​ប្រឈម​ធំៗ​ ៤ អាជីវកម្ម​សម័យ​កូវីដ​ ចង់​គេច​ឲ្យ​ផុត ក៏​គេច​មិន​រួច

សង្គម​និង​សេដ្ឋកិច្ច

មានអាជីវកម្មមួយ​ចំំនួន ដែលគេ​ចាត់ទុក​នឹង​មានស្ថិតស្ថេរ ពេលកូវីតចូលមកដល់​ក្រឡាប់​ចាក់​ ខ្លះ​ស្ទើ​រតែ​ដួលរំលំទៅហើយ។ ឧទាហរណ៍ដូចជាអាជីវកម្មទាក់ទង នឹងទេសចរណ៍ប្រឈមនឹងការបិទទ្វារ។ ការងាររាប់ម៉ឺននាក់ ត្រូវបានបាត់បង់ អាជីវកម្មបានបិទទ្វារ ឬ​ក្ស័យធន ។ មានអាជីវកម្មមួយចំនួន កំពុងខំព្យាយាមរក្សាអាជីវកម្មរបស់ខ្លួនឱ្យដំណើរការ តែត្រូវប្រឈមជាមួយបញ្ហាជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហគ្រិនខ្មែរ ដែលជាស្ថាប័នប្រតិបត្តិករមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុបាន​មើលឃើញពី​ផល​ប៉ះពាល់ស្ទើរ​គ្រប់​វិស័យទាំងរដ្ឋ និងឯកជន ជាពិសេស ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្ម។ ដោយឡែក ស្ថាប័ន​នេះ​បាន​លើកយកបញ្ហាប្រឈមធំៗចំនួន ៤ ដែលសហគ្រិនបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩៖

១/ ការផ្លាស់ប្តូរច្បាប់-បទបញ្ញត្តិ និង គោលនយោបាយរបស់រដ្ឋាភិបាល៖

ដើម្បីទប់ស្កាត់បញ្ហាកូវីដ១៩ រដ្ឋាភិបាលធ្វើការបង្កើតច្បាប់ និង បទបញ្ញត្តិបន្ថែម ក៏ដូចជាគោលនយោបាយបញ្ចេញសាច់ប្រាក់នានា ដើម្បីជួយដល់ប្រជាជនរងគ្រោះ។ ក្រៅពីមានអត្ថប្រយោជន៍ វាក៏ផ្ដល់នូវបញ្ហាប្រឈមដល់សហគ្រិនផងដែរ ដូចជាគោលនយោបាយបញ្ចេញសាច់ប្រាក់ជួយដល់កម្មករក្នុងវិស័យវាយនភណ្ឌជាដើម គឺតម្រូវឱ្យម្ចាស់សហគ្រាសជួយបំពេញផ្នែកខ្លះនៃសាច់ប្រាក់ ដល់និយោជក តាមវិស័យនីមួយៗដែលបានរងគ្រោះ។ ដូច្នេះម្ចាស់អាជីវកម្មត្រូវចំណាយលើកញ្ចប់ថវិការមួយនេះដោយចៀសមិនបាន។

២/ ប្រឈមនឹងព័ត៌មានច្រើនហួសប្រមាណ៖

ក្នុងអំឡុងពេលកូវីដ១៩ ព័ត៌មានចេញច្រើនជាប្រចាំថ្ងៃ ដូចជាព័ត៌មានបច្ចុប្បន្នភាពអ្នកឆ្លងថ្មី ករណីនាំចូល ករណីស្លាប់ តំបន់ដែលត្រូវបិទជាបណ្តោះអាសន្នជាដើម។ ត្បិតតែទទួលបានព័ត៌មានច្រើនគឺល្អដល់ការសម្រេចចិត្តតែពេលខ្លះព័ត៌មានច្រើនហួសពេកក៏អាចធ្វើឱ្យម្ចាស់អាជីវកម្មមានជំងឺតប់ប្រមល់បានដែរ។ ពេលខ្លះទៀត ព័ត៌មានច្រើនពេក វាអាចលុបព័ត៌មានណាដែលសំខាន់ និងចាំបាច់ដល់ម្ចាស់អាជីវកម្ម។ ដូច្នេះរឿងដែលត្រូវធ្វើគឺបិទ Notification ទំព័រព័ត៌មានមួយចំនួន និង ធ្វើការកំណត់ចំពោះព័ត៌មានណាដែលសំខាន់ និងគួរដឹងប្រចាំថ្ងៃ ដូចជាព័ត៌មានតំបន់ក្រហមជាដើម តើវានឹងប៉ះពាល់យ៉ាងម៉េចខ្លះដល់អាជីវកម្ម?

៣/ ផ្តោតលើរឿងដែលចាំបាច់៖

សាកស្រម៉ៃមើលស្ថានភាពកំពុងល្អសុខៗ ក៏មានរោគឆ្លងចូលមកក្នុងប្រទេសបង្កបញ្ហាយ៉ាងច្រើន។ ក្នុងកាលៈទេសៈនេះ វាតម្រូវឲ្យម្ចាស់អាជីវកម្មធ្វើការផ្ដោតសំខាន់ទៅលើតែរឿងចាំបាច់ជាចម្បង ឬអាចចំណាយធនធានច្រើនសម្រាប់វាផងដែរ។ ក្នុងចំណោមនោះ បញ្ហាដែលប៉ះពាល់ដល់ម្ចាស់អាជីវកម្មខ្លាំងបំផុតគឺការចំណាយទៅលើឧបករណ៍និងសំភារៈការពារដូចជាម៉ាស៊ីនវាស់កម្តៅ ម៉ាស អាល់កុល ជាដើម។ ក្រៅពីនេះ នៅមានរឿងការកំណត់ពីគម្លាតស្តង់ដារ តុកៅអី ជាការណែនាំដោយក្រសួងសុខាភិបាល ដែលសហគ្រិននិងម្ចាស់អាជីវកម្មត្រូវចាត់វិធានការជាចាំបាច់ និងអាទិភាពបំផុត ដើម្បីធានាសុវត្ថិភាពបុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ និង ដៃគូអាជីវកម្ម ។

៤/ ផ្នែកផ្លូវចិត្ត និង ផ្នត់គំនិត៖

ផ្នែកផ្លូវចិត្ត និង ផ្នត់គំនិតនេះគឺប៉ះពាល់ទាំងអស់មិនថាជាប្រជាជនទូទៅ ដែលមានការបារម្ភពីរឿងបាត់បង់ការងារ ត្រូវការចំណូលដើម្បីចំណាយប្រចាំថ្ងៃ ទាំងកម្រិតរដ្ឋាភិបាលក៏មានការបារម្ភពីការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ច រួមទាំងកម្រិតជាម្ចាស់អាជីវកម្ម និង សហគ្រិន ក៏មានផលប៉ះពាល់ផ្លូវចិត្តមិនដឹងត្រូវរកចំណូលតាមណាមកបើកឱ្យបុគ្គលិក មិនដឹងថាលុយវិនិយោគរកស៊ីអាចស្រង់ដើមវិញឬអត់។ អ្វីដែលត្រូវធ្វើ គឺត្រូវមានផ្នត់គំនិតមួយថាគ្មានរឿងអ្វីដែលនៅក្នុងស្ថានភាពអាក្រក់រហូតនោះទេ ភាពអត់ធ្មត់ និង ការជឿជាក់ទៅលើរដ្ឋាភិបាលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចល្អឡើងវិញនាថ្ងៃខាងមុខ ។សរុបមកវិញ បញ្ហាប្រឈមរបស់សហគ្រិនក្នុងអំឡុងពេលកូវីដ១៩ មានច្រើនអាស្រ័យលើវិស័យនីមួយៗខុសៗគ្នា ហើយក៏អាស្រ័យទៅលើតំបន់ភូមិសាស្រ្តដែលរងផលប៉ះពាល់ផងដែរ តែចំណុចដែលត្រូវចាប់គឺផ្នត់គំនិត ភាពអត់ធ្មត់ និង ការជឿជាក់ទៅលើស្ថាប័នជំនាញរបស់រដ្ឋាភិបាល៕

គួរ​បញ្ជាក់​ថា សហគ្រិនខ្មែរ Khmer Enterprise ជាស្ថាប័នប្រតិបត្តិករមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ ដែល​មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព៕