សភាជាតិ អនុម័ត​យល់ព្រមលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​រវាងកម្ពុជា ​និងចិន ស្របពេលទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បំពេញទស្សនកិច្ចផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋសភា​ជាតិនៃកម្ពុជា​ នៅថ្ងៃព្រហស្បតិ៍នេះ ​បានអនុម័ត​ជាឯកច្ឆ័ន្ទ​នៃសម្លេង​សមាជិក​សភាវ​ត្តមាន ៨៣នាក់​​ នូវសេចក្តីព្រាង​ច្បាប់ស្តីពី​ការអនុម័ត​យល់ព្រមលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​រវាងប្រទេស​កម្ពុជា ​និងចិន​ ខណៈដែលការអនុម័តសេចក្តីព្រាងច្បាប់នេះ ស្របពេលដែលលោក វ៉ាង យី  នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កា​រអនុម័តសេចក្តីព្រាង​ច្បាប់ដ៏សំខាន់នេះ ​ធ្វើឡើងជិតមួយឆ្នាំ​ ក្រោយការចុះ​ហត្ថលេខា​ពីរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​ កាលពីខែកក្កដា ​ឆ្នាំ២០២០ ​អំឡុងពេល​ទស្សនកិច្ច​របស់ប្រមុខ​ការទូត និងទីប្រឹក្សារដ្ឋចិន​លោក វ៉ាង យី ​នៅកម្ពុជា​។

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមាន១៦ជំពូក និងជាង១៤០មាត្រានោះ បានកើតឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ តាមរយៈការជួបជជែកគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ផ្តើមចេញពីនេះរដ្ឋាភិបាលកម្ពុជា-ចិន ក៏បានចាត់ឲ្យក្រុមការងារនៃប្រទេសទាំងពីរចាប់ផ្តើមធ្វើការ ដោយសិក្សាពីផលចំណេញ និងការប្រឈម ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

សេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់ការចរចារវាងអ្នកជំនាញកម្ពុជា និងចិន ចំនួន៣ជុំ គឺចាប់ផ្តើមពីខែមករា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២០។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងគោលបំណង ធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរ តាមរយៈការកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ ដោយធានាថាស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព មិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម។

លើសពីនេះ ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ដូចជាអត្រាពន្ធគយអនុវត្ត០% ភា្លមៗមានចំនួន ៨ ៣២៨បន្ទាត់ពន្ធ ស្មើនឹង៩៧,៤៤% នៃបន្ទាត់ពន្ធសរុប។ អត្រាពន្ធគយអនុវត្ត០% ក្នុងរយៈពេល៥ឆ្នាំ មានចំនួន៦បន្ទាត់ពន្ធ ស្មើនឹង ០,០៧% នៃបន្ទាត់ពន្ធសរុបជាដើម៕