ការពិត​ផ្សារ Makro ​បែងចែក​តំបន់គ្នា​គ្រប់គ្រង មិនមាន​ម្ចាស់នៅតែ​ថៃ​ទេ

អន្តរជាតិ

ផ្សារ​ Makro ជា​ផ្សារ​លក់ទំនិញ​រាយ​ធំ​បំផុត​មួយ​នៅ​ប្រទេស​ថៃ និង​មាន​សាខា​នៅ​ប្រទេស​ជាច្រើន​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ រួមទាំងកម្ពុជា។ ផ្សារ Makro មិនមែន​បង្កើត​ឡើង​ដំបូង​នៅ​ប្រទេស​ថៃ​ឡើយ ពោល​​គឺ​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ ​ដែល​កាន់កាប់​ភាគហ៊ុន ​ដោយ​ម្ចាស់រហូតដល់ទៅ ៣ ក្រុមហ៊ុនឯណោះ និង​គ្រប់គ្រង​តំបន់ ៣ ផ្សេង​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន ៣ នោះ​ CP ALL គឺ​រ៉ាប់រង​តំបន់​អាស៊ី ខណៈ Metro AG គ្រប់គ្រង​តំបន់​អឺរ៉ុប និង SHV Holdings គឺ​ធានា​តំបន់​អាមេរិកឡាទីន។ យ៉ាងណា​ សម្រាប់​នៅ​តំបន់​អាស៊ី​ CP ALL បាន​ចុះ​បញ្ជី Makro ជា​ក្រុមហ៊ុន​មាន​នាមករណ៍ថា​ Siam Makro Public Company Limited និង​ហៅ​ដោយ​ខ្លី Makro បដិសន្ធិឡើងនៅ​ឆ្នាំ ១៩៨៨ ជាមួយ​ទុនវិនិយោគ​ប្រមាណ ៧៥០ លាន​បាត (២៣លានដុល្លារអាមេរិក) ។

សម្រាប់​ក្រុមហ៊ុន​ Siam Makro បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំផ្ទាល់ពីលោក Arsa Sarasin ប្រធានក្រុមប្រឹក្សាភិបាល (Chairman of The Board) និងលោកស្រី Suchada Ithijarukul នាយក​ប្រតិបត្តិ។

ក្នុង​​គម្រប់​ខួប ២៥ ឆ្នាំ​របស់​ក្រុមហ៊ុន ផ្សារ Makro ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ថៃ​នៅ​តំបន់អាស៊ី បាន​ប្រកាស​ពី​ទស្សនៈ​វិស័យ​ចង់​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចំណីអាហារ​ធំ​បំផុត សម្រាប់​អតិថិជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។​

បញ្ហា​ចំបង​ដែល​ក្រុមហ៊ុន​អាច​ជួប​ប្រទះ​សម្រាប់​គម្រោង​មួយ​នេះ គឺ​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ និង​សិក្សា​ពី​តម្រូវការ​របស់​អតិថិជន​គ្រប់​តំបន់ ដើម្បី​អាច​បំពេញ​តម្រូវការ​របស់​អតិថិជន​គ្រប់ៗ​គ្នា​។ មួយ​វិញ​ទៀត ក៏​​ត្រូវ​រៀប​គម្រោង​អាជីវកម្ម​សម្រាប់​អតិថិជន​គ្រប់​បែប​សណ្ឋាន ដូចជា​បង្កើត​ហាង​លក់​ទំនិញ​ថ្មីៗ​​ ផ្ដល់​សេវាកម្ម​គ្រប់​ប្រភេទ និង​ជា​ពិសេស​អភិវឌ្ឍ​ន៍ទំនិញ និង​សេវាកម្ម​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​តម្រូវការ​អតិថិជន​ជាដើម។

លោកស្រី SuchadaI thijarukul នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានមានប្រសាសន៍ថា ផលិតផលទាំងអស់ដែលមាននៅក្នុងផ្សារម៉ាក្រូត្រូវឆ្លងកាត់ស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹងនៅក្នុងខ្សែសង្វាក់ផលិតកម្ម ចាប់ពីកសិកររហូតដល់រោងចក្រនិងផ្សារទំនើប។ នោះគឺជាការប្តេជ្ញាខ្ពស់របស់​ក្រុមហ៊ុន ក្នុងការបម្រើអតិថិជនទាំងអស់ ដោយយកចិត្តទុកដាក់ពីសុវត្ថិភាព​។

លោកស្រី SaowaluckThitaphant ប្រធានមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Siam Makro បានប្រាប់កាសែត​បាងកកប៉ុស្តិ៍ថា ក្រុមហ៊ុន Siam Makro មានបំណងចំណាយប្រាក់ចំនួន៦ប៊ីលានបាត (១៧២លានដុល្លារអាមេរិក) ដើម្បីបើកហាងចំនួន២០ នៅប្រទេសថៃនិងចំនួន ៣ប៊ីលានបាត (៨៦លានដុល្លារអាមេរិក) ដើម្បីពង្រីកទៅកាន់កន្លែងផ្សេងទៀត។

បច្ចុប្បន្ន Makro បាន​បន្ត​ពង្រីង​វិសាលភាពនៃសាខា​ជាច្រើន​កន្លែង​ទាំង​នៅ​តំបន់​អាស៊ី និង​តំបន់​អឺរ៉ុប ក៏​ដូចជា​ផ្ដល់​សេវាកម្ម​ថ្មីៗ​ដូចជា Makro Foodservice ដែល​ផ្ដោត​សំខាន់​ក្នុង​ការ​ផ្ដល់​ជូន​អតិថិជន​នូវ​អាហារ​ក្ដៅៗ​ឈ្ងុយ​ឆ្ងាញ់​ ក៏​ដូចជា​ជួយ​ពង្រឹង​អាជីវកម្ម​របស់​អតិថិជន​ច្រើនជាង ២,៦ លាន​នាក់​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ផង​ដែរ៕

266 Shares