ឧកញ៉ា លឹម ហេង៖ “ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នឹងជំរុញវិនិយោគិន​ចិនកាន់តែមានទំនុកចិត្តមកវិនិយោគនៅកម្ពុជា”

សង្គម​និង​សេដ្ឋកិច្ច

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជាចាប់ពីថ្ងៃទី១២ ដល់១៣ កញ្ញា  មានភាពស្របគ្នា ខណៈដែលសភាជាតិរបស់កម្ពុជា បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​ចិន ដែលនឹងត្រៀមដាក់ថ្វាយព្រះមហាក្សត្រឡាយព្រហស្ថលេខា កាលពីថ្ងៃទី០៩ កញ្ញា ២០២១ នេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចកាទូតរបស់ ឯកឧត្ដមទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន មកកម្ពុជាលើកនេះ ក៏ជាសញ្ញាបង្ហាញថា ប្រទេសកម្ពុជានឹងទទួលបានការចាប់អារម្មណ៍ និងទំនុកចិត្តកាន់ខ្ពស់បន្ថែមទៀត ពីសំណាក់អ្នកវិនិយោគបរទេស ជាពិសេសវិនិយោគិនចិនផ្ទាល់តែម្ដង។ លោកឧកញ៉ា លឹម ហេង បន្ថែម។

លោកឧកញ៉ា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បន្ថែមទៀតថា ការអញ្ជើញមកទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសចិន សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្ដល់កិត្តិយសកាត់ថ្លៃពុំបាន ចំពោះប្រទេសកម្ពុជា តាមរយៈការអញ្ជើញមកប្រគល់សំណង់អាគារពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លាពីមហាមិត្តចិន ដល់កម្ពុជា។

តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមទីប្រឹក្សារដ្ឋចិន វ៉ាង យី នឹងចូលរួមជាអធិបតីក្នុងប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនេះនឹងក្លាយជាទីតាំងសំខាន់សម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ខាងមុខ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមានទំហំផ្ទៃដីជាង ៨៥ហិកតានេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ប្រមាណ១៦០ លានដុល្លារ ។

គួរបញ្ជាក់ថា ក្រោយចុះហត្ថលេខាប្រមាណជា ១ ឆ្នាំមក រដ្ឋសភា​កម្ពុជា ​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី០៩ កញ្ញា ឆ្នាំ២០២១នេះ​ បានអនុម័ត​ជាឯកច្ឆន្ទ​ នូវសេចក្តីព្រាង​ច្បាប់ស្តីពី​ការអនុម័ត​យល់ព្រម​លើ “កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ រវាងប្រទេសកម្ពុជា​ និងចិន” ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ដ៏មានសារៈសំខាន់នេះ រងចាំតែ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ឡាយព្រហស្ថលេខាប៉ុណ្ណោះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឱ្យពាណិជ្ជកម្មទ្វេភាគី អាច ឈានដល់១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣៕