ឯកឧត្តម ហឿន សំនៀង៖ បញ្ញវន្តខ្មែរបានទៅរៀននៅបរទេស មិនគួរមោទនភាពបរទេសហួសពេក រហូតភ្លេចខ្លួនឯងជាកូនខ្មែរ ជាពូជសាសន៍ដ៏អស្ចារ្យនោះឡើយ

សង្គម​និង​សេដ្ឋកិច្ច

នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង មានប្រសាសន៍ថា បញ្ញវន្តខ្មែរដែលបានទៅរៀននៅបរទេស មិនគួរមោទនភាពបរទេសហួសពេក រហូតភ្លេចខ្លួនឯង ជាកូនខ្មែរ ជាពូជសាសន៍ដ៏អស្ចារ្យនោះឡើយ។ ការលើកឡើងបែបនេះក្នុងឱកាសឯក​ឧ​​ត្តមចូលរួមជាអធិបតីក្នុងសិក្ខាសាលាតាមអនឡាញស្តីពី៖ “គន្លឹះ ទទួលបានអាហារូបករណ៍ជប៉ុន” ដែលរៀបចំដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សហការ ជាមួយយុវជនស្ម័គ្រចិត្តដើម្បីអភិវឌ្ឍសង្គម នៅថ្ងៃអាទិត្យម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមថ្លែងថា រូបលោកផ្ទាល់មិនដែលមានមោទនភាពហួសពេកនោះឡើយ ទោះបីបានទៅសិក្សានៅសាលាដ៏ល្បីល្បាញមួយលើពិភពលោកក៏ដោយ ប៉ុន្តែលោកពិតជាមានមោទនភាពដែលបានកើតជាខ្មែរ និងមានឱកាសបានទៅសិក្សានៅបរទេស និងត្រឡប់មកបម្រើប្រទេសជាតិមាតុភូមិវិញក្នុងនាមកូនខ្មែរប្រកបដោយភាពជឿជាក់។

ឯកឧត្តម ហឿន សំនៀង មានប្រសាសន៍បន្ថែមថា លោកក៏ធ្លាប់ទទួលអាហារូបករណ៍ទៅសិក្សានៅបរទេសដែរ។ ទន្ទឹមនឹងនេះលោកបានបង្ហាញនូវបទពិសោធមួយចំនួនសម្រាប់សិក្សាស្វែងយល់អំពី អាហារូបករណ៍ និងលក្ខខណ្ឌនានាដែលសិស្សនិស្សិតអាចត្រៀមខ្លួនជាមុន ដើម្បីចូលរួមប្រកួតយកអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាបណ្តាប្រទេសនានាផងដែរ។

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា គន្លឹះដែលនិស្សិតត្រូវមាន ក្នុងការត្រៀមប្រកួតយកអាហារូបករណ៍ រួមមានទី ១ និស្សិតត្រូវមានចំណេះដឹងទូទៅល្អ ទាំងចំណេះដឹងមូលដ្ឋាន និងចំណេះដឹងសកល ដែលអាចជួយកំណត់គោលដៅខ្លួនឯងច្បាស់លាស់ផង និងដឹងថាតើសាលាចង់បានអ្វីខ្លះ ទី ២ ត្រូវចេះភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់បំផុត និងជាជំនាញសកលដែលមិនអាចខ្វះបាន ទី ៣ ត្រូវមានជំនាញ និងបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងមុខជំនាញ ដែលខ្លួនចង់សិក្សា មានហេតុផលត្រឹមត្រូវ ដែលផ្អែកលើបទពិសោធន៍ នឹងក្លាយជាភស្តុតាងរឹងមាំក្នុងការទទួលបានអាហារូបករណ៍) ទី ៤ ត្រូវមានសមត្ថភាពបង្ហាញពីហេតុផលច្បាស់លាស់ (ហេតុផលដែលសំខាន់ជាងប្រយោជន៍ផ្ទាល់ខ្លួន) ពោលគឺ ចេះបកស្រាយបានពេញលេញលើហេតុផលនោះៗ និងទី ៥ ការដាក់ពាក្យប្រឡងបានត្រឹមត្រូវ ទាំងបច្ចេកទេស ទាំងឯកសារពាក់ព័ន្ធ និងពេលវេលាជាដើម។

ក្នុងន័យនេះ ឯកឧត្តមនាយកវិទ្យាស្ថានតេជោសែន មានបំណងចង់ឱ្យនិស្សិតយើងក្លាយជាមនុស្សសកល មានសមត្ថភាព ពេញលេញ អាចចាប់យកឱកាសផ្សេងៗបាន ដូច្នេះហើយទើបថ្នាក់បំប៉នភាសារអង់គ្លេស និងកម្មវិធីពង្រីកចំណេះដឹងផ្សេងៗជាច្រើនសម្រាប់សិស្សនិស្សិត ត្រូវបានបង្កើតឡើង។

លើសពីនេះ យុវជនដែលទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស នឹងក្លាយជាបញ្ញវន្តតំណាងជាតិសាសន៍ខ្មែរ ដូច្នេះនិស្សិតគួរត្រៀមខ្លួន និងគួរបំពាក់ខ្លួនឯងនូវ៍ចំណេះដឹងស្តីពីជំនឿ ទំនៀមទម្លាប់ វប្បធម៌ សាសនា ប្រពៃណី សិល្បៈ អត្តសញ្ញាណ និងគុណតម្លៃផ្សេងៗទៀត ដែលតំណាងឱ្យពូជសាសន៍ខ្មែរនៅឯបរទេស។

ឯកឧត្តម ហឿន សំនៀង៖ “ត្រូវធ្វើយ៉ាងណាកុំភ្លេចថាខ្លួនជាខ្មែរ មានភារកិច្ចជាប្រតិភូតំណាងជាតិដ៏ពេញលេញ និងគួរជាទីមោទនភាព បំផុតសម្រាប់ជាតិខ្មែរ និងកុំវង្វែង កុំស្រវឹងជាមួយវប្បធម៌បរទេស កុំយកខួរក្បាលបរទេសមកពាក់ ហើយតាំងខ្លួនឯងអស្ចារ្យ ជាងជាតិសាសន៍ខ្មែរខ្លួនឯងឱ្យសោះ យើងអស្ចារ្យ យើងខ្លាំង ព្រោះយើងជាកូនខ្មែរ”។

“កុំបានទៅរៀននៅបរទេស ពេលត្រឡប់មកខ្មែរវិញ ចេញឬកចេញរាងជាបរទេស ភ្លេចអស់វប្បធម៌ ទំនៀម ទម្លាប់ សាសនា អត្តសញ្ញានជាតិ និងគុណតម្លៃដ៏ល្អរបស់ខ្លួនឯងជាខ្មែរ សម្តែងឬទ្ធិបរទេសដាក់ពូជត្រកូលខ្លួនឯង។ យើងទៅរៀននៅបរទេស ដើម្បីបានចំណេះដឹង និងបទពិសោធន៍ល្អៗពីគេ តែត្រូវតម្កល់ភាវៈនៃខ្លួន ក្នុងនាមខ្មែរ ដែលមានទាំងអត្តចរិត ទំនៀមទម្លាប់ វប្បធម៌ សាសនាជាដើម”។ ឯកឧត្តមបញ្ជាក់បន្ថែម៕