លោក វ៉ាង យី អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករ

សង្គម​និង​សេដ្ឋកិច្ច

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថា ចិននឹងនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។ ការលើកឡើងនេះក្នុងឪកាសលោក វ៉ាង យី មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួន ពីរ ថ្ងៃ គឺថ្ងៃទី១២-១៣ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោបានបញ្ជាក់ថានៅក្នុងជំនួបថា សម្តេចបានលើកបញ្ហាកសិផលជាមួយ លោក វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមានប៉ៃលិនជាដើម។ សម្តេចតេជោមានប្រសាសន៍ថា ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន។

ជាការឆ្លើយតបនឹងការលើកឡើងនេះ លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។ លោក អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។

បើតាមការបញ្ជាក់ពីលោក ទីប្រឹក្សារដ្ឋចិនដ៏មានអំណាចរូបនេះថា ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី កាលពីថ្ងៃទី១២ ម្សិលមិញ បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា-ចិន នៅវិមានសន្តិភាព លើឯកសារចំនួន០៦រួមមាន៖

ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន ដោយ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ និង ឯកឧត្ដម វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយ ឯកឧត្ដម ម៉ម ប៊ុនហេង និងឯកឧត្ដម វូ ហ្សីនហាវ ( Wu Jianghao) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ទី៣៖ លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយ ឯកឧត្ដម ម៉ម ប៊ុនហេង និង ឯកឧត្ដម គៀន ខឹមីង (H.E. Qian Keming) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

ទី៤៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន១,៧៥០,០០០,០០០យ័នចិន (ប្រមាណ ២៧០លានដុល្លារអាមេរិក) ដោយ ឯកឧត្ដម វង្សី វិស្សុត និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន និងសហប្រតិបត្តិការអន្តរជាតិ។

ទី៥៖ លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដោយឯកឧត្ដម វង្សី វិស្សុត និងលោក ដេង បូគិង (Deng Boqing) អនុប្រធានភ្នាក់ងារអភិវឌ្ឍន និងសហប្រតិបត្តិការអន្តរជាតិ។

ទី៦៖ កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ដោយលោក សុខ សូកេន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕