កម្ពុជារំពឹងចំណេញច្រើន ពីសេចក្តីព្រៀងច្បាប់ពាណិជ្ជកម្មចំនួន ៣ ខណៈធ្លាក់ដល់ដៃព្រឹទ្ធសភាហើយ

សង្គម​និង​សេដ្ឋកិច្ច

សេចក្តីព្រៀងច្បាប់ចំនួន ៣ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជកម្ពុជា-ចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានដាក់ដល់ដៃព្រឹទ្ធសភា កាលពីថ្ងៃទី ២០ ខែកញ្ញា ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីព្រៀងច្បាប់ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន ១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។

ខណៈដែលសេចក្តីព្រៀងច្បាប់នេះ អាចឈានដល់បង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិសកូវីដ-១៩។

បើផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូ‍ព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។

ចំណែកឯសេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺកម្ពុជានឹងការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។

បន្ថែមលើនេះ ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។ ការផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។

បន្ថែមទៀតនោះ គឺកម្ពុជាទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។ ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។ ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។

ច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានក្រសួងពាណិជ្ជកម្មរំពឹងថា មានការពារនឹងលើកទឹកចិត្តដល់ពាណិជ្ជករឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ ក៏ដូចជាការបង្កើតធុរកិច្ចថ្មីៗឱ្យបានច្រើន។ លើសពីនេះ ក៏ចូលរួមការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្ដាលមកពីការព្រមព្រៀងមិនស្របច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានអានុភាពរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ។ ការពារសុខុមាលភាពអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញ និងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

បន្ថែមលើនេះទៅទៀត ការអនុម័តច្បាប់ស្តីពីការប្រកួតប្រជែងរបស់កម្ពុជានឹងបំពេញកាតព្វកិច្ចអន្តរជាតិសំខាន់ៗចំនួន២ គឺទី១ ការបង្កើតច្បាប់ ស្តីពីការប្រកួតប្រជែង នេះជាផ្នែកមួយនៃការសន្យារ (Commitment) របស់កម្ពុជា នៅពេលចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងទី២ បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ បានបេ្តជា្ញចិត្តដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងនៅឆ្នាំ២០១៥ ក្រោមផែនការលម្អិតរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន៕