បំរើអស់ពេល ៧ឆ្នាំ លោក ម៉ៅ ធនិន ត្រូវលាអ្នកពោធិ៍សាត់ ខណៈការដើរចេញស្របនឹងពាក្យស្លោកថា «នៅឱ្យគេអាណិតស្រឡាញ់ ទៅឱ្យគេស្រណោះ»

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចផ្ទេរភារកិច្ចអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ឲ្យទៅដឹកនាំរដ្ឋបាលខេត្តកំពត ខណៈដែលលោក ជា តាវ ផ្ទេរមកកាន់ខេត្តពោធិ៍សាត់វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីការកាន់ជាអភិបាលខេត្តពោធិ៍សាត់ អស់រយៈពេលប្រមាណ ៧ ឆ្នាំ លោក ម៉ៅ ធនិន បានបន្សល់ទុកនូវស្នាដៃជាច្រើនលើការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្ត ជាពិសេសអភិបាលខេត្តរូបនេះបានឆក់យកទឹកចិត្តបេះដូង និងធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅបំផុត ជាមួយនឹងការជឿជាក់របស់លោកក្នុងការដឹកនាំ។

គួររម្លឹកជូនថា មុនពេលលោក ម៉ៅ ធនិន ចូលទៅកាន់ការងារជាអភិបាលខេត្តពោធិ៍សាត់ ខេត្តមួយនេះមានករណីជម្លោះដីធ្លីរាំរ៉ៃជាច្រើនកន្លែង ស្របពេលជាមួយគ្នានេះដែរ លោកតែងតែព្យាយាមចូលខ្លួនទៅដោះដោយផ្ទាល់លើបញ្ហាជម្លោះរហូតឈានទៅបញ្ចប់បញ្ហាវិវាទជាបន្តបន្ទាប់។

បន្ថែមពីលើនេះ លោក ម៉ៅ ធនិន ក៏ការបង្កើតសមាជក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ខណៈសមាជដោះស្រាយជម្លោះប្រជាពលរដ្ឋនេះ ត្រូវបានប្រជាពលរដ្ឋអ្នកនៅខេត្តពោធិ៍សាត់ទាំងមូល រួមនឹងបណ្តាខេត្តមួយចំនួនទៀត សម្តែងនូវការអបអរសាទរ ដែលជាហេតុជំរុញកេរ្តិ៍ឈ្មោះរបស់លោកឲ្យល្បីល្បាញឡើងថែម។ លោក ម៉ៅ ធនិន ធ្លាប់បានលើកឡើងថា កម្មវិធីសមាជដោះស្រាយបញ្ហាជម្លោះនេះ គឺដើម្បីយោគយល់គ្នា និងបញ្ចៀសបាននៃការប្រើយន្តការតុលាការផងដែរ។

ដំណឹងថ្មីបន្ទាប់ពីរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្តឲ្យលោកកាន់ជាអភិបាលខេត្តកំពតវិញនោះ បានធ្វើឲ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូលសម្តែងការសោកស្តាយអាឡោះអាល័យជាពន់ពេក។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ក៏បានសាទរផងដែរ នៅពេលដែលលោក ម៉ៅ ធនិន ទៅកាន់តំណែងជាអភិបាលខេត្ត។ ពលរដ្ឋក្នុងខេត្តសង្ឃឹមយ៉ាងមុតមាំថា ពួកគាត់ទន្ទឹងរងចាំយ៉ាងអន្ទះសារក្នុងការបើកកិច្ចពិភាក្សាសំណេះសំណាល និងជួយដោះស្រាយជូនពួកគាត់ ខណៈខេត្តមួយនេះក៏មានរឿងរ៉ាវត្រូវដោះស្រាយជាច្រើនករណី។

លោកអភិបាលខេត្តកំពតថ្មីល្បីឈ្មោះដូចម្ចាស់ប៉ាវចិនក្នុងរឿងភាគចិនរូបនេះ បានផ្តល់អនុសាសន៍ថា «ជម្លោះគ្រប់យ៉ាងទាំងអស់ បើយើងសន្សំទុកក្នុងខ្លួន វាហាក់បីដូចជាជំងឺមួយដែលគ្មានថ្នាំព្យាបាល ហើយយើងមានតែបាត់បង់នូវសុខភាព ភាពវ័យឆ្លាត និងសុភមង្គលគ្រប់បែបយ៉ាងនៅក្នុងខ្លួន និងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ»។

លោកបន្តថា លោកមិនចង់ឱ្យបងប្អូនប្រើប្រាស់ពេលវេលាដែលអត់ប្រយោជន៍ ពាក់ព័ន្ធទៅនឹងទំនាស់ព្រំដី រឿងជំពាក់លុយ និងរឿងក្តីក្តាំបន្តិចបន្តួច រហូតទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងគ្រួសារនោះឡើយ។

លោកអភិបាលខេត្តបន្ថែមថា យន្តការដែលលោកមកដឹកនាំខេត្តបានជាង ៧ឆ្នាំមកនេះ លោកបានបញ្ចូលខ្លួនជាសមាជិកគ្រួសារម្នាក់ទៀត ជាមួយនឹងបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានជាកូន ជាក្មួយ ជាបង និងជាប្អូន ហើយលោកនឹងប្រើប្រាស់តួនាទីនេះ ទៅលើសុខទុក្ខពួកគាត់គ្រប់ពេលវេលា។ លោកថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»៕