ប៉ុន្មាន​ខែ​មុន​កកស្ទះ​រាប់​តោន ឥឡូវ​នេះ​ម្ចាស់​ចំការ​តាង៉ែន​ប៉ៃលិន បែរ​ជា​ប្រកាស​ទិញ​តាង៉ែន​រាប់​តោន​ពី​កសិករ​នាំ​ចេញទៅ​ក្រៅប្រទេស

សង្គម​និង​សេដ្ឋកិច្ច

លោក ឌិន ដែន កសិករដាំតាង៉ែននៅខេត្តបាត់ដំបងដែលមាន​ចម្ការ​រាប់សិបហិកតាកាលពីមុនធ្លាប់ទទួលរងការ​កកស្ទះមៀនប៉ៃលិន(តាង៉ែន)រាប់តោន មិនអាចនាំចេញទៅប្រទេសថៃបានកាលពី៣ខែមុន ស្រាប់តែឥឡូវនេះបានប្រកាសប្រាប់ថា​លោក​នឹងទទួលទិញមៀនប៉ៃលិន(តាង៉ែន) ដែលមានគុណភាព និងទទួលទិញមៀនជំរុះផងដែរពីកសិករខ្មែរនៅបីខេត្តគឺខេត្តបាត់ដំបង ប៉ៃលិននិង បន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាប់​ឧកញ៉ា​ញូសន៍​តាម​ទូរសព្ទ លោកឌិន ដែន បានបញ្ជាក់ថាលោកទទួលទិញមៀនប៉ៃលិនក្នុងតម្លៃអាស្រ័យលើហាងឆេងទីផ្សារនៅប្រទេសចិនពោល​គឺតម្លៃអាចចាប់ពី ១២០០ រៀល ទៅ ២០០០ រៀល ក្នុងមួយគីឡូ។

លោកបន្ថែមទៀតថា ក្នុងមួយថ្ងៃៗលោកត្រូវការទិញមានប៉ៃលិនក្នុងចំនួនប្រហែលទី ១០ ទៅ ២០ តោន។

បើតាមម្ចាស់​ចម្ការ​តាង៉ែន​និង​ជា​ឈ្មួញ​រូបនេះ​ប្រាប់​ថា ការប្រមូលផលតាង៉ែន​អាស្រ័យលើអាកាសធាតុមិនមាន​ភ្លៀង​ និងកម្លាំងមនុស្សគ្រប់គ្រាន់។ ចំណែកឯណាយុទ្ធសាស្ត្រទីផ្សារនាំចេញវិញ គឺ​លក្ខណៈលួចលាក់តាមច្រកព្រំដែនថៃ​ដើម្បី​យកទៅលក់​បន្ត​នៅប្រទេសចិន។

លោក​បញ្ជាក់​ថា ច្រកព្រំដែនថៃបិទមិនឲ្យនាំចូលផ្លែតាង៉ែនពីខ្មែរដោយទូលំទូលាយ ហើយសព្វថ្ងៃអាចនាំផ្លែតាង៉ែនចូលទៅស្រុកថៃដោយថ្ងៃខ្លះក៏នាំចូលបាន និង​ថ្ងៃខ្លះក៏ពិបាកអាស្រ័យលើស្ថានភាពជាក់ស្តែងនៅច្រកព្រំដែន។

គួររំលឹកផងដែរថា ទីផ្សារមៀន ប៉ៃលិនរបស់កម្ពុជាធ្លាប់បានជួបបញ្ហាដោយសារតែថែបានផ្អាកការនាំចូល ខណៈដែលប្រទេសនេះគឺជាជាទីផ្សារធំសម្រាប់ផ្លែមៀនប៉ៃលិនរបស់កម្ពុជា ស្របពេលដែលរដូវប្រមូលផលផ្លែមៀនប៉ៃលិនក៏បានចូលមកដល់។ មូលហេតុដែលប្រទេសថៃបិទការនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជា ដោយសារប្រទេសចិនដែលជាទីផ្សារធំនាំចេញផ្លែមៀនរបស់ថៃ បានហាមឃាត់ការនាំចូលមៀនពីប្រទេសថៃ បន្ទាប់ពីរកឃើញថាផ្លែមៀនដែលនាំចូលពីថៃមានសត្វល្អិតចង្រៃនៅលើផ្លែមៀន​។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។

ចំណែកឯកម្ពុជាវិញដើម្បីសម្រួលដល់កសិករខ្មែរនិងកាត់បន្ថយផលប៉ះពាល់ ក្រសួងកសិកម្មកម្ពុជាបានគិតគូរពិចារណាបង្វែទិសដៅនាំចេញផ្លែមៀនប៉ៃលិនពីថៃទៅប្រទេសវៀតណាមវិញ។ ប៉ុន្តែដោយវិធានការបង្វែទិសដៅនាំចេញនេះស្ថិតក្នុងដំណាក់ការរង់ចាំនៅឡើយ ក្រសួងកសិកម្មក៏បានអំពាវនាវដលពលរដ្ឋខ្មែរផ្សារទំនើបក្រុមហ៊ុនឬសិប្បកម្មកែច្នៃជួយទិញផ្លែមៀនខ្មែរតាមលទ្ធភាពរៀងៗខ្លួនផងដែរ។

ជាមួយ​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏​បានបង្កើតក្រុមការងារ​ចុះទិញ​ដល់​ចម្ការ​ដើម្បី​ដោះស្រាយ​ស្ថានភាពជោរជនន់ ដើម្បី​សម្រួលការ​លំបាក​របស់​ប្រជា​កសិករ៕