​បន្ថយ​ធ្វើ​ចត្តាឡីស័ក​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ វិនិយោគិន បុគ្គលិកជំនាញ​បច្ចេកទេស ធ្វើ​ដំណើរ​មក​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួល របបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំង ដូសមូលដ្ឋានបានពេញលេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទង​អ្នកដំណើរបរទេសដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ការ​អនុវត្តរបបចត្តាឡីស័កចំនួន ៣ ថ្ងៃ សម្រាប់​ការ​មក​ប្រទេស​កម្ពុជា។ យ៉ាងណាមិញ ក្នុង​សេចក្តីប្រកាស​របស់ក្រសួង​សុខាភិបាល​ ដើម្បី​ទទួលបានទិដ្ឋាការចូលមកកម្ពុជា អ្នកទាំងនោះដែលជា​វិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ ត្រូវមានការធានា ឬការអញ្ជើញពីដៃគូក្នុងស្រុក ដែលជានីតិបុគ្គលស្របច្បាប់ មានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវនៅកម្ពុជា។

យន្តការនៃការធានា និងការអញ្ជើញនេះ ត្រូវធ្វើលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) តាមរយៈគេហទំព័រ www.registrationservices.gov.kh ដោយ ភ្ជាប់នូវព័ត៌មាន ដូចខាងក្រោម៖

-ព័ត៌មានរបស់ក្រុមហ៊ុនជាអាទិ៍ ឈ្មោះក្រុមហ៊ុន លេខវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លេខគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬលេខអត្តសញ្ញាណកម្មសារពើពន្ធ រលេខទំនាក់ទំនង អាសយដ្ឋានអ៊ីម៉ែល

-ព័ត៌មានរបស់អ្នកធានា ឬអ្នកអញ្ជើញ ជាអាទិ៍ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទំនាក់ទំនងលេខលិខិតឆ្លងដែន ឬលេខអត្តសញ្ញាណប័ណ្ណ។

-ព័ត៌មានរបស់អ្នកដំណើរ ជាអាទិ៍ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទំនាក់ទំនងជាមួយអ្នកធានា លេខទំនាក់ទំនង លេខលិខិតឆ្លងដែន លេខបណ្ណការងារ (បើមាន) សញ្ជាតិ រយៈពេលស្នាក់នៅកម្ពុជា វត្ថុបំណងនៃការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងព័ត៌មាននៃការចាក់វ៉ាក់សាំង។ ក្នុងករណីមាន បណ្ណការងារ អ្នកស្នើសុំអាចបំពេញលេខសម្គាល់បណ្ណការងារ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកដំណើរ, នោះព័ត៌មានរបស់អ្នកដំណើរនោះនឹងបំពេញដោយស្វ័យប្រវត្តិលើពាក្យស្នើសុំ តាមរយៈការផ្លាស់ប្តូរ ទិន្នន័យលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។

ក្នុងរយៈពេលយ៉ាងយូរ ៣(ប៊ី)ថ្ងៃនៃថ្ងៃធ្វើការ អ្នកស្នើសុំនឹងទទួលបាននូវការឆ្លើយតបដូចខាងក្រោម៖

– ក្នុងករណីមិនឯកភាព អ្នកស្នើសុំនឹងទទួលបាននូវមូលហេតុជាក់លាក់មួយ ដែលអាចធ្វើការកែតម្រូវនិងធ្វើការស្នើសុំម្តងទៀត ។

– ក្នុងករណ៏ឯកភាព អ្នកស្នើសុំនឹងទទួលបានលិខិតបញ្ជាក់លើការធានា ឬលិខិតបញ្ជាក់លើការអញ្ជើញតាមការស្នើសុំ។

លិខិតបញ្ជាក់លើការធានា៖ ជាលិខិតដែលបញ្ជាក់ថា អ្នកស្នើសុំដែលជាអ្នកធានា គឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក និង/ឬ ការព្យាបាល ក្នុងករណីដែលអ្នកដំណើរមានការឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនិងស្នាក់នៅកម្ពុជា។

លិខិតបញ្ជាក់លើការអញ្ជើញ៖ ជាលិខិតដែលបញ្ជាក់ថា អ្នកដំណើរគឺជាអ្នកទទួលខុសត្រូវទាំងស្រុង លើចំណាយទាំងអស់ដោយខ្លួនឯង។

លិខិតបញ្ជាក់ទាំងពីរប្រភេទខាងលើ ដូចមានបង្ហាញគំរូមានសុពលភាព ៣០ ថ្ងៃ ដែលអាចប្រើប្រាស់បានតែ ១ដងគត់ និងមានទម្រង់ឌីជីថល ដែលអ្នកដំណើរអាចទាញយក និង បោះពុម្ពបានដោយខ្លួនឯង តាមគេហទំព័រខាងលើ។

>>>លក្ខខណ្ឌធ្វើដំណើរ

មុនពេលធ្វើដំណើរមកកម្ពុជា អ្នកដំណើរបរទេសត្រូវត្រៀមរៀបចំឱ្យរួចរាល់ ដើម្បីបំពេញលក្ខខណ្ឌ តម្រូវសំខាន់ៗ ដូចខាងក្រោម៖

-ត្រូវអនុវត្តវិធានការចត្តាឡីស័កចំនួន ៣ថ្ងៃ ក្នុងករណីបានចាក់វ៉ាក់សាំងពេញលេញ ឬ ១៤ថ្ងៃ ក្នុងករណីមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនទាន់ពេញលេញ

-ក្នុងករណីអ្នកដំណើរជាបុគ្គលិកក្រុមហ៊ុន អ្នកធានា ឬអ្នកអញ្ជើញត្រូវធ្វើការស្នើសុំបណ្ណការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈគេហទំព័រ https://www.fwcms.mlvt.gov.kh/ មុនការស្នើសុំលិខិតបញ្ជាក់លើការធានា ឬលិខិតបញ្ជាក់លើការអញ្ជើញ

-ក្នុងករណីត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរមកកម្ពុជា, អ្នកដំណើរត្រូវស្នើសុំទិដ្ឋាការដែលមានសុពលភាពស្របតាមនីតិវិធីនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ពីសំណាក់ស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុល កម្ពុជា។ ការស្នើសុំទិដ្ឋាការត្រូវធ្វើឡើងមុនចេញដំណើរមកកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា មិន ទាន់អនុញ្ញាតឱ្យមានទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) នៅឡើយ។ អ្នកដំណើរដែល កាន់លិខិតឆ្លងដែននៃប្រទេសដែលមិនតម្រូវឱ្យស្នើសុំទិដ្ឋាការ អាចធ្វើដំណើរមកកម្ពុជា ដោយមិន ចាំបាច់ស្នើសុំទិដ្ឋាការទេ

-លិខិតបញ្ជាក់លើការធានា ឬលិខិតបញ្ជាក់លើការអញ្ជើញ ត្រូវធ្វើឱ្យបានរួចរាល់ មុនចូលមកដល់កម្ពុជា

– វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវ៥-១៩ ក្នុងរយៈពេល ៧២ ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី

– បណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងពេញលេញ ប្រភេទវ៉ាក់សាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង

– ឯកសារកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័កនៅសណ្ឋាគារណាមួយ។ ក្នុងករណ៏ពុំមាន ត្រូវត្រៀមសាច់ប្រាក់ចំនួន ៦០០ ដុល្លារអាមេរិក ដើម្បីតម្កល់ នៅច្រកចូលកម្ពុជា សម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក្នុងអំឡុងពេល ធ្វើចត្តាឡីស័កនៅពេលមកដល់កម្ពុជា។

-បណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ (Covid-19 Health Insurance Policy) ដែលជាការធានារ៉ាប់រងរួមគ្នា (Insurance consortium) ដោយក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន នៅកម្ពុជា៖ ត្រូវទិញធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ពីក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលជាក្រុមហ៊ុនតំណាងឱ្យការធានារ៉ាប់រងរួមគ្នា តាមរយៈគេហទំព័រ https://www.forteinsurance, com/covid-19-insurance។

ពេលមកដល់ច្រកទ្វារចេញ-ចូលប្រទេសកម្ពុជា អ្នកដំណើរបរទេស ត្រូវបង្ហាញគ្រប់ឯកសារ ដែលរៀបរាប់ ខាងលើ។ អាជ្ញាធរមានសមត្ថកិច្ច នឹងស្តែន QR Code លើលិខិតបញ្ជាក់លើការធានា ឬលិខិតបញ្ជាក់លើការ អញ្ជើញរបស់អ្នកដំណើរ ដើម្បីធានាភាពពិតប្រាកដនៃឯកសារនេះ។

>>ការអនុវត្តវិធានសុខាភិបាល នៅពេលមកដល់កម្ពុជា

ករណ៏ទូទៅ៖ បន្ទាប់ពីបានបំពេញគ្រប់លក្ខខណ្ឌក្នុងចំណុច ៤.២ ខាងលើ អ្នកដំណើរនឹងត្រូវបានពិនិត្យ សុខភាព និងយកសំណាកដោយមន្ត្រីសុខាភិបាល មុននឹងត្រូវបញ្ជូនទៅសណ្ឋាគារ ឬទីតាំងដែលកំណត់ ដោយក្រសួងសុខាភិបាល ដើម្បីធ្វើចត្តាឡីស័ក។ ក្រោយពេលទៅដល់ទីតាំងចត្តាឡីស័កនៅសណ្ឋាគារ ឬទីតាំង ដែលកំណត់ដោយក្រសួងសុខាភិបាល អ្នកដំណើរនឹងត្រូវរង់ចាំលទ្ធផលតេស្ត។

– ក្នុងករណីលទ្ធផលតេស្តម៉ាស៊ីន PCR បញ្ជាក់ថា វិជ្ជមានកូវីដ-១៩ អ្នកដំណើរនឹងត្រូវបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាល

– ក្នុងករណីលទ្ធផលតេស្តម៉ាស៊ីន PCR បញ្ជាក់ថា អវិជ្ជមានកូវ៥-១៩ អ្នកដំណើរនឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក នៅថ្ងៃទី៣។

ករណីពិសេស៖ ក្នុងករណីចាំបាច់ដែលអ្នកដំណើរខាងលើមិនអាចធ្វើចត្តាឡីស័កពេញលេញ អ្នកធានា ឬអ្នកអញ្ជើញ ត្រូវដាក់លិខិតស្នើសុំទៅអនុគណៈកម្មការទី២ ជាមុន ដើម្បីស្នើសុំគោលការណ៍ពិសេស សម្រាប់ការធ្វើចត្តាឡីស័ករយៈពេលខ្លី។ អ្នកធានា ឬអ្នកអញ្ជើញ ត្រូវបង្ហាញពីហេតុផល និងភាពចាំបាច់នៃ ការធ្វើចត្តាឡីស័ករយៈពេលខ្លី រួមទាំងកម្មវិធីលម្អិតនៃការធ្វើដំណើរមកកម្ពុជា។ ក្រោយពីពិនិត្យលើការស្នើសុំ អនុគណៈកម្មការទី២ អាចបដិសេធដោយភ្ជាប់នូវហេតុផល ឬឯកភាពអនុញ្ញាតដោយភ្ជាប់នូវលក្ខខណ្ឌ និង វិធានសុខាភិបាលពិសេស សម្រាប់អ្នកដំណើរ និងអ្នកធានាអនុវត្តដោយការទទួលខុសត្រូវខ្ពស់ចំពោះមុខ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន៕