មុនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ លោកស្រី ជ្រឹង បុទុមរង្សី បង្ហើបសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកទី២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ខណៈកិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ក្នុងនោះមានដូចជា សំលៀកបំពាក់ និងវាយនភណ្ឌ ឧបករណ៍អេឡិចត្រូនិកជាពិសេសផលិតផលកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាជាមួយ សភាពាណិជ្ជកម្មកូរ៉េ កាលពីថ្ងៃទី១៤ តុលា លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ច លក្ខខ័ណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ក្រោយពេលដែលកម្ពុជា និងកូរ៉េចុះកិច្ចសន្យាពាណិជ្ជកម្មសេរី នាថ្ងៃទី២៦ ខែតុលាខាងមុខនេះ។

គួររម្លឹកជូនឡើងវិញថា ត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានប្រមាណជាង ៥១៤លានដុល្លារ កើនឡើង១១.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

សម្រាប់ កម្ពុជាបាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង ១២៩លានដុល្លារ ដោយនាំចេញទំនិញសំខាន់ៗ មានដូចជា សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង ។

ដោយឡែក សម្រាប់ការនាំចូលពីកូរ៉េវិញ មានទំហំទឹកប្រាក់ជាង ៣៨៥ លានដុល្លារ ខណៈទំនិញដែលកម្ពុជានាំចូលពីប្រទេសកូរ៉េច្រើនបំផុតមានដូចជា ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម៕