លោក​ជំទាវ​ ឱ វណ្ណឌីន៖ ការបើកអាជីវកម្ម និងសង្គមឡើងវិញ តម្រូវឲ្យមានការគ្រប់គ្រងប្រុងប្រយ័ត្នខ្ពស់

សង្គម​និង​សេដ្ឋកិច្ច

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល នៅថ្ងៃរសៀលនេះ បានអះអាងថា ការបើកអាជីវកម្ម និងសង្គមឡើងវិញ តម្រូវឲ្យមានការគ្រប់គ្រងប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំឲ្យបានល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអះអាងរបស់លោកជំទាវធ្វើឡើង ក្រោយរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួល របបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំង ដូសមូលដ្ឋានបានពេញលេញ។

បើតាមការសម្រេច  ក្រៅពីអ្នកវិនិយោគិន មន្ត្រីរាជការ និងមន្ត្រីបរទេស ក៏តម្រូវឱ្យធ្វើចត្តាឡីស័ក ត្រឹម ៣ថ្ងៃ។ ដោយឡែក ពលរដ្ឋខ្មែរ និងជនបរទេសទូទៅ ដែលធ្វើដំណើរមកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក ៧ថ្ងៃ ខណៈដែលអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងអ្នកចាក់មិនទាន់គ្រប់ដូស ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដូចគ្នា។

លោកជំទាវវេជ្ជបណ្ឌិត បញ្ជាក់ថា បុគ្គល ម្ចាស់អាជីវកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវបានលើកទឹកចិត្ត ក្នុងការចាប់ផ្តើមរៀបចំឱ្យបានត្រឹមត្រូវជាមួយនឹងការថ្លឹងថ្លែងតុល្យភាពនៃហានិភ័យ និងត្រូវបន្តអនុវត្តវិធានការការពារជាចាំបាច់ដើម្បីធានាបាននូវការបើកដំណើរការដែលប្រកបដោយសុវត្ថិភាព ឆ្ពោះទៅរកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។

ទិន្ន័យក្រសួងសុខាភិបាល បានបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៤៥%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៩៨,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕