ដឹងកាន់តែច្បាស់ មូលហេតុធនាគារជាតិសម្រេចបោះពុម្ភក្រដាសប្រាក់ ៣០០០០រៀល គំរូថ្មី

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។ នេះបើតាមការបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះ គឺជាលក្ខណៈសំគាល់ភិនភាគ និងលក្ខណៈពិសេសនៃក្រកាសប្រាក់ ៣០០០០ រៀល ដែលប្រកាសចរាចរទូទាំងប្រទេសនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

ក- លក្ខណៈទូទៅ ៖

• ទំហំធនប័ត្រ : បណ្តោយ ១៧០ មម ទទឹង ៧៥ មម
• ពណ៌ចម្បងគឺពណ៌បៃតង ពណ៌ត្នោត និងពណ៌ស្វាយ

ខ- ផ្ទៃខាងមុខ ៖

– ផ្ទៃកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណី ក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរ “បីម៉ឺនរៀល” នៅខាងក្រោម ។ ខាងឆ្វេងមានលេខ “៣០០០០” នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់ នាគក្បាល៥ នៅវិមានឯករាជ្យរាជធានីភ្នំពេញ និងមានបង្អួចថ្លារាងចតុកោណស្មើ​បញ្ឈរ​កែង ដែលមានសមាសធាតុជាប៉ូលីមើរនៅអមក្បែរនោះ។

– ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខិតមកក្រោមលេខមាលាបោះពុម្ព ដោយទឹកខ្មៅពីរពណ៌ គឺតួមាលានិងលេខ “30” បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនិងលេខ ៦ ខ្ទង់ ទៀតបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ នៅពីក្រោមនោះមានលេខ “៣០០០០” និង “30000” និងមាន អក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោម។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ “30000”។

– ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារ​នៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “30000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០មម កាត់ទទឹង ផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុង​ខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និង និមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ។

គ- ផ្ទៃខាងខ្នង ៖

– ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការយាងនិវត្តន៍មកកាន់មាតុភូមិវិញរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងមានអក្សរ “ បីម៉ឺនរៀល * នៅពីក្រោម និងអក្សរ · L Anniesame des Aando de Paris an 6 Cambodge (1991 – 2001) នៅគែមក្រដាសប្រាក់។

• ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើង នូវរូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វែល នៅទីក្រុងប៉ារីស រូបសន្និសីទនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមានបង្អួចថ្លា រាងចតុកោណស្មើបញ្ឈរ​កែងមានសមាសភាពជាប៉ូលីមើរ នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាពទំហំ ៤មម នៅផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាំមានលេខ “30000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ។

– ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខាងក្រោមមានចារឹកអក្សរ អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១ – ២០២១) ខិតមកក្រោម មានអក្សរ BANQUE NATIONALE DU CAMBODGE ព្រមទាំងលេខ “2021” និងលេខ “៣០០០០” នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញលេខ “30000”។

ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀល ត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ៕