៦ថ្ងៃក្រោយចូលកាន់ដំណែង លោក ម៉ៅ ធនិន បើកសមាជដោះស្រាយបញ្ហាប្រឈម តាមការស្នើសុំរបស់ពលរដ្ឋ

សង្គម​និង​សេដ្ឋកិច្ច

ប្រាំមួយថ្ងៃក្រោយឡើងកាន់ដំណែងជាអភិបាលខេត្តកំពតភ្លាម លោក ម៉ៅ ធនិន ចាប់ផ្តើមបើកយុទ្ធនាការធ្វើសមាជជួបជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្តកំព​ត បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលានេះ លោក ម៉ៅ ធនិន បានជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត។

សូមជម្រាបថានេះជាលើកទីមួយហើយ ក្រោយលោកចូលកាន់ដំណែងបានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពីលោកត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

គួររម្លឹកជូនឡើងវិញដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងពេលជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពត ក៏មានជំនឿជឿជាក់យ៉ាងមុតមាំថា លោក ម៉ៅ ធនិន អភិបាលខេត្តថ្មីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍របស់ខ្លួនបន្តដឹកនាំ សម្របសម្រួល គ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍខេត្តកំពតឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

សម្តេចក្រឡាហោម បញ្ជាក់ថា ក្នុងស្មារតីនេះ សូមស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពត ផ្តល់ការគាំទ្រដល់ លោក ម៉ៅ ធនិន ដើម្បីលោកមានលទ្ធភាពច្រើនថែមទៀតក្នុងការបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តកំពតឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត៕