ផែនការមេនេះ កម្ពុជានឹងអាចលើកស្ទួយវិស័យទេសចរណ៍ និងស្តារការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ក្រោយកូវីដ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធ ខែតុលា ម្សិលមិញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ក្នុងគោលបំណងជាយុទ្ធសាស្រ្តចំនួន៣ ដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺទី១ ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ទី២ ទេសចរណ៍វៃឆ្លាត និងទី៣ ទេសចរណ៍ដែលមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានវប្បធម៌និងបរិស្ថានធម្មជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ផែនការមេនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍខេត្តសៀមរាបទាំងមូល។

លោក អូន ព័ន្ធមុនុរ័ត្ន បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រនិងផែនការគន្លឹះទាំងនេះ កម្ពុជានឹងអាចស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាបនេះផ្ទាល់តែម្តង ព្រមទាំងអាចចាប់យកកាលានុវត្តភាពពីវិបត្តិនេះ ដើម្បីដាក់ចេញនូវការកែទម្រង់ស៊ីជម្រៅ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព, សុវត្ថិភាព និងចីរភាព ដែលនឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ សូមចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចជោគជ័យ សំដៅចូលរួមស្តារអនាគតនៃវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»៕